ប្រធានាធិបតីតៃវ៉ាន់នឹងទៅចុះសំចត នៅអាមេរិក នៅដើមខែមករា
លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវេន នឹងចុះសំចត នៅក្នុងទឹកដីអាមេរិក មុននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាមេរិកខាងកណ្តាល។ នេះបើតាមការអះអាងរបស់វិមានប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃសុក្រ។ ទីក្រុងប៉េកាំងវិញបានអំពាវនាវសុំទីក្រុងវ៉ាស៊ីនតោន កុំឲ្យអនុញ្ញាតប្រមុខរដ្ឋាភិបាលតៃវ៉ាន់ចុះចតក្នុងទឹកដីអាមេរិក។ ប៉េកាំងបានព្រមានផងដែរកុំឲ្យអាមេរិកផ្តល់សញ្ញាលើកទឹកចិត្តដល់ក្រុមទាមទារឯករាជ្យតៃវ៉ាន់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉េកាំងសំឡឹងតាមដាន មិនដាក់ភ្នែកជំហាននយោបាយរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់។ បន្ទាប់ពី ខឹង ថ្នាំងថ្នាក់នឹងអនាគតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំដែលបាននិយាយឆ្លើយឆ្លងទូរស័ព្ទ ជាមួយ លោកស្រីត្សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់ ទីក្រុងប៉េកាំងបាននិយាយប្រាប់រដ្ឋាភិបាលអាមេរិក កុំឲ្យទទួលស្វាគមលោកស្រីត្សៃ អ៊ីងវេន ឬសូម្បី ការចុះចត មួយរយៈខ្លី ក្នុងទឹកដីអាមេរិក។
ទោះមានអំពាវនាវពីប្រទេសចិនក្តី វិមានប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃសុក្របានបញ្ជាក់ថា លោកស្រី ត្សៃ អ៊ីងវេននឹងធ្វើដំណើរទៅចុះសម្រាកមួយយប់ ក្នុងទីក្រុងHouston របស់អាមេរិក គឺនៅថ្ងៃទី ៧ មុននឹងធ្វើដំណើរបន្តទៅប្រទេសសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ នៅអាមេរិកកណ្តាល ដែលមានដូចជា នីការ៉ាហ្កា ក្វាតេម៉ាឡា ហុងឌូរ៉ាស អេលសាល់វ៉ាឌ័រ។ តាម Alex Huang អ្នកនាំពាក្យរបស់ប្រធានាធិបតីតៃវ៉ាន់ នៅពេលត្រលប់មកវិញ លោកស្រីត្សៃ អ៊ីងវេន ក៏នឹងចុះសំចតម្តងទៀត នៅថ្ងៃទី ១២មករា នៅទីក្រុងសាន់ហ្រ្វាន់ ស៊ីស្កូ ដែលនៅទីនោះ លោកស្រីនឹងជួបសំណេះសំណាលជាមួយប្រជាជនតៃវ៉ាន់ និងធ្វើទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្ម ក្នុងទឹកដីអាមេរិក។
អ្នកនាំពាក្យដដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ទៅលើការចុះផ្សាយរបស់កាសែតក្នុងស្រុកតៃវ៉ាន់ ដែលថា លោកស្រីត្សៃ អ៊ីងវេនអាចនឹងជួបជាមួយក្រុមអនាគតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ តាមវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ វត្តមានរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់នៅអាមេរិក ធ្វើឡើងក្នុងក្របខ័ណ្ឌឯកជន គឺមិនបានប៉ះពាល់ អ្វីនឹងគោលការណ៍ចិនតែមួយនោះទេ។
នៅក្រោមការដឹកនាំរបស់លោកស្រី ត្សៃ អ៊ីងវេន ដែលមាននិន្នាការឯករាជ្យនិយម តៃវ៉ាន់ កំពុងស្គាល់ភាពតានតឹងជាមួយ ចិនដីគោក ដែលបានចោទថ្នាក់ដឹកនាំថ្មីរបស់តៃវ៉ាន់ ថាកំពុងមានចេតនាចង់ទាមទារឯករាជ្យ តាមរយៈ ការស្វែងរកការទទួលស្គាល់ នៅឆាកអន្តរជាតិ។ ដោយចាត់ទុកតៃវ៉ាន់ ជាដីកោះរបស់ខ្លួន និងគំរាមវាយប្រហារតាមផ្លូវយោធាបើសិនតៃវ៉ាន់ចង់ទាមទារឯករាជ្យ ចិន ធ្លាប់បានសំដែងការខឹងសម្បារ នឹងតៃវ៉ាន់ ម្តងរួចហើយ បន្ទាប់ពី លោកស្រីត្សៃ អ៊ីងវេនបានទូរស័ព្ទទៅអបអរ លោកដូណាល់ ត្រាំ ដែលទើបឈ្នះឆ្នោតប្រធានាធិបតីអាមេរិក។ លោកដូណាល់ ត្រាំ ផ្ទាល់ធ្លាប់លើកឡើងថា គ្មានចំណងអ្វីដែលមកចងលោកឲ្យទទួលស្គាល់គោលការណ៍ចិនតែមួយនោះទេ។ គោលការណ៍ចិនតែមួយ ដែលរដ្ឋាភិបាលអាមេរិកបានទទួលស្គាល់ តាំងតែពីឆ្នាំ ១៩៧៩មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ