អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​​បាន​ជា​កូរ៉េខាងជើង​ខំប្រឹង​ចង់​ចូល​ប្រកួត​នៅក្នុង​កីឡា​អាស៊ីហ្គេម នៅ​កូរ៉េខាងត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅឆ្នាំនេះ កូរ៉េខាងត្បូង​​ជា​ម្ចាស់ផ្ទះទទួល​រៀបចំ​ការប្រកួត​កីឡា​អាស៊ីហ្គេម​លើកទី ១៧ នៅ​ទីក្រុង​អ៊ីនឈិន (Incheon) ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​ទី ១៩ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៤​តុលា។ ប្រទេស​៤៥​​នឹង​ត្រូវ​ចូលរួម​ប្រកួត​ដើម្បីមេដាយ​ដែល​នៅក្នុង​នោះ​ក៏មាន​ប្រទេស​កូរ៉េខាងជើង​ដែរ។កូរ៉េខាងជើង​ដែល​ជា​បងប្អូន​សត្រូវ​របស់​កូរ៉េខាងត្បូងក៏​បាន​បញ្ជូន​កីឡាករ និង​គណប្រតិភូ​​ជាង​២៧០នាក់​របស់ខ្លួន​ទៅក្នុង​ការប្រកួត​កីឡា​អាស៊ីហ្គេម​លើកនេះដែរ។ តើ​អាស៊ីហ្គេម​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​កូរ៉េទាំងពីរ​ខិត​ចូលគ្នាដែរ​ឬ​ទេ?  

អ្នកស្ម័គ្រចិត្ត​កូរ៉េខាងត្បូង​កាន់​ទង់ជាតិ​កូរ៉េខាងជើង​បង្ហាញ​ក្រុម​កីឡាករ​កូរ៉េខាងជើង នៅក្នុង​ការប្រកួត​កីឡាអាស៊ីហ្គេម នៅកូរ៉េខាងត្បូង
អ្នកស្ម័គ្រចិត្ត​កូរ៉េខាងត្បូង​កាន់​ទង់ជាតិ​កូរ៉េខាងជើង​បង្ហាញ​ក្រុម​កីឡាករ​កូរ៉េខាងជើង នៅក្នុង​ការប្រកួត​កីឡាអាស៊ីហ្គេម នៅកូរ៉េខាងត្បូង ©REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​ ការប្រឈមមុខ​ដាក់គ្នា​ខាង​អាវុធ​ត្រូវ​បាន​កូរ៉េខាងពីរ​ដាក់​នៅ​មួយ មួយ​កន្លែង ​ដោយ​ឡែក​សិន ដោយ​ងាក​មក​ផ្តោត​សំខាន់​តែ​ទៅលើ​កីឡា។ ១០​ឆ្នាំ​ក្រោយ កូរ៉េខាងជើង​ចូលរួម​ក្នុង​ការប្រកួត​កីឡា​អត្តពលកម្មនៅ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​ត្រលប់​មក​ដាក់ជើង ជាថ្មី​នៅលើ​ទឹកដីដែល​ជា​សត្រូវ​របស់ខ្លួន។ តាំងពី​សប្តាហ៍មុន កីឡាករ​កូរ៉េខាងជើង​ចំនួន​១៥០​នាក់​បាន​ទៅ​ដល់​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅក្នុង​វិញ្ញាសារ​ចំនួន​១៤ នៅក្នុង​ការប្រកួត​កីឡា​អាស៊ីហ្គេម

 
ទម្រាំតែ​អាចឲ្យ​កីឡាករ​កូរ៉េខាងជើង​បាន​ចូលរួម​ប្រកួត​នៅក្នុង​អាស៊ីហ្គេម​លើកនេះ ក្រុម​គណៈកម្មការ​អូឡាំពិក​របស់​ប្រទេស​ទាំងពីរ​បាន​ជជែក​ តវ៉ា​គ្នា​អស់​ពេល​រាប់ខែ។ កូរ៉េខាងជើង​ធ្លាប់​​បាន​ព្រមាន​ មិន​ចូលរួម​នៅក្នុង​អាស៊ីហ្គេមរៀបចំ​នៅ​កូរ៉េខាងត្បូង ដោយបាន​​ចោទ​មួយ​លើក ជាពីរលើក​ថា ទីក្រុង​សេអ៊ូល ​រើសអើង​ដោយ​បាន​ដាក់​លក្ខខណ្ឌ​ជាច្រើន​ដើម្បី​ជា​ឧបសគ្គ​​រារាំង​មិនឲ្យ​កូរ៉េខាងជើង​ចូលរួម​នៅក្នុង​កីឡា​អាស៊ី​ហ្គេម​បាន។ ទីក្រុង​ព្យុងយ៉ាង​ចោទផងដែរ​ទីក្រុង​សេអ៊ូល​ថា​បាន​​យក​បញ្ហា​នយោបាយ ជម្លោះ​រវាង​កូរ៉េទាំងពីរ​មក​លាយឡំ​​នៅក្នុង​ការចរចាដែល​និយាយ​តែ​ពី​កីឡា។ ទាក់ទង​នឹង​ការចូលរួម​របស់​កីឡាករ​កូរ៉េខាងជើង​នៅ​អាស៊ីហ្គេម​លើកនេះ ភាគី​ចរចា​ទាំងពីរ​មិន​ចុះ​សម្រុង​គ្នា​ទៅលើ​ចំនួន​មនុស្ស​ចូលរួម​របស់​កូរ៉េខាងជើង ដែល​គ្រោង​បញ្ជូន​មនុស្ស​ជាង​៧០០​នាក់ ដែល​នៅក្នុង​នោះ​មាន​ក្រុម​ស្រ្តី​អ្នករាំ​លើក​កម្លាំង​ចិត្ត​ជាង​៣០០​នាក់​។ កូរ៉េខាងត្បូង​ចង់​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ជាអ្នកទទួល​បន្ទុក​ចំណាយ​លើ​ក្រុមអ្នកចូលរួម​របស់ខ្លួន ដែល​បញ្ហា​នេះ​ត្រូវ​កូរ៉េខាងជើង​បដិសេធ។

កូរ៉េខាងជើង​ដែល​អាក់អន់ចិត្តនឹង​កូរ៉េខាងត្បូង បាន​ព្រមាន​ថា កូរ៉េខាងត្បូង​គួរ​ឆ្លៀត​ឱកាស​យក​ការប្រកួត​អាស៊ីហ្គេម​លើកនេះ ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​ងាក​មក​និយាយ​ពី​ការបង្រួបបង្រួម​កូរ៉េទាំងពីរ​។ បើតាម​កូរ៉េខាងជើង ក្រុមស្រ្តីរាំ​លើក​កម្លាំងចិត្តកូរ៉េខាងជើង​តំណាង​ឲ្យ​វប្បធម៌ និងការបង្រួបបង្រួម​ប្រជាជាតិ​ទាំងពីរ។ នៅក្នុង​ការប្រកួត​កីឡា​អត្តពលកម្ម រៀបចំ​ឆ្នាំ ២០០៥ នៅ​កូរ៉េខាងត្បូង ក្រុមស្រ្តីរាំ​កូរ៉េខាងជើង​បាន​ទទួល​ការកោតសរសើរ​ខ្លាំង​​ពី​អ្នកទស្សនាជនជាតិ​កូរ៉េខាងត្បូង ដែល​តាមពិត​ទៅ បាន​​ចែករំលែក​វប្បធម៌​តែមួយ​នឹង​កូរ៉េខាងជើង។ (នៅក្នុង​ក្រុមស្រ្តីអ្នករាំ​លើក​កម្លាំងចិត្ត​កីឡាករ​កូរ៉េខាងជើង ក៏មាន​កញ្ញា រី សូជុល ដែល​បច្ចុប្បន្ន​ជាភរិយា​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន)

នៅក្នុង​ការប្រកួតកីឡា​អាស៊ីហ្គេមលើកនេះ បើទោះបី​ជា​កូរ៉េខាងជើង​មិន​បាន​ទទួល​អ្វី​ច្រើន​ទៅតាម​ការទាមទារ​របស់ខ្លួន ប៉ុន្តែ កូរ៉េខាងជើង​នៅ​តែ​សុខចិត្ត​នៅទីបំផុត​បញ្ជូន​កីឡាករ​ទៅប្រកួត​នៅ​ក្នុង​ទឹកដីកូរ៉េខាងត្បូង គឺ​មិន​ង៉ក់ងរ​ដូចមុនទេ។ កាលពី​ឆ្នាំ ១៩៨៨ កូរ៉េខាងជើង​ធ្លាប់​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​នៅក្នុង​ការប្រកួតកីឡា​អូឡាំពិក​ដែល​មាន​កូរ៉េខាងត្បូង​ជា​ម្ចាស់ផ្ទះ។ ប៉ុន្តែ នៅ​ឆ្នាំ ២០០២​ ទីក្រុង​ព្យុងយ៉ាងបាន​ត្រលប់​មក​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ប្រកួត​នៅក្នុង​អាស៊ីហ្គេម ដែល​រៀបចំ​នៅ​ប៊ូសាន កូរ៉េខាងត្បូង។

ទាំងនេះ​បញ្ជាក់ថា បើទោះជា​កូរ៉េ​ខាងជើង​ខឹងស្អប់​កូរ៉េខាងត្បូង និងអាច​ផ្ទុះសង្រ្គាម​ដាក់​គ្នា​គ្រប់​ពេល​វេលា ដោយ​កូរ៉េខាងជើង​បាន​គំរាម មួយលើក ជាពីរលើក ​បាញ់គ្រាប់មីស៊ីល​កំទេច​កូរ៉េខាងត្បូង ប៉ុន្តែ នៅពេល​និយាយ​ពីកីឡា កូរ៉េជើង​បាន​បន្ទន់​ជំហរ​របស់ខ្លួន​បន្តិច​នៅ​ចំពោះ​មុខ​​កូរ៉េខាងត្បូង។ ​កូរ៉េខាងជើង​បានសំលឹង​ឃើញ​កីឡា​ជាយុទ្ធសាស្រ្ត​បន្ថែម​មួយ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ឡើងវិញ។

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រមុខដឹកនាំវ័យក្មេង​កូរ៉េខាងជើង​​ គីម ជុងអ៊ុន បាន​ផ្តោតសារៈ​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​កីឡា​នៅក្នុង​ប្រទេស។ នៅក្នុង​ទស្សនកិច្ច​ត្រួតពិនិត្យកន្លែង​ប្រកួត ​នៅកូរ៉េខាងត្បូង មន្រ្តី​ទទួល​បន្ទុក​កីឡា​កូរ៉េខាងជើងម្នាក់​បាន​អះអាង លោក​គីម ជុងអ៊ុន​បាន​ចំណាយ​ថវិកា​ជាច្រើន​ដើម្បីសាងសង់​ពហុកីឡាដ្ឋាន។ លោក​គីម ជុងអ៊ុន​ចង់​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ខ្លាំង​ពូកែ​ខាងកីឡា។ កូរ៉េខាងជើង​ដែល​ទទួល​ការដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ដោយសារ​ការល្មើស​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរជាច្រើនលើក ទំនងចង់​ឆ្លៀត​យកកីឡា មកទាមទារ​​ការទទួល​ស្គាល់ខ្លួន​ឡើងវិញ នៅ​លើ​ឆាក​អន្តរជាតិ​។

កូរ៉េខាងជើង​សំបូរ​ដោយ​កីឡាករ​ឆ្នើម មាន​សមត្ថភាព។ ជាក់ស្តែង ក្រុមកីឡាករ​កូរ៉េខាងជើង​ទើប​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​បាល់ទាត់​ចិន កាលពី​ថ្ងៃ​ចន្ទ ជាមួយ​ពិន្ទុ ៣ ទល់​នឹង​០។ ទោះ​សំបូរ​​កីឡាករ​ឆ្នើម​ពូកែ ប៉ុន្តែ កូរ៉េខាងជើង​មិន​ដែល​ធ្លាប់​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​កីឡា​អន្តរជាតិ ដូច​កូរ៉េខាងត្បូងទេ។

នៅកូរ៉េខាងត្បូង យុទ្ធសាស្រ្ត​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ហាក់​មិន​អាច​​ធ្វើ​ឡើង​តាមរយៈ​ការប្រកួត​​​កីឡា​អាស៊ីហ្គេម​។ កាលពី​ថ្ងៃ​អង្គារ​​ គណៈកម្មការ​​រៀបចំការប្រកួត​ បាន​ប្រកាស​ហាម​មិន​ឲ្យ​អ្នកចូល​ទស្សនា ឬអ្នកគាំទ្រ​ នាំ​យកទង់ជាតិ​កូរ៉េខាងជើង​ចូល​ក្នុង​ស្តាត។ អ្នក​ដែល​​ល្មើស​ នឹង​អាច​ប្រឈម​មុខ​នឹង​ការចាប់ឃាត់ខ្លួន ព្រោះថា នៅ​កូរ៉េខាងត្បូង ច្បាប់បាន​ហាម​គ្រប់​សកម្មភាព​ដែល​បង្ហាញពីការ​គាំទ្រ​ចូលចិត្ត​កូរ៉េខាងជើង។ នៅក្រៅ​របងស្តាត ទង់ជាតិ​​របស់​ប្រទេស​ចូលរួម​ទាំងអស់​ត្រូវ​គេ​ដក​ចេញ ដោយសារ​គេ​ខ្លាច​ក្រែង​មាន​សកម្មភាព​ហិង្សារបស់​ក្រុមប្រឆាំង​នឹង​ដងទង់ជាតិ​កូរ៉េខាងជើង។

គួ​កត់សំគាល់ថា កីឡា​Cricket​ដ៏ល្បីល្បាញ​ធ្លាប់​បាន​ទាក់ទាញ​ប្រមុខដឹកនាំ​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​នឹង​គ្នាឲ្យ​អង្គុយជិតគ្នា​ នៅលើវេទិកា។ ពេលខ្លះ Cricket ត្រូវ​គេ​ចាត់ទុក​ជា​កីឡា​ដែល​អាច​នាំ​សន្តិភាពឲ្យ​ប្រជាជន​ប៉ាគីស្ថាន និង​ឥណ្ឌាព្រោះថា ប្រជាជន​ទាំងពីរ​ស្រឡាញ់​ចូលចិត្ត​កីឡា​នេះ​ដូចគ្នា។ ប៉ុន្តែ ផ្ទុយពី​Cricket  កីឡាអាស៊ីហ្គេម​ទំនង​មិន​អាច​អូសទាញ​ឲ្យ​កូរ៉េទាំងពីរ​ខិត​ចូលគ្នា​បានទេ។ ឧទាហរណ៍​ក្នុង​អតីតកាល​បង្ហាញ​ហើយថា បើទោះបី​ជា​កូរ៉េខាងជើង​បាន​ចូលរួម​ប្រកួត​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ប៉ុន្តែ ប្រទេស​កុម្មុយនិស្ត​មួយនេះ​មិនរារែក​នឹង​ដំឡើង​សំឡេង ព្រមាន​បាញ់​គ្រាប់​មីស៊ីល​ដាក់​កូរ៉េខាងត្បូង ដែល​​​ធ្លាប់​ជាបងប្អូន​នឹង​ខ្លួននោះទេ៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ