អានតួអត្ថបទ
អាមេរិក

អាមេរិក​មាន​ប៉ូលិស​បាញ់​ស្បែក​ខ្មៅ​មួយ​ករណី​ទៀត

នៅ​រដ្ឋ​មីស៊ូរី របស់​សហរដ្ឋ​អាមេរិក មាន​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។ ព្រឹត្តិការណ៍​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារ ចូល​ដល់​ថ្ងៃ​ពុធ នៅពេល​នោះ ប៉ូលិស​បាន​បាញ់​ទៅលើ​យុវជន​ម្នាក់ ដែល​ប៉ូលិស​អះអាង​ថា បាន​លើក​កាំភ្លើង​សំដៅ​ប៉ូលិស​ល្បាត នៅ​ ទីក្រុងនៅ​Berkeley។ រឿងរ៉ាវ ប៉ូលិស​បាញ់​សម្លាប់​ប្រជាជន​​ស្បែកខ្មៅ​កំពុង​បង្ក​ឲ្យ​មាន​ការខឹងសម្បារ និង​បាតុកម្ម​តវ៉ា ជាច្រើន នៅ​សហរដ្ឋ​អាមេរិក។  

ស្ថានីយ៍​ចាក់​សាំង កន្លែង ដែល​យុវជន​ស្បែកខ្មៅ​ត្រុវ​ប៉ូលិស​បាញ់​សម្លាប់
ស្ថានីយ៍​ចាក់​សាំង កន្លែង ដែល​យុវជន​ស្បែកខ្មៅ​ត្រុវ​ប៉ូលិស​បាញ់​សម្លាប់ ©REUTERS/St. Louis County Police
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ក្រុង​Saint Louis ក្នុង​រដ្ឋ​មីស៊ូរី នៅក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជា​ប្រចាំ នៅ​តាម​ស្ថានីយ៍​ចាក់សាំង ប៉ូលិស​ល្បាត​ម្នាក់​បាន​ដើរ​ចេញ​ពី​រថយន្ត បន្ទាប់​ពី​បាន​សង្កេត​ឥរិយាបថ​របស់​យុវជន​ពីរនាក់។ ប៉ុន្តែ នៅ​ពេល​ដើរ​សំដៅ​ទៅរក ប៉ូលិស​បាន​បាញ់​ភ្លាម​ទៅ​លើ​យុវជន​ម្នាក់ ដែល​ប៉ូលិស​ឃើញថា បាន​ដកកាំភ្លើង និង​បែរកាណុង​មករក​ខ្លួន។ ចំណែក​យុវជន​ម្នាក់ទៀត​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ។

 
តាម​ប៉ូលិស​ក្រុង ប៉ូលិស​បាញ់​យុវជន​ស្បែកខ្មៅ ដើម្បី​​ស្វ័យការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ យុវជន​ស្បែកខ្មៅ ដែល​ប៉ូលិស​បាញ់​សម្លាប់ កាលពី​អធ្រាត្រ​ថ្ងៃ​អង្គារ ត្រូវ​បាន​ម្តាយរបស់ខ្លួន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា មាន​​ឈ្មោះ Antonio Martin អាយុ ១៨​ឆ្នាំ។

តាមឪពុកម្តាយ​របស់​Martin យុវជន​រូបនេះ​បាន​ប្រាប់​ថា គេ​ចេញ​ទៅ​ជួប​សង្សារ​របស់ខ្លួន គឺ​គ្មាន​ជួប​នរណា​ផ្សេងទៀតទេ។ តាម​ម្តាយ​របស់​យុវជន​Martin ដែល​ទើប​ត្រូវ​ បណ្តេញ​ចេញ ពី​សាលា មាន​បំណង​ចង់​កសាង​ជីវិត​ថ្មី និង​ចង់​ចូល​បម្រើការងារ​ផ្នែក​ប៉ូលិស​សន្តិសុខ។

តាមពិត កន្លែង​ដែល​ប៉ូលិស​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ កាលពី​យប់​ថ្ងៃ​អង្គារ នៅ​ទីក្រុង​Berkeley ស្ថិតនៅ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​យុវជន​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ Michael Brown ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ទាំង​គ្មាន​អាវុធ​ក្នុង​ដៃ កាលពី​៤​ខែមុន។ កាលពី​ខែ​វិច្ឆិកា ការសម្រេច របស់​តុលាការ​ក្នុង​ការមិន​ចោទប្រកាន់​ប៉ូលិស​ដែល​បាញ់​យុវជន​Brown បាន​បង្ក​ឲ្យ​មាន​ការខឹង សម្បារ​យ៉ាងខ្លាំងក្លា និង​បាតុកម្ម​ថ្នាក់ជាតិ ប្រឆាំង​ប៉ូលិស​អាមេរិក។ ថ្មីៗនេះ​ទៀត បាតុកម្ម​តវ៉ា​បាន​កើត​មាន​ជាថ្មី នៅ​ទីក្រុងញូវយ៉ក បន្ទាប់​ពី​តុលាការ​បាន​សម្រេច​មិន​ផ្តន្ទាទោស​លើ​ប៉ូលិស​ដែល​បាន​ធ្វើ​បុរស​ស្បែកខ្មៅ​ម្នាក់​ស្លាប់ នៅក្នុង​ប្រតិបត្តិការ​ចាប់ឃាត់​ខ្លួន របស់​ប៉ូលិស។

សកម្មភាព​បាញ់​សម្លាប់​យុវជន​Antonio Martin កាល​ពី​យប់​ថ្ងៃ​អង្គារ​ទំនង​មិន​ជួយ​បន្ថយ​កំហឹង ប៉ុន្តែ​រឹត​តែ​ដុតកំហឹង​​របស់​សហគមន៍​ប្រជាជន​ស្បែកខ្មៅ ដែល​ចោទ​ប៉ូលិស​ស្បែកស​ថា មាន​ការរើសអើង​ទៅលើ​ពួកគេ។ ជាក់ស្តែង គ្រាន់តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចាក់បញ្ចាំង​រូបភាព​យុវជន​ស្បែកខ្មៅ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ មនុស្ស​ជាច្រើន​នាក់​បាន​សម្រុក​ទៅ​កាន់​កន្លែង​កើតហេតុ និង​ប្រតាយប្រតប់​ជាមួយ​ប៉ូលិស ដែល​ត្រូវ​បញ្ជូន​យ៉ាង​សន្ធឹក​ទៅ​ពង្រឹង​សន្តិសុខ​នៅជុំ​វិញ កន្លែង​ដែល​សាកសព​យុវជន​ស្បែកខ្មៅ​នៅដេក​ស្តូកស្តឹង​នឹង​ដី មុន​នឹង​ត្រូវ​លើក​បញ្ជូន​ចូល​ឡានពេទ្យ។ ប៉ូលិស​បាន​បាញ់​ផ្សែង​ម្រេច​ដើម្បី​បំបែក​ហ្វូង​បាតុករ ក្នុង​ពេល​ដែល បុរស​បីនាក់​ត្រូវ​ប៉ូលិស​ចាប់ឃាត់ខ្លួន ក្នុង​បទ​ប្រព្រឹត្ត​អំពើហិង្សា​លើ​កងរក្សា​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ