អានតួអត្ថបទ
កូរ៉េខាងជើង

ប្រមុខ​ការទូត​កូរ៉េ​ខាងជើង​ចោទ​​​អង្គការ​សហ​ប្រជាជាតិ​កុហក ​និង​​លម្អៀង

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​ បាន​ថ្លែង​រិះគន់ ចោទ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ បាន​កុហក​គេឯង ហើយ​ធ្វើការ​មាន​ភាព​លម្អៀង។ ប្រមុខ​ការទូត​កូរ៉េ​ខាងជើង បាន​ថ្លែង​ដូច​នេះ នៅ​ចំពោះ​មុខ​មហា​សន្និបាទ​ប្រចាំ​ឆ្នាំ​ របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​កំពុង​ប្រព្រឹត្តិ​ធ្វើឡើង​ នៅ​ក្រុង​ញូយ៉ក។ ក្រៅ​តែ​ពី​ចោទ​អង្គការ​សហ​ប្រជាជាតិ ប្រមុខ​ការទូត​កូរ៉េ​ខាងជើង បាន​ទាំង​និយាយ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ គឺ​កូរ៉េ​ខាងជើង​​ម្នាក់​គត់​ជាអ្នក​សម្រេច។

លោក ហ៊្រី ស៊ួយុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​​ខាងជើង ​ពេល​ថ្លែង​សន្ទរកថា​នៅ​មហា​សន្និបាទ​​អង្គការសហ​ប្រជាជាតិ ​ថ្ងៃ ២៧ កញ្ញា ២០១៤
លោក ហ៊្រី ស៊ួយុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​​ខាងជើង ​ពេល​ថ្លែង​សន្ទរកថា​នៅ​មហា​សន្និបាទ​​អង្គការសហ​ប្រជាជាតិ ​ថ្ងៃ ២៧ កញ្ញា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង លោក ហ្រ៊ី ស៊ូយុង បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ញូយ៉ក ដើម្បី​ចូលរួម​ក្នុង​មហា​សន្និបាទ​ ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ។ កាយវិការ​នេះ ត្រូវបាន​គេ​មើលឃើញ​ថា កូរ៉េ​ខាងជើង​ ហាក់​បន្ទន់​ឥរិយាបថ ត្រលប់​ទៅ​ជួបគេ​ជួបឯង ក្នុង​រង្វង់​គ្រូសារ​របស់​អង្គការ​សហ​ប្រជាជាតិ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង បាន​យកវេទិកា​នេះ​ ថ្លែង​រិះគន់​ដោយ​ចំហរ ក្នុង​សន្ទរកថា​របស់​គាត់ ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ជា​មេ​កុហក​បោកប្រាស់ ហើយ​រាល់​ការ​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​នេះ ធ្វើ​ឡើង​ដោយ​លម្អៀង គិត​តែ​ប្រយោជន៍​របស់​ប្រទេស​ធំៗ​តែ​ប៉ុណ្ណោះ។

 
លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង​បាន​ថ្លែងថា ក្រុមប្រឹក្សា​សន្តិសុខ​ធ្វើការ​លម្អៀង​ កាន់ជើង​តែ​អាមេរិក និង​អ៊ីស្រាអែល មិន​អើរពើរ​ទៅនឹង​ជន​រងគ្រោះ​ប៉ាឡេស្ទីន​ដែល​ស្លាប់​រាប់​ពាន់​នាក់។ មួយ​វិញ​ទៀត គាត់​ថា ការ​វាយ​ប្រហារ​នៅ​ស៊ីរី ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក គឺ​ជា​ទង្វើ​រំលោភ​បំពាន​ទាំងស្រុង​ ទៅ​លើ​អធិបតេយ្យភាព​របស់​ស៊ីរី ហើយ​ថា​ការ​សម្រេច​ចិត្ត​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ធ្វើឡើង​ ដោយ​ស្តាប់​បង្គាប់​របស់​អាមេរិក។ បន្ថែម​ពី​នេះ​ដែរ លោក ហ្រ៊ី ស៊ូយុង​បាន​រិះ​គន់ ក្រុមប្រឹក្សា​សន្តិសុខ​ ថា​មិន​បាន​ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់ នៅ​ពេល​ដែល​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក​ នាំគ្នា​ធ្វើ​សមយុទ្ធ​យោធា នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង ដែល​ជា​ការ​គម្រាមកំហែង​ដោយ​ស្រស់​ៗ ទៅ​លើ​សន្តិសុខ​របស់​កូរ៉េ​ខាងជើង។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានទាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រជុំ​បន្ទាន់ ប៉ុន្តែ​ក្រុមប្រឹក្សា​សន្តិសុខ​បែរ​ធ្វើ​ព្រងើយ។
 
ទាក់ទិន​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា វា​ជា​សិទ្ធិ​របស់​ប្រទេស​គេ​មួយៗ​ ជា​អ្នក​សម្រេច។ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ មិន​មែន​ជា​ស្តេច អាច​ទៅ​ហាម​ឃាត់​គេ មិន​ឲ្យ​ការពារ​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា ល្គឹកណា​អាមេរិក នៅ​តែ​បន្ត​ធ្វើ​នយោបាយ​ គម្រាមកំហែង​ដល់​សន្តិសុខ​របស់​កូរ៉េ​ខាងជើង ប្រទេស​លោក មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ការ​ការពារ​ខ្លួន​ដោយ​ប្រព័ន្ធ​នុយក្លេអ៊ែរ។
 

សូម​រំលឹក​ថា​កន្លង​មក អង្គការ​សហ​ប្រជាជាតិ បាន​ចេញ​សេចក្តី​សំរេច ជា​ច្រើន​លើក​ច្រើនសា ដើម្បី​បញ្ចុះ​បញ្ចូល​ ឲ្យ​កូរ៉េ​ខាងជើង​បោះបង់​ចោល​គម្រោង​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ដើម្បី​ធ្វើ​អាវុធ​នុយក្លេអ៊ែរ។ លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ថែម​ទាំង​បាន​ជួប​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​ដែរ​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​សម្រប​សម្រួល សុំឲ្យ​កូរ៉េ​ខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ហើយ​វិល​មក​រក​តុ​ចរចារ ដើម្បី​ឲ្យ​ឧបទ្វីប​កូរ៉េ បាន​រួចផុត​ពី​ការ​គម្រាម​កំហែង​នៃ​សង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ