អានតួអត្ថបទ
អ៊ុយក្រែន

សហភាព​អឺរ៉ុប​ផ្តល់​៥០០លាន​អឺរ៉ូ​ ដល់​អ៊ុយក្រែន​ ប្រឈមនឹង​ការ​កាត់ផ្តាច់​ឧស្ម័ន​របស់​រុស្ស៊ី​

នៅថ្ងៃ​អង្គារ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ថា សហភាពអឺរ៉ុបបាន​ផ្តល់​ប្រាក់​៥០០លាន​​អឺរ៉ូ ​ជួយ​​​​អ៊ុយក្រែន ប្រឈម​នឹង​ការ​កាត់ផ្តាច់​​​​ឧស្ម័ន​របស់​រុស្ស៊ី​។ អ៊ុយក្រែន​​អាច​យក​ប្រាក់ជំនួយ​នេះ ទៅ​ទិញ​ឧស្ម័ន​ពី​​ក្រុមហ៊ុន​អឺរ៉ុប​បាន ដើម្បី​ដោះស្រាយ​តំរូវ​ការ​ឧស្ម័ន​ក្នុង​ស្រុក។ ​​​ដោយឡែក​ នៅ​ថ្ងៃ​អង្គារ​នេះ ​មានការផ្ទុះ​មួយ​បានកើតឡើង ​នៅ​​បំពង់​បង្ហូរ​ឧស្ម័ន​ដែល​ផ្គត់ផ្គង់​​​​ទៅ​អឺរ៉ុប។

បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​តំបន់​Izmail នៅ​អ៊ុយក្រែន
បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​តំបន់​Izmail នៅ​អ៊ុយក្រែន (Photo : Sergei Supinsky/AFP)
ផ្សាយពាណិជ្ជកម្ម

យោងតាម​គណៈកម្មការ​អឺរ៉ុប ប្រាក់​៥០០រយលាន​អឺរ៉ូ ​​ដែល​​សហភាពអឺរ៉ុប​ជួយ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​នោះ ​អ៊ុយក្រែន​អាច​យក​ទៅ​ប្រើ​ដោះស្រាយ​​បញ្ហា​​ហិរញ្ញវត្ថុ​ជាតិ។ ហើយ​​អ៊ុយក្រែន​ក៏​អាច​យក​វា ទៅ​ទិញ​ឧស្ម័ន​ពី​ក្រុមហ៊ុនឧស្ម័ន​​​អឺរ៉ុប​នានា​​ផងដែរ ដើម្បីដោះស្រាយ​តំរូវការ​ឧស្ម័ន​ក្នុង​ស្រុក។

​កាលពី​ថ្ងៃ​ចន្ទ ប្រធាន​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន​​បាន​ប្រកាស​ថា ​បាន​ទាក់ទង​​ក្រុមហ៊ុន​ឧស្ម័ន​អឺរ៉ុប​ជាច្រើន។ ក្រុមហ៊ុន​ទាំងនោះ​បាន​ត្រៀម​លក់​ឧស្ម័ន​អោយ​អ៊ុយក្រែន​ ក្នុង​​តម្លៃ​៣២០ដុល្លារ ១ពាន់​ម៉ែត្រគូប។ ​តម្លៃ​នេះទាប​ជាង​តម្លៃ​លក់​របស់​រុស្ស៊ី​ ដែល​បាន​កើន​ដល់​៣៨៥ដុល្លារ សម្រាប់​ឧស្ម័ន​១ពាន់​ម៉ែត្រ​គូប។ លើស​ពី​នេះ អ៊ុយក្រែន​ក៏​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ឧស្ម័ន​អាល្លឺម៉ង់ និង​បារាំង​រួចហើយ​ដែរ។

គួរ​រំលឹក​ថា ​រុស្ស៊ីបាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​អ៊ុយក្រែន​ ចាប់​ពី​ថ្ងៃ​ចន្ទ​មក ដោយសារ​​តែ​អ៊ុយក្រែន​​មិន​បាន​សង​បំណុល​ឧស្ម័ន​ ​​​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ខែ​មេសា ឧសភា ឆ្នាំ​នេះ។ ក្នុងពេល​២-៣ខែ​ដំបូង​នេះ អ៊ុយក្រែន​នៅមាន​ឧស្ម័ន​បំរុង​ក្រោម​ដី​ខ្លះ និង​មាន​ជំនួយ​ពីអឺរ៉ុប​ខ្លះ​ដែរ។ ហើយ​រដូវ​ក្តៅ​​នេះ​ ​អ៊ុយក្រែន​ក៏​មិនត្រូវការ​​ប្រើប្រាស់​ឧស្ម័ន​ច្រើន​ដែរ។ ​សហភាព​អឺរ៉ុប​ចង់​អោយ​​​បរិមាណ​​ឧស្ម័ន​​បំរុង​របស់​អ៊ុយក្រែន​ ដំឡើង​​​​បាន​ពី​១៣ពាន់​៥រយ​លាន​ម៉ែត្រគូប ​ដល់២០ពាន់​លាន​ម៉ែត្រគូប​ នៅមុន​​ចុង​រដូវក្តៅឆ្នាំ​នេះ។

ទោះ​យ៉ាង​នេះ​ក្តី​ យោងតាម​ស្ថានភាព​​ជាក់ស្តែង​ ​​ការ​ទិញឧស្ម័ន​ពី​អឺរ៉ុប​ក៏​នៅតែ​មិនអាច​បំពេញ​តំរូវការ​​ក្នុង​ស្រុក​សម្រាប់​អ៊ុយក្រែន​​ដែរ ព្រោះ​ថា ក្នុង​ឆ្នាំ ២០១៣ កន្លងទៅ ​អ៊ុយក្រែន​បាន​​ប្រើ​ឧស្ម័ន​​អស់​៥០ពាន់​លាន​ម៉ែត្រ​គូប ​ក្នុង​នោះ​ឧស្ម័ន​​​៣០ពាន់លាន​ម៉ែត្រ​គូប ​​​ទិញ​ពី​រុស្ស៊ី ​ហើយ​២០ពាន់​ម៉ែត្រ​គូបទៀត​នោះ​ ​ជា​ឧស្ម័នមាន​​ក្នុង​ស្រុក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ