អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងជើង

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​ផ្តើម​ទស្សនកិច្ច​​រយៈ​ពេល​១១​ថ្ងៃ​នៅ​រុស្ស៊ី​

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី៣០ កញ្ញា ហើយ​នឹង​ពន្យារ​ទៅ​ដល់​ថ្ងៃទី១០ តុលា លោក​ប្រមុខ​ការទូត​កូរ៉េខាងជើង រី ស៊ុយ យ៉ុង នា​រសៀល​ថ្ងៃទី១ តុលា​ម្សិលមិញ​បាន​ធ្វើ​កិច្ចចរចា​នៅ​ម៉ូស្គូ​ជាមួយ​សមភាគី​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ហើយ​ជា​តុល្យាការ គូភាគី​បាន​ចុះហត្ថលេខា​លើ “ ផែនការ​នៃ​ការ​ផ្លាស់ប្តូរ​រវាង​ក្រសួង​ការបរទេស​ប្រទេស​ទាំង​ពីរសម្រាប់ឆ្នាំ​២០១៥-២០១៦។​សម្រាប់​ឆ្នាំ២០១៥-២០១៦”។ 

ប្រមុខការទូតរុស្ស៊ីស៊ែរហ្គៃ ឡាវ្រូវ( Sergueï Lavrov) នៅ Saint-Pétersbourg
ប្រមុខការទូតរុស្ស៊ីស៊ែរហ្គៃ ឡាវ្រូវ( Sergueï Lavrov) នៅ Saint-Pétersbourg REUTERS/Alexander Demianchuk
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​ទាំងពីរ​បាន​លើក​យក​ទៅ​ពិភាក្សា គឺ​បញ្ហា​ប្រកប​ដោយ​បច្ចុប្បន្នភាព​នៃ​សហ​ប្រតិបត្តិការ​​ឧភតោភាគី ជាពិសេស ផ្នែក​នយោបាយ និង​ផ្នែក​ពាណិជ្ជកម្ម-សេដ្ឋកិច្ច។ គូភាគី​បាន​ផ្លាស់ប្តូរ​មតិ​យ៉ាង​ល្អិតល្អន់​ជុំវិញ​ស្ថានការណ៍​នៅ​ឧបទ្វីបកូរ៉េ និង​នៅ​តំបន់​អាស៊ីឦសាន​ជាទូទៅ។

ដោយ​បើក​កិច្ចចរចា លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ​បាន​ថ្លែង​ទៅ​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង រី ស៊ុយ យ៉ុង​ថា ក្រុង​ម៉ូស្គូ​សូម​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ប្រសាសន៍​លោក​អគ្គ​មគ្គុទ្ទេសក៍ គីម ជុនអ៊ុន​អំពី​និរន្តរភាព​នៃ​បន្ទាត់​នយោបាយ​ប្រកាន់​យក​ដោយ​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ​ក្នុង​ទំនាក់ទំនង​ជាមួយ​សហព័ន្ធរុស្ស៊ី។

 
ប្រមុខ​ការទូតរុស្ស៊ី​បាន​សំដែង​សេចក្តីសង្ឃឹម​ថា ទស្សនកិច្ច​រយៈពេល​១១ថ្ងៃ នៅ​រុស្ស៊ី​របស់​លោក រី ស៊ុយ យ៉ុង មុខ​ជា​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ។ ប្រាកដ​ណាស់​ដែល​ក្នុង​ចំណោម​ប្រធានបទ​អន្តរជាតិ គូភាគី​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​កម្មវីធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ គូភាគី​ជឿជាក់​ថា បើ​បញ្ហា​នេះ​នៅ​តែ​មិន​ទាន់​ដោះស្រាយ​រួច គឺ​វា​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ស្ថិរភាព​នៅ​តំបន់​ជា​ទូទៅ។​

ដោយ​ចាត់​ទុក​ការ​ផ្លាស់ប្តូរ​មតិ​ជុំវិញ​សាច់រឿង​នេះ​ថា មាន​ប្រយោជន៍ ​បាន​ជា​គូភាគី​យល់​ថា វា​នឹង​ជួយ​ដល់​ការ​ស្វែង​រក​មាគ៌ា​សម្រាប់​ស្តារ​ឡើង​វិញ​នូវ​កិច្ចចរចា​៦ភាគី ជុំវិញ​បញ្ហា​នេះ។

គូភាគី​ក៏​បាន​ពិភាក្សា​អំពី​គម្រោង​ដ៏​ធំ ខាង​សាងសង់​ដោយ​រុស្ស៊ី​នៅ​កូរ៉េខាងជើង​នូវ​កំណាត់​ផ្លូវដែក​ប្រវែង៥៤គ.ម.ដែល​ភ្ជាប់​ក្រុងរុស្ស៊ី​ហាសាន​ទៅ​នឹង​ផែ​រ៉ាជីន កូរ៉េខាងជើង​ដើម្បី​ភ្ជាប់​ខ្សែ​ផ្លូវដែក​ដែល​កាត់​តំបន់​ស៊ីបេរី​ទាំង​មូល ទៅ​នឹង​ខ្សែ​ផ្លូវដែក​កាត់​ដែនដែន​ដីកូរ៉េខាងជើង និង​ខាង​ត្បូង​តែ​ម្តង។ ខាង​ពាណិជ្ជកម្ម គូភាគី​ដាក់ទិស​ដូចគ្នា​ថា បង្កើន​ក្នុង​អនាគត​ដ៏​ខ្លី​ឲ្យ​បាន​១០ដង ទំហំ​ផ្តោះប្តូរ​លើ​វិស័យ​នេះ​ដែល​បច្ចុប្បន្ន​មាន​ទឹកប្រាក់​តែប្រមាណ ១០០លានដុល្លារ ឲ្យ​ឡើង​លុះ​បាន​ដល់ ១.០០០លានដុល្លារ ទើប​សមស្រប​នឹង​សក្តានុពល​ដែល​ម្ខាងៗ​មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ