អានតួអត្ថបទ
សហរដ្ឋអាមេរិក

ធនាគារ​អាមេរិក​នឹង​មិនដំឡើង​អត្រា​ការប្រាក់​ទេ

នៅពេលនេះ ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក កំពុងតែ​​ពិភាក្សា​លើ​ការកំណត់​អត្រា​ការប្រាក់។ នៅ​យប់នេះ ក្រោយ​ការ​ប្រជុំចប់ គេរំពឹងថា ធនាគារ​នេះ​​នឹង​សម្រេច​រក្សា​អត្រាការប្រាក់​របស់​ខ្លួន​ឲ្យ​នៅទាប​ដដែល បើទោះជា​គេ​បាន​ទទួលស្គាល់ថា ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​បាន​ប្រសើរ​ឡើង​ហើយ​ក៏ដោយ។

លោក​ប៊ែន បឺនែនកឺ (Ben Bernanke) អគ្គនាយក​ធនាគារកណ្តាល​អាមេរិក
លោក​ប៊ែន បឺនែនកឺ (Ben Bernanke) អគ្គនាយក​ធនាគារកណ្តាល​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:34

សេចក្តីរាយការណ៍​របស់ សេង ឌីណា

សេង ឌីណា

មន្រ្តី​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បាន​ប្រជុំ​គ្នា​តាំងពី​ថ្ងៃ​អង្គារ ម្សិលមិញ​ម៉្លេះ ដើម្បី​កំណត់​នយោបាយរូបិយវត្ថុ​របស់​ខ្លួន។ គេរំពឹងថា ធនាគារ​កណ្តាល​អាមេរិក​​​នឹង​​មិន​ដំឡើង​​អត្រា​ការប្រាក់​របស់​ខ្លួន​មកវិញ​ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨ អាមេរិក​បាន​កាត់បន្ថយ​អត្រាការប្រាក់​របស់​ខ្លួន​​ដល់​កម្រិត​មួយ​ទាបបំផុត គឺ​ស្ទើរតែ​ដល់​ ០% ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច។

ជាការពិតថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ច​របស់​អាមេរិក​មានភាព​រឹងមាំ​ជាងមុន។ តួលេខ​ថ្មីៗ​នេះ​បាន​បង្ហាញថា តម្លៃ​អចលនវត្ថុ​បាន​ចាប់​ផ្តើម​កើន​ឡើងវិញ ហើយ​នៅតែបន្ត​កើន​ឡើង​តទៅទៀត។ ការចំណាយ​ទូទៅ​​របស់​ប្រជាជន​អាមេរិក​ក៏​មានការកើនឡើង​ជាលំដាប់​ដែរ។

ក៏ប៉ុន្តែ អត្រាអ្នកអត់ការងារធ្វើ​នៅតែ​មានកម្រិត​ខ្ពស់។ ម្យ៉ាងវិញ​ទៀត ស្ថានភាព​​ទីផ្សារ​ហិរញ្ញវត្ថុ​នៅទូទាំងពិភពលោក​កំពុងតែ​វឹកវរ​ ដោយ​មក​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ក្រិក និង​ព័រទុយហ្កាល់។ លុយអឺរ៉ូ​បាន​ធ្លាក់​ថ្លៃ មកនៅត្រឹមតែ​ជាង ១,៣១​ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​អឺរ៉ូ ដែល​ជា​កម្រិត​មួយ​ទាប​បំផុត​មិន​ធ្លាប់​មាន ក្នុងរយៈពេល ១ឆ្នាំ​មក​នេះ។

ទាំងនេះ​ហើយ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​អាមេរិក​រក្សា​អត្រាការប្រាក់​របស់​ខ្លួន​ឲ្យ​នៅទាប។

គួរ​បញ្ជាក់ថា ការ​រក្សា​អត្រាការប្រាក់​ឲ្យ​នៅទាប ទី១ ​អាច​ជួយ​​បង្កើន​ការ​ចំណាយ​ប្រចាំថ្ងៃ​​របស់​ប្រជាជន​អាមេរិក និង​ការ​បោះទុន​វិនិយោគ ដែល​នឹង​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កើន​ឡើង។ ទី២ វា​អាច​ជួយ​ទប់​ដុល្លារ​កុំ​ឲ្យ​ឡើងថ្លៃ នៅក្នុងពេល​ដែល​លុយ​អឺរ៉ូ​កំពុងតែ​ផុយស្រួយ។ ការរក្សា​លុយ​ដុល្លារ​ឲ្យ​នៅទាប គឺ​វា​អាច​ជួយ​ជំរុញ​ការ​នាំចេញ​ផលិតផល​របស់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ