អានតួអត្ថបទ
អាមេរិក

ស្ត្រីអាមេរិក​ដើម​កំណើត​​អ៊ីរ៉ង់​ជា​ស្ត្រី​ដំបូង​បំផុត​ ទទួល​មេដាយ​​Fields ផ្នែក​គណិត​វិទ្យា​​

ទីបំផុត ​មានស្ត្រី​​មាន​ចំណេះដឹង​ខ្ពស់ ​ទទួល​បាន​​ពានរង្វាន់​អន្តរជាតិ​ផ្នែក​គណិតវិទ្យាហើយ។ ស្ត្រី​អាមេរិក​ដើមកំណើត​អ៊ីរ៉ង់ ឈ្មោះ ​Maryam Mirzakhani ម៉ារីយ៉ាំ ​​មៀហ្សាខានី ​បាន​ជាប់ឈ្មោះ​​ទទួល​​​​​ពានរង្វាន់​អន្តរជាតិ​គណិតវិទ្យា ​​ដែល​យើង​​ហៅថា​ ​មេដាយ Fields នោះ។ នេះបើ​យោងតាម​ការប្រកាស​របស់​​សមាជ​អន្តរជាតិ​ផ្នែក​គណិតវិទ្យា​​​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ បុរស​៣រូបទៀតដែល​ទទួល​ មេដាយ​Fields​ផ្នែក​​គណិតវិទ្យា​នេះដែរ ​មាន​​លោក អាតៀ អាវីឡា Arthur Avila ពលរដ្ឋ​​​បារាំង​ដើម​កំណើត​​​ប្រេស៊ីល ​ជា​ប្រធាន​​មណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាតិ​បារាំង លោក​ម៉ាន់ជុល បាហ្កាវ៉ា Manjul Bhargava ជា​សាស្ត្រាចារ្យ​​​​អាមេរិក​ និងលោក ​ម៉ាទីន ហៃរែរ Martin Hairer ជា​អ្នក​ស្រាវជ្រាវ​​​ជនជាតិ​​អូទ្រីស ធ្វើការ​នៅ​​អង់គ្លេស។

Maryam Mirzakhani ជាស្ត្រីទី១​ដែលទទួល​មេដាយ Fields ជា​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​គណិតវិទ្យា។
Maryam Mirzakhani ជាស្ត្រីទី១​ដែលទទួល​មេដាយ Fields ជា​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​គណិតវិទ្យា។ Courtesy / Stanford University
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ម៉ារីយ៉ាំ មៀហ្សាខានី ​​អាយុ​៣៧ឆ្នាំ ជា​ស្ត្រី​ដំបូង​បំផុត​ ​ដែល​ទទួល​​​មេដាយ Fields ផ្នែក​គណិតវិទ្យា។ មេដាយ​​ Fields ត្រូវ​គេ​ប្រគល់​អោយ​​អ្នកពូកែ​គណិត​វិទ្យា​ រៀងរាល់​៤ឆ្នាំ​ម្តង។ មេដាយ​នេះ​ត្រូវ​គេចាត់ទុក​ដូច​​​ពានរង្វាន់​ណូបែល​ផ្នែក​គណិត​វិទ្យា​​​ដែរ។

លោកស្រី​ម៉ារីយ៉ាំ ​​ជា​​ពលរដ្ឋ​អាមេរិក​ ​​ដើមកំណើតកើតជា​នៅ​ក្រុង​តេហេរ៉ង់​ ប្រទេស​​អ៊ីរ៉ង់។ លោកស្រី​ជា​គ្រូបង្រៀន​នៅ​សកលវិទ្យាល័យ​ Stanford ក្នុង​រដ្ឋCalifornie។ ​ក្នុង​ឆ្នាំ​២០០៤ លោកស្រីបាន​​​​ទទួល​បរិញ្ញាប័ត្រ​បណ្ឌិត​ នៅ​សកលវិទ្យាល័យ​ ​Harward។ ក្នុង​ផ្នែក​គណិតវិទ្យា ​​លោកស្រី ម៉ារីយ៉ាំ ជា​អ្នក​ជំនាញ​​ខាង​​ទ្រង់ទ្រាយ​វត្ថុ​ផ្សេងៗ ជា​ទ្រង់ទ្រាយ​​ខុស​ពី​ធម្មតា។ លោកស្រី​បាន​រកឃើញ​​ ​វិធី​​​ថ្មីៗ​ដើម្បីវាស់​​ទំហំ​​វត្ថុ​​ ដែល​មាន​ផ្ទៃ​បត់បែន​​​​ឡើងចុះ ឧទាហរណ៍​​ដូច​ជា​កែបសេះ រឺ​កែបកង់​​​ជាដើម។ ​ ​

​ម៉ារីយ៉ាំ​​ ​​ក៏​ធ្លាប់​​ទទួល​ពានរង្វាន់​គណិតវិទ្យា​២ផ្សេងទៀត​ដែរ គឺ​ពាន​ Blumental ទទួលបាន​ ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ការវិវត្តន៍​ទៅមុខ​នៃ​ការស្រាវជ្រាវ​គណិតវិទ្យា ​​​ហើយ​ក្នុង​ឆ្នាំ​២០១៣ ទទួល​បាន​​​​​​ពានរង្វាន់​​​ ​អាមេរិក ​Satter​។ ​ការទទួលមេដាយ Fields​​ ឆ្នាំ​២០១៤ ​មិនត្រឹម​ជា​​មោទនភាព​សម្រាប់​អាមេរិក​ រឺ​​អ៊ីរ៉ង់ទេ​ តែ​​ជា​មោទនភាពសម្រាប់​ស្ត្រី​គ្រប់រូប​​ ព្រោះថា ជាទូទៅ ​ស្ត្រីមិនសូវ​ជា​​ពូកែ​ផ្នែក​​គណិតវិទ្យា​ដូច​បុរស​ទេ។ ​លោកស្រី​ម៉ារីយ៉ាំ​​​សង្ឃឹមថា ​ពានរង្វាន់​ដែល​លោកស្រី​ទទួលបាន​នេះ អាច​​លើក​ទឹកចិត្ត​ដល់ស្ត្រី​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​​និង​គណិតវិទ្យា​ផ្សេងទៀត ក្នុង​ការងារ​របស់​ពួកគេ​។
​​
អ្នក​​ទទួល​​​​មេដាយគណិតវិទ្យា​​​ Fields ម្នាក់ៗ ​ទទួលបាន​ទឹកប្រាក់​ប្រមាណ​១ម៉ឺន១ពាន់​អឺរ៉ូ។ ​​​គួរ​រំលឹក​ដែរ​ថា ​តាំង​ពី​ឆ្នាំ​១៩៣៦ មក ​រាល់​៤ឆ្នាំ​ម្តង ​មេដាយ​ ​​​ Fields​ ត្រូវបាន​​ប្រគល់​អោយ​​តែ​​អ្នកជំនាញ​គណិតវិទ្យា​​៤រូប​ប៉ុណ្ណោះ។ អ្នកទាំង​៤នេះ​ ​ត្រូវមាន​​អាយុ​ក្រោម​៤០ឆ្នាំ​។

​​មេដាយ​​​​ Fields ជា​ការ​ផ្តួចផ្តើម​​គំនិត​របស់​អ្នកគណិតវិទ្យា​​ជនជាតិ​កាណាដា ​ចន ឆាល Jonh Charles ក្នុង​ឆ្នាំ​១៩២៣។ លោក​ចន ស្លាប់​​ក្នុង​ឆ្នាំ​១៩៣២។ លោក​បាន​ប្រគល់​​​​ទ្រព្យ​សម្បត្តិ​លោក​​​​​​អោយ​ផ្នែក​វិទ្យាសាស្ត្រ​ ​​ដើម្បី​ជួយឧបត្ថម្ភ​​​ពានរង្វាន់​​​គណិតវិទ្យានេះ។ ​តាំងពី​ឆ្នាំ​​១៩៣៦​មក ​ក្នុងចំណោម​​អ្នកជាប់ឈ្មោះ​ទទួល​មេដាយ ​​​ Fields សរុប ​៥៥នាក់ ​ពលរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​បារាំង​​ទទួល​បាន​ពានរង្វាន់​ច្រើនជាងគេ។ ​​​ ពលរដ្ឋ​អាមេរិក​មាន​១៣នាក់ បារាំង​១២នាក់៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ