អានតួអត្ថបទ
អាមេរិក

លោក David Petraeus លាលែង​ពី​តំណែង​នាយក CIA ដោយសារ​រឿង​ស្រីញី

លោក David Petraeus ​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA) បាន​សុំ​លាលែង​ពីតំណែង​ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​សារភាព​ទទួលស្គាល់​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍។ បើ​យោងតាម​កាសែត The New York Times រឿងអាស្រូវ​ស្រីញី​របស់​លោក Petraeus នេះ ត្រូវបាន​បើក​កកាយ ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​របស់ FBI។

លោកឧត្តមសេនីយ៍​ចូល​និវត្តន៍ David Petraeus ដែល​ទើប​នឹង​លាលែង​ពី​តំណែង​ជា​នាយក​ទីភ្នាក់ងារ​ចារកិច្ច CIA
លោកឧត្តមសេនីយ៍​ចូល​និវត្តន៍ David Petraeus ដែល​ទើប​នឹង​លាលែង​ពី​តំណែង​ជា​នាយក​ទីភ្នាក់ងារ​ចារកិច្ច CIA © Reuters
ផ្សាយពាណិជ្ជកម្ម

លោក David Petraeus មាន​វ័យ ៦០ឆ្នាំ គឺ​ជា​អតីត​ឧត្តមសេនីយ៍ផ្កាយបួន ដ៏មាន​ឈ្មោះ​ល្បី​​​​មួយរូប​របស់​អាមេរិក។ ​លោក​ទើប​នឹង​បាន​កាន់តំណែង​ជា​នាយក CIA បាន ១៤ខែ​ប៉ុណ្ណោះ។ មុននឹង​ត្រូវ​លោក​អូបាម៉ា​តែងតាំង​ជា​នាយក CIA ឧត្តមសេនីយ៍ Petraeus ធ្លាប់​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង​តំបន់​​មជ្ឈិមបូព៌ា។

នៅក្នុង​លិខិត​លាលែង ដែល​ដាក់ជូន​លោក​អូបាម៉ា លោក Petraeus បាន​លើក​ហេតុផល​ពី​រឿង​អាស្រូវជុំវិញ​ទំនាក់ទំនង​ស្រីញី ក្រៅ​អាពាហ៍ពិពាហ៍ ប៉ុន្តែ គេនៅតែ​មិនទាន់​ដឹងច្បាស់ថា តើ​រឿងនេះ​មាន​ទំហំ​ប៉ុណ្ណា ទើប​ជំរុញ​ឲ្យ​លោក Petraeus លាលែង​ចេញ​ពីតំណែង​បែបនេះ? តើ​វា​គ្រាន់តែ​ជា​រឿងផ្ទាល់ខ្លួន​​របស់​លោក Petraeus ឬ​ក៏​វា​មាន​ប៉ះពាល់​ទៅដល់​កិច្ចការណ៍​សម្ងាត់​របស់​ CIA?

បើតាម​ការចុះផ្សាយ​របស់​កាសែត The New York Times ទីភ្នាក់ងារ​ FBI បាន​បើក​ការ​​​ស៊ើបអង្កេត​​មួយ កាលពី​ប៉ុន្មាន​ខែ​មុន ដោយសង្ស័យ​​ក្រែង​មាន​អ្នក​លួច​ព័ត៌មាន​ពី​កុំព្យូទ័រ​របស់​លោក Petraeus។ នៅ​ក្នុង​ការស៊ើបអង្កេតនេះ FBI ក៏​បាន​រកឃើញ​ពី​ទំនាក់ទំនង​មិនគួរគប្បី​របស់​លោក​នាយក CIA ជាមួយ​នឹង​​នារីម្នាក់ ដែល​ជា​មន្រ្តី​យោធា​អាមេរិក ហើយ​​ជា​អ្នក​សរសេរ​សៀវភៅ ស្តីពី​ប្រវត្តិរូប​របស់​លោក Petraeus។

កាសែត The New York Times ក៏​បាន​សរសេរ​ផងដែរ​ថា នៅ​ពេល​បាន​ទទួល​ពាក្យ​សុំលាលែង និង​បាន​ជួប​ជែក​ជាមួយ​ ​លោក​ Petraeus កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​អូបាម៉ា​មិនបាន​ទទួល​យក​ការ​សុំ​លាលែងនេះ​ភ្លាមៗ​ទេ ដោយសុំពេល​គិត​មួយ​យប់។ រហូតដល់​រសៀល​ថ្ងៃ​សុក្រ (ត្រូវ​នឹង​ព្រឹកថ្ងៃ​សៅរ៍ នៅ​កម្ពុជា) ទើប​លោក​អូបាម៉ា ​ទទួល​យក​ការ​សុំ​លាលែង​​របស់​លោក Petraeus ហើយ​​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ លើក​សរសើរ​ពី​ស្នាដៃ​របស់​លោក Petraeus ទាំង​​ការងារ​​នៅ CIA និង​ការ​ដឹកនាំ​កងទ័ព​អាមេរិក​ នៅ​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។

លោក​អូបាម៉ា​ក៏​បាន​បញ្ជាក់ផងដែរ​ អំពី​ទំនុកចិត្ត​របស់​លោក ទៅលើ​​នាយករង CIA គឺ​ ​លោក Michael Morell ក្នុង​ការ​គ្រប់គ្រង CIA ជា​បណ្តោះអាសន្ន ទម្រាំដល់​​ពេល​មាន​ការ​តែងតាំង​នាយក​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ