អានតួអត្ថបទ
បារាំង

ប្រមុខ​ការទូត​បារាំង នឹង​ទៅ​អ៊ីរ៉ាក់​ឆាប់ៗនេះ ដើម្បី​រក​មធ្យោបាយ​ចាត់ការ​ពួក​ឧទ្ទាមភេរវកម្ម​ជីហាត​

រដ្ឋមន្ត្រី​ការ​បរទេស​​បារាំងលោក ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian)  ​នឹងអញ្ជើញ​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ពេល​​ឆាប់ៗនេះ ដើម្បី​រក​មធ្យោបាយ និង​​វិធានការដោះស្រាយ​សំណុំ​រឿង​​ពួក​ឧទ្ទាមភេរវកម្ម​ជីហាត​។ ដំណឹង​នេះគឺលោកបានបញ្ជាក់​​ប្រាប់​សារព័ត៌មាន​នៅ​ក្នុង​ស្រុកបារាំង​​ ពីថ្ងៃពុធ​ ទី​១៦តុលា។ បើ​តាម​ប្រមុខ​ការទូត​បារាំងដដែល​, អ៊ីរ៉ាក់ ជាប្រទេស​ដែលកំពុង​តែត្រូវ​ការក្តីសាមគ្គីភាព​របស់​សហគមន៍​អន្តរជាតិ ហើយ​អ៊ីរ៉ាក់​ ជា​ប្រទេសមួយ​​ដែលមាន​សញ្ញាណ​អំពើ​ភេរវកម្មច្រើន​ ហើយ​ក៏​ជា​ប្រទេស​ដែល​​ត្រូវរងគ្រោះយ៉ាង​ដំណំដែរ​​​ពីសំណាក់​​​ពួក​ភេរវជន​ជីហាត​។ លោក ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ង់ ក៏​បាន​បញ្ជាក់ដែរថា ការ​រក​មធ្យោបាយ​ចាត់ការ​ពួក​ជីហាត​នេះ គឺត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញាធរអ៊ីរ៉ាក់​មាន​​ទំនុក​ចិត្ត​ថា សន្តិសុខ​និង​សុវត្ថិភាព របស់អ៊ីរ៉ាក់​ ត្រូវ​បា​នធានា​។ ក៏ប៉ុន្តែ ម​ជ្ឈដ្ឋាន​អ្ន​កវិភាគនយោបាយ​អន្តរជាតិ​និងអ្នក​កាសែត​នៅស្រុក​បារាំង គឺ​មើល​ឃើញដូចគ្នា​ ថាការណ៍​ដែល​ប្រមុខ​ការ​បរទេស​បារាំង​ ទៅអ៊ីរ៉ាក់​នោះ គឺ​អាច​នឹង​លើកឡើង​ពី​លទ្ធភាព​នៃការ​ផ្ទេរ​ភេរវ​ជនជីហាត ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្រោម​ដៃ​​ទាហាន​គួឌីស្ថាន ឱ្យ​ទៅ​ដាក់​ឃុំឃាំង​ និង​កាត់ទោស​នៅ​អ៊ីរ៉ាក់​តែម្តង។

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian នឹងអញ្ជើញធ្វើដំណើរទៅអ៊ីរ៉ាក់ ក្នុងពេលឆាប់ៗនេះ ដើម្បីរកមធ្យោបាយ និងវិធានការដោះស្រាយសំណុំរឿងពួកឧទ្ទាមភេរវកម្មជីហាត។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian នឹងអញ្ជើញធ្វើដំណើរទៅអ៊ីរ៉ាក់ ក្នុងពេលឆាប់ៗនេះ ដើម្បីរកមធ្យោបាយ និងវិធានការដោះស្រាយសំណុំរឿងពួកឧទ្ទាមភេរវកម្មជីហាត។ REUTERS/Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ង់ ៖

«ស្ថានភាព​នៅ​ស៊ីរី គឺ​កាន់តែ​ធ្ងន់ធ្ងរណាស់!  ពីព្រោះថា ការ​លេច​ត្រដែត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា រវាង​ការ​វាយប្រហារទៅលើកម្លាំងគួឌីស្ថាន​នៅ​ស៊ីរី​ពី​សំណាក់​តួកគី រួម​ជាមួយនិង​ការ​ដក​អាមេរិក​​ចេញពី​ស៊ីរី គឺ​បង្កឱ្យ​ទឹ​កដី​នេះ ត្រូវ​ទទួល​រង​​សោកនាកម្ម ដ៏​គួរ​ឱ្យ​សង្វេគ​ជាទីបំផុត​​។

ហើយ​នេះ ក៏​ការ​គំរាម​កំហែង​មក​ដល់​សន្តិសុខ​របស់​យើង​ គឺ​អឺរ៉ុប​និង​បារាំង​យើង​ផងដែរ។ ពីព្រោះថា ការ​វាយប្រហារ​របស់​តួកគី ហាក់​ដូច​ជា​មិន​បញ្ជាក់​​គោល​បំណង​ច្បាស់លាស់នោះទេ​! ហើយគេ (អាមេរិក) ​ក៏​បាន​ច្រាល​ចោល​ការគាំទ្រ​ទៅដល់​កង​កម្លាំង​គួឌីស្ថាន ព្រឹត្តិការណ៍​ទាំងអស់​​នេះ គឺ​ហាក់​ដូច​ជា​ការ​បើកច្រក​​ផ្លូវ​ឱ្យ​ពួក​ជីហាត​រួបរួម​គ្នាប្រមូល​កម្លាំង​ឡើង​​វិញ​ដូច្នេះដែរ។

គេ​គ្រប់គ្នា​ទំនង​ជាបាន​គិត​ថា ពួក​ឧទ្ទាមភេរវជន​ជីហាត​ ទទួល​​បរាជ័យ​បាត់ហើយ។ ទេ! ទេ ការ​ពិត​ គឺវា​មិន​អ៊ីចឹងឡើយ! តាមពិត ពួក​គេជីហាត កំពុង​សម្ងំយក​កម្លាំង​​តែប៉ុណ្ណោះ ហើយ​ពួក​គេ​ត្រៀម​ខ្លួន​ជាស្រេច​​ ដើម្បី​ងើប​ក្រោកឈរ​កាន់អាវុធ​ជាថ្មី ប្រសិន​បើ​សភាពការណ៍​​អំណោយ​ផល។ ​​នៅពេល​នេះ ​ឱកាស​ល្អ​សម្រាប់​ពួក​ គេ​មកដល់ហើយ!​ នោះគឺ​ការណ៍​ដែលទាហាន​​តួកគី​​វាយប្រហារទៅលើកម្លាំងគួឌីស្ថាននៅស៊ីរី​​  ហើយ​និង​ការ​ដក​ទ័ព​អាមេរិក​​ចេញពី​ស៊ីរីនេះឯង​។ ដូច្នះ​ហើយ ​បាន​ជាខ្ញុំ​យល់ថា សុវត្ថិភាពនិងសន្តិសុខ​របស់​ពួក​យើង​ត្រូវ​រងការគំរាម​កំហែង ហើយ​ស្ថានភាព​ក្នុង​តំបន់​នេះ គឺ​ដុនដាប​ខ្លាំង កាន់តែ​គួរ​ឱ្យ​បារម្ភ​ខ្លាំងណាស់​។»

នាពេល​កន្លងទៅ ប្រទេស​អឺរ៉ុប​ ចំនួន​៦ គឺ​បារាំង អាល្លឺម៉ង់ ប៊ែលស្ស៊ីក ហូឡង់ ដាណាម៉ាក់ និង​ស៊ុយអ៊ែត បា​នជជែកពិភាក្សា​គ្នាជាយូរ​មកហើយ​ ពី​លទ្ធភាព​នៃការ​បង្កើត​នីតិវិធី​កាត់​ទោស​ពួក​ភេរវជន​ជីហាត ​ នៅ​ក្នុង​ទឹក​ដី​អ៊ីរ៉ាក់។ វិធានការនេះ គឺដោយសារតែ​​ប្រទេស​អឺរ៉ុប​ទាំងនោះ ​មិន​ចង់​ទទួល​ពួក​ជីហាត​ ដែល​ដើមកំណើត​ឬ​សញ្ជាតិ​អឺរ៉ុប ឱ្យ​មកជាប់ឃុំ​នៅ​អឺរ៉ុប ឬ​នាំ​ពួក​គេ​ចូល​ទឹកដី​អឺរ៉ុប​នោះទេ។​

ភេវរជន​ជីហាត មាន​ផ្តុំ​នៅច្រើន​កន្លែង ដូច​ជានៅ​ព្រំដែនតួកគី ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់... ជាដើម។ សិត្ថិ​សព្វ​ថ្ងៃនេះ មាន​ភេរវជន​ជីហាត ប្រមាណ​ជា​១ម៉ឺន​២ពាន់​នាក់​ ដែល​ត្រូវ​ចាប់​ឃុំឃាំងដោយ​ទាហាន​គួឌីស្ថាន នៅ​ប្រទេស​ស៊ីរី​។ នៅពេល​ដែល​កងទ័ព​តួកឌី​បើក​ការ​វាយ​ប្រហារ​លើ​កងកម្លាំង​គួឌីស្ថាន​នៅ​ស៊ីរី គឺធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ព្រួយ​បារម្ភ​ជាពន់​ពេក​ គឺព្រួយ​ខ្លាំង​ខ្លាច​ក្រែង​ពួក​ជីហាត​រួច​ពីទ្រង់ ហើយ​រួម​កម្លាំង​គ្នា​ធ្វើ​សង្គ្រាម​ជីហាត និង​ដើរ​ធ្វើ​ភេរវកម្ម​នៅគ្រប់​ទិសទី​ជាបន្តទៀត។

នៅថ្ងៃព្រហស្បតិ៍ ទី​១៧តុលា សហរដ្ឋអាមេរិករបស់​លោក ដូណាល់ ត្រាំ​ បាន​បញ្ជូន​លោកអនុប្រធានាធិបតី​ Mike Pence ឱ្យ​ទៅ​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី Erdogan នៅ​តួកគី។ កាសែត​តួកគី និង​ខុទ្ទកាល័យ​ប្រធានាធិបតី​តួកគី​​ក៏បាន​បញ្ជាក់​ពី​ជំនួប​នៃឥស្សរជន​ដ៏​សំខាន់​នេះដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ