អានតួអត្ថបទ
អាមេរិក

ចូលដល់​ថ្ងៃ​ចុងក្រោយ​សភា​អាមេរិក​នៅតែ​មិនទាន់​ឯកភាពគ្នា​រឿង​ថវិកា​ជាតិ

ថ្ងៃចន្ទ ៣១​ធ្នូ​នេះ គឺ​ជា​ថ្ងៃ​ចុងក្រោយ ដែល​សភា​អាមេរិក​ត្រូវ​រក​កិច្ចព្រមព្រៀង ដើម្បី​បញ្ចៀស​វិបត្តិ​ថវិកាជាតិ។ ក៏ប៉ុន្តែ នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​​ត្រូវ​ផុតកំណត់ គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ នៅ​តែ​មាន​បញ្ហា​ខ្វែងគំនិត​គ្នា​យ៉ាង​ច្រើន​នៅឡើយ។ ការចរចា​ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រូវ​ទទួល​បរាជ័យ ហើយ​មេដឹកនាំ​គណបក្ស​ទាំងពីរ​​បាន​ព្យាយាម​ទម្លាក់​កំហុស​ដាក់គ្នា​ទៅវិញ​ទៅមក អំពី​បរាជ័យ​នេះ។

វិមាន​សភា​អាមេរិក (កាពីតូល)
វិមាន​សភា​អាមេរិក (កាពីតូល) DR
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អូបាម៉ា ព្រមទាំង​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ នៅ​ក្នុង​សភា​ ត្រូវ​ព្រមព្រៀង​គ្នា ហើយ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឲ្យ​បាន​មុន​ម៉ោង​១២អធ្រាត ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅ​អាមេរិក (ត្រូវ​នឹង​ម៉ោង ១២ថ្ងៃ​ត្រង់ ថ្ងៃ​អង្គារ​ស្អែក នៅ​ក្នុង​ប្រទេស​កម្ពុជា)។ ប្រសិនបើ​មិនដូច្នោះទេ ថវិកាជាតិ​អាមេរិក ឆ្នាំ​២០១៣ ដែល​មាន​ទាំងការ​ដំឡើងពន្ធ និង​ការ​កាត់បន្ថយ​ការ​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ នឹង​ត្រូវ​ចូល​ជា​ធរមាន​ដោយ​ស្វ័យប្រវត្តិ។

សេដ្ឋកិច្ច​វិទូ​ជាច្រើន​បាន​​ព្រមាន​ថា ការ​ដំឡើង​ពន្ធ និង​ការ​កាត់បន្ថយ​ការ​ចំណាយ​ដោយ​ស្វ័យប្រវត្តិ​ ដែល​មាន​ទំហំ​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ប្រមាណ​ជាង ៥០០​ពាន់​លាន​ដុល្លារ​​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក។ ភាព​ចលាចល​ក៏​អាច​នឹង​កើតមាន​ឡើង​ផងដែរ នៅ​ក្នុង​ទីផ្សារ​មូលបត្រ​អាមេរិក។ និយាយជារួម ប្រសិនបើ​ថ្នាក់ដឹកនាំ​អាមេរិក​មិន​អាច​បញ្ចៀស​វិបត្តិ​ថវិកា ដែល​គេ​ឲ្យឈ្មោះ​ថា "Fiscal Cliff" ​នេះ​បានទេ ​សេដ្ឋកិច្ច​អាមេរិក​អាច​នឹង​ត្រូវ​​ធ្លាក់​ក្នុង​​ជ្រោះ​នៃ​វិបត្តិ។

ដើម្បី​អនុម័ត​ច្បាប់ ​បញ្ចៀស​វិបត្តិ​ថវិកា​នេះបាន គឺ​ត្រូវ​ឆ្លងកាត់​​ទីមួយ ព្រឹទ្ធសភា ដែល​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន បន្ទាប់មក ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា ដែល​គណបក្ស​សាធារណរដ្ឋ​​មាន​សំឡេង​ភាគច្រើន ហើយ​ចុងក្រោយ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​លោក​អូបាម៉ា​​ជា​ប្រធានាធិបតី​ជា​អ្នក​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ។ ដូច្នេះ ដំណោះស្រាយ​វិបត្តិ​នេះ ទាមទារ​ចាំបាច់​​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ពី​ភាគី​ទាំង៣ គឺ​​លោក​អូបាម៉ា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។

សមាជិក​សភា​មក​ពី​គណបក្ស​ទាំងពីរ​គ្រោង​នឹង​ជួប​ចរចាគ្នា​សាជាថ្មី នៅ​ក្នុង​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ថ្ងៃ​ចុងក្រោយ។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​ហាក់ដូចជា​កាន់តែ​ថមថយ​ចុះទៅ ដោយសារ​តែ​គេ​ឃើញ​ថា ក្រោយ​ពី​​បរាជ័យ ក្នុង​ការចរចា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ លោក​អូបាម៉ា និង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ បាន​នាំគ្នា​ឆ្លើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញ​ទៅមក​រួចជា​ស្រេច​ទៅហើយ។

សូម្បី​តែ​ក្នុង​ចំណោម​សមាជិក​សភា​អាមេរិក​ខ្លួន​ឯង មាន​​ខ្លះ​ថែម​ទាំង​បាន​ព្យាករ​ទុកជាមុន​ទៅទៀត​ថា អាមេរិក​ទំនង​ជា​ចៀស​មិន​ផុត​ពី​វិបត្តិ​ថវិកា​ជាតិ​នេះ​ទេ។ បរាជ័យ​ក្នុង​ការ​បញ្ចៀសវិបត្តិ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ អំពី​អសមត្ថភាព​នៃ​អ្នក​នយោបាយ​អាមេរិក ក្នុង​សម្របសម្រួល​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ សភា​អាមេរិក​នីតិកាល​ទី១១២​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សភា​ដែល​ធ្វើ​ការ​ខ្វះ​ប្រសិទ្ធភាព​បំផុត មិន​ធ្លាប់​ឃើញ​មាន​ក្នុង​រយៈកាល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​ដូចដែល​សមាជិក​ព្រឹទ្ធសភា​ដ៏ល្បីល្បាញ​ម្នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី​ Barbara Mikulski បាន​លើកឡើង​ថា បញ្ហា​ជាប់គាំង​នៅពេលនេះ បាន​​ទាញ​មុខមាត់​សភា​អាមេរិក​ឲ្យ​ធ្លាក់ចុះ​ដល់​កម្រិត​ទាបបំផុត ដែល​លោក​ស្រី​មិន​ធ្លាប់​ជួប ក្នុង​អាជីព​ជា​សមាជិក​សភា​ ៣៥ឆ្នាំ​កន្លងទៅនេះ។ លោកស្រី​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា លោកស្រី​ធ្លាប់​បាន​ឆ្លងកាត់​​ ធ្លាប់​ឃើញ​អាមេរិក​ត្រូវ​ទទួលរង​នូវ​ភាព​ខ្ទេចខ្ទាំ ដូចជា ព្រឹត្តិការណ៍​ភេរវកម្ម ១១​កញ្ញា​ ជាដើម។ ប៉ុន្តែ នោះ​គឺ​ជា​ការ​វាយប្រហារ​ពី​សំណាក់​សត្រូវ​ពី​ខាងក្រៅ។ ចំណែក​ឯ​វិបត្តិ​ដែល​អាមេរិក​កំពុង​ជួប​នៅពេលនេះ គឺ​បង្ក​ឡើង​ដោយ​​អាមេរិក​ខ្លួនឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ