អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណើរទស្សនកិច្ច​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើង​នៅ​កូរ៉េ​ខាង​ត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្រ្តី​ជាន់ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​ចំនួន ៣រូប បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​​បាន​ជួប​ជជែក​ជាមួយ​នឹង​មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​សៅរ៍​នេះ។ នៅ​ក្នុង​ជំនួប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ កូរ៉េ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បើក​ឲ្យ​មាន​ជំនួប​ផ្លូវការ​ថ្នាក់​មន្រ្តី​ជាន់ខ្ពស់​មួយ​ទៀត នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ។

មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អាស៊ី នៅ​កូរ៉េ​ខាង​ត្បូង ល្ងាច​ថ្ងៃ​សៅរ៍ ៤តុលា ២០១៤
មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អាស៊ី នៅ​កូរ៉េ​ខាង​ត្បូង ល្ងាច​ថ្ងៃ​សៅរ៍ ៤តុលា ២០១៤ REUTERS/Hwang Gwang-mo
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​កូរ៉េ​ខាងជើង​ទាំង៣​រូប ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​សៅរ៍​នេះ រួមមាន ​សេនា​ប្រមុខរង​នៃ​កងទ័ព​កូរ៉េ​ខាង​ជើង ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​មាន​អំណាច​ខ្ពស់​លំដាប់ទីពីរ បន្ទាប់​ពី​លោក​គីម ជុងអ៊ុន ចំណែក​ឯ​​ ២រូប​ទៀត គឺសុទ្ធ​​ជា​មន្រ្តី​ដែល​មាន​អំណាច​នៅ​ក្នុង​បក្សកុម្មុយនិស្ត​កូរ៉េ​ខាងជើង។

ជាផ្លូវការ មន្រ្តី​កូរ៉េ​ខាងជើង​ទាំង៣​រូបនេះ ធ្វើ​ដំណើរទៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​​ចូលរួម​ពិធី​បិទ​ការ​ប្រកួត​កីឡា​អាស៊ី នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ក៏ប៉ុន្តែ គ្រាន់តែ​ទៅដល់​កូរ៉េ​ខាង​ត្បូង​ភ្លាម ពួកគេ​បាន​​នាំគ្នា​ចូល​ទៅ​ជួប​មន្រ្តី​ជាន់ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង គឺ​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​បង្រួបបង្រួម​កូរ៉េ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកស្រី​ប្រធានាធិបតី​ប៉ាក់​ គុនហេ។

​មន្រ្តី​កូរ៉េ​ខាងជើង​​បាន​បញ្ជាក់​​​ថា ដំណើរ​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់​ពួកគេ​នៅ​ពេលនេះ​មិនមែន​គ្រាន់តែ​មក ដើម្បី​​ចូល​រួម​​​ពិធី​បិទ​ការប្រកួត​កីឡា​អាស៊ី​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺ​ចង់​ឆ្លៀត​ឱកាស​នេះ ដើម្បី​​ស្វះស្វែង​ធ្វើ​យ៉ាងណា​ឲ្យ​កូរ៉េ​ទាំងពីរ​អាច​​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញផ្សាយ នៅ​ក្រោយ​ជំនួប​ជាមួយ​មន្រ្តី​កូរ៉េ​ខាងជើង បាន​ឲ្យដឹង​ថា មន្រ្តី​កូរ៉េ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចាប់បើក​ឲ្យ​មាន​ឡើងវិញ នូវ​ជំនួប​ជា​ផ្លូវការ​ថ្នាក់​មន្រ្តី​ជាន់ខ្ពស់ រវាង​កូរ៉េ​ទាំងពីរ ហើយ​ថា ជំនួប​នេះ​អាច​នឹង​ត្រូវ​ធ្វើ​នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ។

គួរបញ្ជាក់ថា ​កូរ៉េ​ខាង​ត្បូង​តែងតែ​បាន​ស្នើសុំ​ដោយ​​​ទទូច​ប៉ុន្មាន​ខែ​មក​ហើយ ឲ្យ​បើក​ជំនួប​ផ្លូវការ​ថ្នាក់​មន្រ្តី​ជានខ្ពស់​​រវាង​កូរ៉េ​ទាំងពីរ ក៏ប៉ុន្តែ កូរ៉េ​ខាង​ជើង​​តែងតែ​បដិសេធ ដោយសារ​តែ​មាន​ការ​ខឹងសម្បារ​នឹង​ការណ៍​ដែល​កូរ៉េ​ខាង​ត្បូង​ចចេស​បើក​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​អាមេរិក។

ដំណើរទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​មន្រ្តី​កំពូល​កូរ៉េ​ខាងជើង​ ព្រមទាំង​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាង​ត្បូង នៅ​ពេលនេះ បាន​ធ្វើ​ឲ្យ​មាន​ឡើងវិញ​នូវ​ពន្លឺ​ខ្លះៗ​ នៅ​ក្នុង​ការ​បញ្ចប់​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ ដែល​កើតមាន​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ជំនួប​ជា​វិជ្ជមាន​ ដែល​កើតមាន​ឡើង នៅ​ក្នុង​ឱកាស​ពិធី​បិទ​ការ​ប្រកួត​កីឡា​អាស៊ី​​នេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យឃើញ​ថា វិស័យកីឡា​​ក៏​អាច​ជា​ស្ពាន​ខាងផ្នែក​ការទូត​មួយដែរ ​រវាង​បងប្អូន​គូសត្រូវ​ទាំងពីរ។ ក៏ប៉ុន្តែ គេ​ត្រូវ​រង់ចាំមើល​តទៅទៀត​ថា តើ​ស្ពាន​នេះ​អាច​នឹង​ចម្លង​ទំនាក់ទំនង​ការទូត​ រវាង​កូរ៉េ​​ទាំងពីរ​ដល់​ត្រឹម​ណា?
 
ជាទូទៅ​ គេឃើញ​ថា វិស័យកីឡា​តែងតែ​បាន​ដើរតួនាទី​ជា​ស្ពាន​​ភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាជន​កូរ៉េ​ទាំងពីរ ដោយ​​ក្នុង​ការ​ប្រកួត​​ម្តងៗ ទាំង​ក្នុង​ការ​ប្រកួតកីឡា​អាស៊ី​ឆ្នាំ២០១៤​​នេះ និង​ព្រឹត្តិការណ៍​កីឡាធំៗ​នៅពេលមុនៗ អ្នក​គាំទ្រ​ក្រុម​កីឡា​​ជម្រើសជាតិ​កូរ៉េ​ទាំងពីរតែងតែ​ជួយស្រែកហ៊ោរ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក។ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ​ខ្លះ​ទៀត ដូចជា ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិច​នៅ​ស៊ីដនី (អូស្រ្តាលី) ឆ្នាំ​២០០០ និង​នៅ​អាថែន (ក្រិក) ឆ្នាំ​២០០៤ គណៈប្រតិភូ​កីឡា​កូរ៉េ​ទាំងពីរ​បាន​​ដើរ​​ដង្ហែ​ក្បួន​រួមគ្នា​ជា​គណៈប្រតិភូ​តែមួយ ប្រើ​ឈ្មោះ​តែមួយ គឺ “កូរ៉េ” ដោយ​មិនមាន​បែងចែក​ខាងជើង-ខាងត្បូង ហើយ​ប្រើ​ទង់តែមួយ គឺ​ទង់​កូរ៉េ​រួម (ទង់​ផ្ទៃ​ពណ៌ ស រំលេច​ដោយ​ផែនទី​ឧបទ្វីបកូរ៉េ​ពណ៌ខៀវ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ