លោក ដូណាល់ ត្រាំបន្តរិះគន់ចិន ក្រោយបំផុសភាពតានតឹងការទូត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៦
តាំងពីថ្ងៃសុក្រមក អាមេរិកនិងចិនបានផ្ទុះសង្គ្រាមពាក្យសំដីគ្នា ដោយហេតុតែលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទើបឆ្នោតថ្មី បានធ្វើខុសទម្លាប់ ទៅជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់។ មិនតែប៉ុណ្ណោះ នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ បានរាលដាល ចេញមុខរិះគនចិន ក្នុងសំណុំរឿងប្រាក់យ័ន សំណុំរឿងនយោបាយប្តូរប្រាក់ និងនយោបាយការពារជាតិ បន្ថែមទៀត។
លោក ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ មិនធ្វើអ្វីដូចប្រធានាធិបតីមុនៗឡើយ ! និងមិនខ្វល់អំពីនយោបាយការទូតដែលអាមេរិកធ្លាប់ប្រតិបត្តិពីរមុនទេ។
នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ បានរិះគន់ចិនធ្ងន់ៗ ដោយបានចោទប្រកាន់ក្រុងប៉េកាំងយ៉ាងចំៗថា បានបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីអាចប្រកួតប្រជែងឈ្នះក្រុមហ៊ុនអាមេរិក និងបានស្វែងរកការពង្រឹងកម្លាំងយោធានៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក តាមរយៈការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយ នៅក្នុងសមុទ្ទចិនខាងត្បូង។ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានធ្វើឱ្យចិន ខ្ញាល់ខ្លាំង រឿងទទួលទូរស័ព្ទលោកស្រីប្រធានាធិបតីតៃវ៉ាន់ ដែលពុំធ្លាប់មានប្រធានាធិបតីអាមេរិករូបណាធ្វើឡើយ។
លោកមិនបោះបង់ចរិកវាយប្រហារ និងរក្សាជំហរដំឡើងសំលេងដាច់ខាតដាក់ចិន ដូចអ្វីដែលលោកធ្លាប់ស្រែកក្នុងពេលឃោសនា ក៏ព្រោះតែលោកមានបំណងតែមួយគត់ គឺចង់បញ្ជាក់ជំហរថាលោកត្រូវការការពារប្រយោជន៍អាមេរិកជាធំ។
លោកត្រាំ កំពុងចម្រាញ់រកប្រមុខការទូត
ប្រឈមមុខនឹងជំហរបែបនេះ អ្នកដែលនឹងក្លាយទៅជាប្រមុខការទូតអាមេរិក ច្បាស់ជានឹងត្រូវទទួលបន្ទុកធ្ងន់ ដោយត្រូវចាំសម្រួលស្ថានការណ៍ កែកុនពាក្យសំដីប្រធានាធិបតីមាត់ឆៅ បន្ថែមពីលើកិច្ចការនយោបាយការទូតធម្មតា។ ប្រមុខការទូត ដែលគេនៅពុំទាន់មុខច្បាស់នៅឡើយទេ លោកត្រាំកំពុងបន្តប្រតិបត្តិការជ្រើសរើសបេក្ខភាពនៅឡើយ នៅថ្ងៃនេះ។ នៅក្នុងចំណោមឥស្សរជន៥នាក់ ដែលទំនងខ្លាំងជាងគេ ប្រហែលជាអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំក្រុងប៉េកាំងពីឆ្នាំ២០០៩-២០១១។ ប្រសិនបើជារូបលោកនេះមែន មានន័យថា លោក ដូណាល់ ត្រាំ ពិតជាបានគិតដល់ទំនាក់ទំនងចិន-អាមេរិកហើយ។
តែក្នុងរយៈពេលកំពុងរង់ចាំនេះ គឺអនុប្រធានាធិបតីថ្មី Mike Pence និងទីប្រឹក្សាជំនិតរបស់លោក ត្រាំ លោកស្រី Kellyanne Conway ជាអ្នកដើរតួ ជួយពន្លត់អគ្គីភ័យក្នុងទំនាក់ទំនងការទូតជាមួយចិន ដែលបង្កឡើងដោយសារក្នុងប្រព័ន្ធសង្គមរបស់លោក ដូណាល់ ត្រាំ។
លោកអនុប្រធានាធិបតីទើបជាប់ឆ្នោតថ្មី បានបង្រួមហានិភ័យការទូត ទាក់ទងនឹងការទទួលទូរស័ព្ទប្រធានាធិបតីតៃវ៉ាន់ថា គ្រាន់តែជាកិច្ចសន្ទនាសម្តែងការគួរសមគ្នាប៉ុណ្ណោះ។ ចំណែកលោកស្រីទីប្រឹក្សាវិញ បានស្នើសុំកុំឱ្យបកប្រែស្ថានការណ៍នៅពេលនេះអី ព្រោះលោកត្រាំ នឹងឡើងកាន់អំណាចនៅថ្ងៃទី ២០ មករា ដែលចាប់ពីពេលនោះទៅ លោកនឹងបង្ហាញជំហរនយោបាយការបរទេសបានច្បាស់លាស់។
ចិនសុខចិត្តនៅស្ងៀម ប្រឈមនឹងពាក្យរិះគន់របស់លោកត្រាំ
នៅក្នុងសំណុំរឿងតៃវ៉ាន់ ចិនបានបញ្ចេញប្រតិកម្មរំលឹកអំពីនយោបាយចិនតែមួយដែលទទួលស្គាល់ដោយអាមេរិកតាំងពីយូរយារមកហើយ។ តែទាក់ទងនឹងការរិះគន់ជុំវិញនយោបាយរូបិយវត្ថុ និងការពារជាតិ គេពុំទាន់ឃើញមានប្រតិកម្មផ្លូវការអ្វីទេ។ ចិនដែលរីករាយនឹងបរាជ័យរបស់លោកស្រី គ្លីនតុន ព្រោះលោកស្រីចូលចិត្តវាយប្រហារចិនក្នុងសំណុំរឿងសិទ្ធិមនុស្ស ទំនងជាកំពុងរិះរេថាតើត្រូវធ្វើដូចម្តេចនៅចំពោះមុខឥរិយាបថរបស់លោកត្រាំ ដ៏ពិបាកស្មាន។ ប៉េកាំងទំនងជានឹងមិនបញ្ចេញប្រតិកម្មអ្វី មុនពេលលោកត្រាំ ចូលកាន់តំណែងជាផ្លូវការឡើយ។ ក្នុងពេលរង់ចាំដូច្នេះ មានតែសារព័ត៌មានទេ ដែលបញ្ចេញមតិដោយប្រុងប្រយ័ត្នបំផុត។
កាសែត Global Time បានត្រឹមសរសេររំលឹក ក្នុងទំព័រវិបសៃត៍របស់ខ្លួនថា ស្ថាបនាមូលដ្ឋានក្នុងដែនទឹករបស់ខ្លួន ជាចំណែកមួយនៃការកាពារបូរណភាពដែនដី។
សារព័ត៌មានចិន និងមតិសាធារណៈទូទៅ បានលើកអំពីកង្វះបទពិសោធន៍របស់លោក ដូណាល់ ត្រាំ និងហាក់ដូចជាមិនខឹងសម្បារប៉ុន្មានឡើយ ដោយសំអាងថា លោក គឺជាប្រធានាធិបតីអាមេរិក ទើបឆ្នោតថ្មី មិនទាន់ចូលកាន់តំណែង។ រាល់ពាក្យរិះគន់ និងការគំរាមកំហែងធ្ងន់ធ្ងរ ធ្លាក់ទៅលើតៃវ៉ាន់ទាំងអស់ ៖ ប៉េកាំងអាចនឹងដាក់ទណ្ឌកម្មលើតៃវ៉ាន់ ដើម្បីជាការព្រមាន ! ប៉េកាំងអាចនឹងធ្វើឱ្យតៃវ៉ាន់បាត់បង់សម្ព័ន្ធភាពការទូតជាមួយប្រទេសខ្លះ ក្នុងចំណោមប្រទេសជាង២០ដែលសុខចិត្តភ្ជាប់ទូតជាមួយតៃវ៉ាន់ ជាជាងភ្ជាប់ទូតជាមួយចិនប៉េកាំង។
បើតាមសារព័ត៌មានចិនសរសេរជាភាសាអង់គ្លេសដដែល ចិនអាចនឹងពង្រឹងការពង្រាយកងទ័ពនៅតាមឆ្នេរតៃវ៉ាន់។ តែជាមួយអាមេរិករបស់លោក ដូណាល់ ត្រាំ ចិនជ្រើសរើស ការចរចា និងពិភាក្សាគ្នាក្នុងន័យស្ថាបនាច្រើនជាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ