អានតួអត្ថបទ

អាកាសធាតុ​ក្តៅខ្លាំង​ពេក បារាំង​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ

ដូច​បណ្តា​ប្រទេសនៅ​អឺរ៉ុប​ផ្សេង​ទៀត ​បារាំង​កំពុងរង​អាកាសធាតុ​ក្តៅ​ខ្លាំង ខុស​ពី​ធម្មតា តាំង​ពី​​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ហើយ​ភាព​ក្តៅហួត​ហែង​ខ្លាំង​អាច​អូសបន្លាយ​ពេលយូរ​ទៀត។ ប្រឈម​នឹង​ស្ថានភាពក្តៅ​ប្លែក​នេះ អាជ្ញាធរ​បារាំង​បាន​សម្រេច​បិទ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ចំនួន បួន​កន្លែង។

មជ្ឈមណ្ឌល​នុុយក្លេអ៊ែរ​ Bugey ក្បែរក្រុង​ Lyon បិទ​ម៉ាស៊ីនប្រតិករ​ពីរ
មជ្ឈមណ្ឌល​នុុយក្លេអ៊ែរ​ Bugey ក្បែរក្រុង​ Lyon បិទ​ម៉ាស៊ីនប្រតិករ​ពីរ Reuters/Robert Pattra
ផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនប្រតិករ​មួយ​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fessenheim នៅ​ភាគ​ខាង​កើត​ប្រទេស ម៉ាស៊ីនប្រតិករ​ពីរ ​នៅ Bugey ​ក្បែរ​ទីក្រុង​លីយ៉ុង និងមួយ​ទៀត នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស ... ជា​សរុប​មាន​ម៉ាស៊ីន​​បួន ក្នុង​ចំណោម​ម៉ាស៊ីនប្រតិករ​នុយក្លែអ៊ែរ​ទាំង​៥៨​របស់​​បារាំង ត្រូវ​បាន​បិទ​មិន​ឱ្យ​ដើរ។

​ម៉ាស៊ីនប្រតិករ​មិន​ខ្លាច​ក្តៅ​ទេ ! ប៉ុន្តែ​មូលហេតុ​នៃ​ការ​បិទ គឺគេ​មិន​ចង់ឱ្យ​​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ មាន​ចំណែក​បង្កើន​កម្តៅ​អាកាសធាតុ​។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរភាគ​​ច្រើន​តែងមាន​ទីតាំង​នៅ​ជិតផ្លូវ​​ទឹក​ ជិត​ទន្លេ​ ដើម្បី​ងាយ​​បូម​​យក​ទឹក​នោះ​មក​ប្រើ​សម្រាប់​បញ្ចុះ​កម្តៅ​ម៉ាស៊ីនប្រតិករ តែ​ក៏​​ជា​ដើម​ហេតុ​​ធ្វើ​ឱ្យ​ប្រភព​ទឹកនោះ​​ឡើង​កម្តៅ​ដែរ។

ក្រុម​ហ៊ុន​អគ្គីសនី​បារាំង មិន​ប្រើ​និងមិន​​បណ្តោយ​ឱ្យ​ប្រភព​ទឹក​ក្បែរ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឡើង​ដល់​កំរិត​២៨​អង្សារ​ទេ។ ​ប៉ុន្តែ​ពេលនេះ​ ជា​ឧទាហរណ៍​ជាក់ស្តែង សីតុណ្ហភាព​ទឹក​នៅ​ក្នុង​ព្រែក​ជីក​ក្បែរ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរFessenhein បាន​ឡើង​ជិត​ដល់​កំរិតអតិបរិមា​​អនុញ្ញាត​ហើយ ទើប​អាជ្ញាធរ​ត្រូវ​តែ​សម្រេច​បិទ​ម៉ាស៊ីនប្រតិករមួយ និង​បន្ថយ​ល្បឿន​ប្រើប្រាស់​​ម៉ាស៊ីនប្រតិករមួយ​ទៀត​ក្នុង​មជ្ឈមណ្ឌល​ដដែល។​​

ទាក់ទង​នឹង​ផលិតផល​អគ្គីសនីវិញ ថ្វី​បើ​គេ​បាន​​បិទ​ម៉ាស៊ីនប្រតិករចំនួន​បួន​មែន ប៉ុន្តែ​ផលវិបាក​​ទាក់ទង​នឹង​បញ្ហា​ខ្វះ​អគ្គិសនី​ប្រើប្រាស់​មាន​តិច​តួច​ណាស់ ! នៅ​បារាំង បីភាគបួន​នៃ​អគ្គីសនី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ បាន​មក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ ប៉ុន្តែ​នៅសីហា តម្រូវការ​ផ្នែក​អគ្គិសនី ចុះ​ទាប​ជាង​​មធ្យមភាគ​ប្រចាំ​ឆ្នាំ​ឆ្ងាយណាស់ ព្រោះ​ជា​ខែ​ឈប់​សម្រាក​វិស្សមកាល និង​ពុំ​សូវ​មាន​សកម្មភាព​សេដ្ឋកិច្ច​ដូច​ខែ​ផ្សេង​ៗ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ