អានតួអត្ថបទ
អេហ្ស៊ីប

កងទ័ព​​​អេហ្ស៊ីប​​​មិន​ព្រម​​​​ថមថយ​​​​​នៅ​​ចំពោះ​មុខ​​​​អំពើ​​​ហិង្សា​​​ឡើយ​​

ប្រមុខយោធា​អេហ្ស៊ីប​​ អាប់ឌែល​ហ្វាតា អាល់ស៊ិសស៊ី បាន​ស្បថ​នៅថ្ងៃ​អាទិត្យ​ម្សិលមិញ ថា​អេហ្ស៊ីប​​មិន​ចុះចាញ់​ដាច់ខាត​ នៅ​​ចំពោះ​មុខ​​អំពើ​ហិង្សា​​ក្នុង​​ប្រទេស​ ហើយ​​​បាន​សន្យា​​ថា​នឹង​តបត​ទៅពួកភាតរ​​អ៊ីស្លាម​​​វិញ ​​​​យ៉ាង​ស្វាហាប់។ ម្សិលមិញនេះ ក្បួន​បាតុកម្មនៃ​ក្រុម​ភាតអ៊ីស្លាម​ជាច្រើន​ ត្រូវ​បាន​លុបចោល​មិន​ធ្វើ​វិញ ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​របស់​បាតុករ។ ដោយឡែក នៅ​ថ្ងៃ​ចន្ទនេះ សមាជិក​ទាំង​២៨​ប្រទេស​នៃ​សហភាព​អឺរ៉ុប ​ជួបពិភាក្សា​គ្នាជាបន្ទាន់​​​ អំពី​វិបត្តិ​អេហ្ស៊ីប។ សហភាព​អឺរ៉ុប​​​នឹង​ពិចារណា​​មើលទំនាក់ទំនង​ខ្លួន​ ជាមួយ​អេហ្ស៊ីបឡើងវិញ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែ​មិន​អាច​បញ្ចប់​នៅ​ក្នុង​ប្រទេស​នេះ។ សហភាពអឺរ៉ុប​​លើកឡើងថា គឺ​កងទ័ព​និង​រដ្ឋាភិបាល​អេហ្ស៊ីប​ផ្ទាល់​ជា​អ្នក​ទទួលខុសត្រូវ​ដើម្បី​សំរេច​អោយ​មានភាព​ស្ងប់ស្ងាត់​ក្នុង​ ប្រទេស។

កងទ័ព​អេហ្ស៊ីប​នៅ​ទីក្រុងគែរ កាលពី​ដើម​ខែ​​កក្កដា
កងទ័ព​អេហ្ស៊ីប​នៅ​ទីក្រុងគែរ កាលពី​ដើម​ខែ​​កក្កដា REUTERS/Louafi Larbi
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សា​នៅ​សប្តាហ៏​មុន​នៅអេហ្ស៊ីប ​បាន​សម្លាប់​​​មនុស្ស​ជាង​​៨០០នាក់ ប៉ុន្តែ​នៅ​ចំពោះ​មុខ​​ កងទ័ព​អេហ្ស៊ីប​មិន​ព្រម​​អន់ថយឡើយ។ ប្រមុខទ័ព​អេហ្ស៊ីប អាល់ស៊ិសស៊ី​​បាន​សន្យា​​​​នឹង​តបត​ទៅ​ក្រុមភាតរ​​អ៊ីស្លាម​វិញ​​យ៉ាង​រស់រវើក​បំផុត ព្រោះថា​ ក្រុមភាតរអ៊ីស្លាម​បាន​បង្ក​អោយ​​​មាន​ការ​ចោទប្រកាន់​នៅ​​បណ្តា​បស្ចិមប្រទេស​ ថា​កងទ័ពបានប្រើហិង្សា​​សម្លាប់រង្គាល។ ​ទោះ​យ៉ាងនេះក្តី លោក​អាល់ស៊ិសស៊ី​ បាន​​លើកឡើង​ថា សមាជិក​ក្រុមភាតរអ៊ីស្លាម​ ដែល​គ្មាន​ដៃ​ប្រលាក់ឈាម​ អាច​ចូលរួម​កិច្ចការ​នយោបាយ​​​អេហ្ស៊ីបបាន ខណៈ​​អេហ្ស៊ីប​នឹង​រៀបចំ​ការបោះឆ្នោតនៅ​ដើមឆ្នាំ​២០១៤ខាងមុខ​នេះ។ ​

ការ​ប្រកាស​តបត​របស់​មេដឹកនាំ​កងទ័ព ហាក់​មាន​ប្រសិទ្ធភាព​ជាក់ស្តែង។ ម្សិលមិញ​នេះ ក្រុមភាតរអ៊ីស្លាមគាំទ្រ​លោកមរស៊ី ​បាន​លុបចោល​ក្បួនបាតុកម្ម​​ស្ទើរ​តែ​ទាំងអស់​របស់​ខ្លួន ដើម្បី​សុវត្ថិភាព​សន្តិសុខ​បាតុករ ជា​ពិសេសសុវត្ថិភាព​នៅ​​ពេល​​យប់តែម្តង។ គួរបញ្ជាក់​ថា រដ្ឋាភិបាលយោធា​​អេហ្ស៊ីប​បាន​ដាក់​ប្រទេស​ខ្លួន​អោយ​ស្ថិត​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ន​ឡើងវិញ ហើយ​បានហាមប្រាម​ប្រជាជន​មិន​អោយ​ចេញដើរ​​នៅពេល​យប់។

ទន្ទឹម​នេះ​ដែរ រដ្ឋាភិបាល​បាន​ហាមឃាត់សកម្មភាព​​បាតុកម្ម​​​​នៃ​ចលនា​​ប្រជាប្រិយ​មួយ​ ដែល​ធ្លាប់​តែ​គាំទ្រ​របប​ដឹកនាំ​យោធា​កន្លងមក។ កន្លង​មក​​ ក្រុម​​នេះ​បាន​វាយ​ប្រហារ​​​រាល់​បណ្តា​ជន​ដែល​ពួកគេ​គិតថា​ជា​ក្រុម​អ៊ីស្លាម និង​អ្នកសារព័ត៌មាន​បរទេស​។ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ចោទប្រកាន់​ក្រុម​នេះ​ថា ធ្វើ​សកម្មភាព​ខុសច្បាប់។

ដោយឡែក ម្សិលមិញ​នេះ អ្នកទោស​៣៦​នាក់ នៃ​ក្រុមភាតរ​អ៊ីស្លាម​ បាន​ស្លាប់​ដោយ​ថប់​ដង្ហើម​ ដោយសារ​តែមានការ​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ចូល​ទៅ​​ក្នុង​ឡាន​កាំម្ញ៉ុង​​ដែល​ដឹក​ពួកគេ​។ ឡានកាំម្ញ៉ុង​​​​ដឹកអ្នកទោស​ទាំងនេះ ដឹកអ្នកទោស​សរុប​​៦០០នាក់ បញ្ជូន​​​ទៅ​កាន់គុក​មួយកន្លែង​នៅជិត​ទីក្រុងគែរ។ អ្នកទោសទាំងនេះ ត្រូវ​បាន​ចាប់ខ្លួន នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​​​​​បែកខ្ញែក​គ្នា នៅ​ទីលាន​ រ៉ាបា​អាល់អាដាវីយ៉ា កាលពី​ថ្ងៃ​១៤សីហា។ យោងតាម​​ក្រសួងមហាផ្ទៃ​ ក្រុម​អ្នកទោស​ បាន​ព្យាយាម​រត់គេច​ ហើយ​ថែមទាំង​បាន​ចាប់​ប៉ូលិស​ម្នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង​ទៀតផង។ ម្ល៉ោះហើយ ទើប​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅក្នុង​ឡាន​កាំម្ញ៉ុង​នោះ។

ក្រុម​ភាតរអ៊ីស្លាម​​​បានបដិសេធ​ថា គ្មាន​ការ​​ព្យាយាម​លួច​រត់ រឺ​ក៏​បាញ់​ឧស្ម័នអ្វី​នោះទេ គឺ​​​​ប៉ូលិស​​ជា​អ្នក​ធ្វើឃាត​អ្នកទោសតែម្តង​ ព្រោះ​ថា​​ក្នុង​ឡាន​កាំម្ញ៉ុង​នោះ ​​អ្នកទោសចំនួន​ច្រើន​នៅចង្អៀត​​ណែន​តាន់តាប់ជាប់គ្នា​ ដូច្នេះ​ ពួកគេ​ត្រូវ​ស្លាប់​ដោយថប់ដង្ហើម​។ អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​សុំអោយ​មាន​ការ​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​ប្រាកដនៃ​ឧប្បដិហេតុ​នេះ។

នៅ​ថ្ងៃ​ចន្ទ​នេះដែរ ប៉ូលិស​យ៉ាងហោច​ ២៤នាក់ បាន​​ស្លាប់​ដោយសារ​​ការ​បាញ់រ៉ុកកែត ពី​សំណាក់​ក្រុម​​​ជ្រុលនិយម​អ៊ីស្លាម​​មួយ នៅ​តំបន់​ស៊ីណៃ​។ ​គិត​ក្នុង​រយៈ​ពេលច្រើន​​ឆ្នាំ​កន្លងមក​នេះ សំរាប់​ក្រុមប៉ូលិស ដែល​តែងរងការ​វាយប្រហារ​នៅ​ទីនោះ ចំនួន​ស្លាប់នេះ​ជា​ចំនួន​ច្រើន​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ