អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

សន្ទរកថា​ចុងក្រោយ​របស់​លោកស្រី​ Hillary ​Clinton​ អតីត​​ប្រមុខ​ការទូត​​​អាមេរិក​

លោកស្រី​ Hillary Clinton ដែល​ជាអតីត​ប្រមុខ​ការទូត​​​អាមេរិក​​ នឹង​ចាកចេញ​​ពី​រដ្ឋាភិបាល​ នៅ​ថ្ងៃ​សុក្រ​ទី​ ០១ កុម្ភៈ​ នេះ​​ហើយ។ លោក​ Jonh Kherry នឹង​​ឡើង​មក​បន្ត​តំណែង​ជា​ប្រមុខ​ការទូត ​​បន្ត​​ពី​លោកស្រី។ មុន​នឹង​​ចាកចេញ​ពី​​​ឆាក​នយោបាយ​​អាមេរិក Hillary Clinton បាន​ធ្វើ​សេចក្តី​ថ្លែង​​សន្ទរកថា​ចុង​ក្រោយ​មួយ​ កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍ ​ម្សិលមិញ​នេះ នៅ​​​​ទីក្រុង​ Washington។ សន្ទរកថា​របស់​លោកស្រី មាន​លក្ខណៈ​រំជើប​រំជួល​បែប​មនោសញ្ចេតនា លាយឡំ​ទៅ​ដោយ​​​​​​​នយោបាយ។

លោកស្រី Clinton ធ្លាប់​បាន​ប្រាប់​​ជា​ផ្លូវ​ការ​ថា​នឹង​​មិន​ត្រលប់ មក​កាន់​ឆាក​នយោបាយ​ទៀត​ឡើយ
លោកស្រី Clinton ធ្លាប់​បាន​ប្រាប់​​ជា​ផ្លូវ​ការ​ថា​នឹង​​មិន​ត្រលប់ មក​កាន់​ឆាក​នយោបាយ​ទៀត​ឡើយ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ លោកស្រី​ Hillary Clinton​​ បង្ហាញ​នូវ​ភាព​​ស្រងូតស្រងាត់​បន្តិច​បន្តួច​ដែរ​ ក្នុង​​​សន្ទរកថា​​របស់​លោកស្រី​ មុននឹង​​លា​​ចាក​​ពី​ឆាក​នយោបាយ​អាមេរិក​។ ទោះ​យ៉ាង​នេះ​ក្តី​ អតីត​ប្រមុខ​ការទូត​​អាមេរិក​រូប​នេះ មាន​មោទនភាព​ក្នុង​លទ្ធផល​​​នៃការ​​​​​ដឹកនាំ​របស់​ខ្លួន ក្នុង​វិស័យ​​នយោបាយ​ការ​បរទេស​របស់​អាមេរិក រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​ ហើយ​បាន​​ប្រគល់​តុល្យការ​​នៃ​កិច្ចការ​របស់​ខ្លួន​ អោយ​ក្រសួង​ការ​បរទេស​​អាមេរិក។

ក្នុង​​​សន្ទរកថា កាល​ពី​ម្សិលមិញ​នេះ លោកស្រី​​មាន​ប្រសាសន៍ថា​​៖ “ក្នុង​​អណត្តិ​ប្រធានាធិបតី​​របស់​លោក បារ៉ាក់​ អូបាម៉ា យើង​បាន​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ាក់ យើង​ផ្តើម​​​ធ្វើ​ការងារ​​នៅ​អាហ្វហ្កានីស្ថាន និង​បាន​​ស្វែង​រក​យុត្តិធម៌​ តាម​រយៈ​ការ​ប្រយុទ្ធ​​ប្រឆាំង​​ អ៊ូសាម៉ា បេន​ ឡាដេន”។ ចំនុច​ចុងក្រោយ​ក្នុង​ប្រសាសន៍​របស់​​លោកស្រី ​ទាក់ទង​នឹង​​​យុត្តិធម៌​តា​ម​រយៈ​ការ​កំចាត់​ បេន​ ឡាដេន នៅ​តែ​ជា​ប្រធានបទ​ពិភាក្សា​សំខាន់ ក្នុង​ផ្នែក​ច្បាប់​​នៅ​ឡើយ ហើយ​​​បាន​បង្ហាញ​​ថា សន្ទរកថា​​របស់​លោកស្រី​ មាន​លក្ខណៈ​ជា​បែបផែន​​នយោបាយ​ដ៏​ជ្រាលជ្រៅ។

អតីត​​ស្ត្រីទីមួយ​នៃ​សហរដ្ឋ​អាមេរិក បាន​អួត​សរសើរ​អំពីសក្តានុពល​នៃ​​វិស័យ​យោធា​អាមេរិក​​ នៅ​លើ​ពិភព​លោក ហើយ​បាន​​​បង្ហាញ​នូវ​គោល​ជំហរ​របស់​ខ្លួន​ ​ចង់​អោយ​​យោធា​អាមេរិក​ នៅ​​តែ​បន្ត​អានុភាព​​នេះ​តទៅទៀត។

“អំណាច​ការទូត​​របស់​យើង​មាន​ប្រសិទ្ធិ​​ភាព​ខ្ពស់ ព្រោះថា​​សហរដ្ឋ​អាមេរិក​អាច​​​ធ្វើ​សកម្មភាព​របស់​ខ្លួន​ ដើម្បី​​​គាំ​ទ្រ​ដល់​អ្វី​ដែល​​ខ្លួន​បាន​និយាយ។ យើង​នឹង​បន្ត​​ការ​ប្រយុទ្ធ​​ជាប់​ជានិច្ច​ប្រឆាំងនឹង​​​ក្រុម អាល់ កៃ​ដា ​​ហើយ​យើង​នឹង​ធ្វើ​គ្រប់​សកម្មភាព​ចាំ​បាច់​ ដើម្បី​មិន​អោយ​អ៊ីរ៉ង់​​​សំរេច​បាន​​នូវ​នុយ​ក្លេអ៊ែរ”, នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​​លោកស្រី​ Clinton។

មាន​​គេ​ប្រដូច​​សន្ទរកថាចុងក្រោយ​របស់​លោកស្រី​ ​ Clinton នេះ​ថា​ដូច​ជា​សន្ទរក​​​នយោបាយ បែប​​ប្រធានាធិបតី។ ប៉ុន្តែ​លោកស្រី Clinton ធ្លាប់​បាន​ប្រាប់​​ជា​ផ្លូវ​ការ​ថា​នឹង​​មិន​ត្រលប់ មក​កាន់​ឆាក​នយោបាយ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ