អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក​អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​លើកទី១១ និង​លើក​ចុង​ក្រោយ​នៅ​អាស៊ី

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាស៊ី​លើកទី១១ និង​ជា​លើក​ចុង​ក្រោយ។ ប្រទេស​អាស៊ី​ដែល​លោក​អូបាម៉ា​ទៅ​មុន​គេ គឺ​ចិន​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រទេស G២០ ដែល​ត្រៀម​រៀបចំ​នៅ​ថ្ងៃទី៤ និង​ទី៥ កញ្ញា។ បន្ទាប់​មក លោក​អូបាម៉ា​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​ដើម្បី​ចូលរួម​ជំនួបកំពូល​អាស៊ាន រួម​ជាមួយ​ប្រទេស​ដៃគូ​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី៨ ក្នុង​ទីក្រុង​វៀងចន្ទន៍។ តើ​កម្មវិធី និង​ប្រធានបទ​នៃ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​មាន​អ្វី​ខ្លះ?

អាមេរិក៖​លោក​អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​លើកទី១១ និង​លើក​ចុង​ក្រោយ​នៅ​អាស៊ី
អាមេរិក៖​លោក​អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​លើកទី១១ និង​លើក​ចុង​ក្រោយ​នៅ​អាស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

យន្តហោះ Air Force One របស់​លោក​ប្រធានាធីបតី​អាមេរិក​អូបាម៉ា​បាន​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ថ្ងៃ​ពុធ ទី៣១ សីហា។ បន្ទាប់​ពី​ចុះ​ចត​រយៈពេល​ខ្លី​ក្នុង​រដ្ឋ​នេវ៉ាដា លោក​អូបាម៉ា​បន្ត​ដំណើរ​ទៅ​កាន់​រដ្ឋ​ហាវ៉ៃ​ដើម្បី​ចូលរួម​នៅ​ក្នុង​សមាជពិភពលោក​នៃ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្សធម្មជាតិ។ បន្ទាប់​មក​ទៀត លោក​អូបាម៉ា​បន្ត​ដំណើរ​ទៅ​កាន់​ទីប្រជុំ​កោះ Midway ស្ថិត​នៅ​កណ្តាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ជា​មហា​ជង្រុក​មច្ឆាសមុទ្រ​ធម្មជាតិ​ដ៏​សម្បូរបែប។

គឺ​នៅ​ចុង​សប្តាហ៍​នេះ​ដែល​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាស៊ី​របស់​លោក​អូបាម៉ា​បាន​ចាប់​ផ្តើម។ ចិន​ជា​ប្រទេស​អាស៊ី​ដែល​លោក​អូបាម៉ា​ដាក់​ជើង​ជាន់​មុន​គេ​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល G២០ រយៈពេល ២ថ្ងៃ ពី​ថ្ងៃទី៤ ដល់​ថ្ងៃ​ទី៥ កញ្ញា។ នា​ឱកាស​ជំនួបកំពូល G២០ ក្នុង​ប្រទេស​ចិន លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​គ្រោង​ជួប​ជា​លក្ខណៈ​ជា​ទ្វេភាគី​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជិនពីង និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន។

មាន​ប្រធានបទ​ធំៗ​ជា​ច្រើន​ដែល​នឹង​អាច​មាន​នៅ​ក្នុង​ជំនួប​រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ដូច​យ៉ាង​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក អំពើ​ភេរវនិយម និង​សំណុំរឿង​អន្តរជាតិ​ផ្សេងៗ ពិសេស​ជម្លោះ​សមុទ្រចិន​ខាងត្បូង​ដែល​ចិន​កំពុង​ប្រឈម​មុខ​ទល់​នឹង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ក្នុង​តំបន់។ ចំណែក​ជាមួយ​លោក​ប្រធានាធិបតី​តួកគី លោក​អូបាម៉ា​នឹង​លើក​ទៅ​ជជែក​ជាមួយ​លោក​អ៊ែរដូហ្កាន​អំពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

បន្ទាប់​មក​នៅ​ក្រោយ​ការ​បិទបញ្ចប់​ជំនួបកំពូល G២០ ក្នុង​ថ្ងៃ​ទី៥ កញ្ញា​ដដែល លោក​អូបាម៉ា​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ី​ក្បែរខាង​មួយ​ទៀត គឺ​ឡាវ​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន រួម​ជាមួយ​ប្រទេស​ដៃគូ​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៨ កញ្ញា​ក្នុង​ទីក្រុង​វៀងចន្ទន៍។ នា​ឱកាស​ជំនួបកំពូល​អាស៊ាន​ក្នុង​ទឹកដី​ឡាវ លោក​អូបាម៉ា​គ្រោង​នឹង​ជួប​ជាមួយ​សមភាគី​ហ្វីលីពីន​លោក​ឌុយទែរតេ​ដែល​គេ​ស្គាល់​ជា​ប្រធានាធិបតី​ចូរចិត្ត​ប្រើ​សម្តីថ្លោស និង​ធ្លាប់​គំរាម​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អាមេរិក។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្រោយ​បិទ​បញ្ចប់​សង្រ្គាម​អាមេរិក​នៅ​វៀតណាម​ជាង ៥០ឆ្នាំ​មក នេះ​ជា​លើក​ទី១ ដែល​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​ដាក់​ជើង​ជាន់​ប្រទេស​កុម្មុយនិស្ត​ដ៏​ក្រីក្រ​មួយ​នៅ​អាស៊ីអាគ្នេយ៍។ សម្រាប់​លោក​អូបាម៉ា​ដែល​នឹង​ត្រូវ​អស់​អាណត្តិ​នៅ ៥ខែ​ខាង​មុខ និង​ដែល​នយោបាយ​ការបរទេស​បាន​ផ្តោត​សំខាន់​លើ​អាស៊ី នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី១១ និង​ជា​លើក​ចុង​ក្រោយ​ក្នុង​រយៈ​ពេល​នៃ​ការ​កាន់​តំណែង​ប្រធានាធបតី​ចំនួន ៨ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ