អានតួអត្ថបទ
អាមេរិក-គុយបា

លោក​អូបាម៉ា​បន្ត​ទស្សនកិច្ច​នៅ​គុយបា​ដោយ​ជួប​​ពលរដ្ឋ​គុយបា និង​ក្រុម​សកម្មជនប្រឆាំង

ថ្ងៃ​អង្គារ ទី២២ មីនា​នេះ ជា​ថ្ងៃទី២ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក្នុង​ប្រទេស​គុយបា។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​គុយបា​រ៉ាអ៊ូល កាស្រ្តូ​នា​ថ្ងៃ​ចន្ទ ទី២១ មីនា​មក លោក​អូបាម៉ា​ថ្លែង​ផ្ទាល់​ទៅ​កាន់​ប្រជាជន​គុយបា និង​ចូល​ជួប​សន្ទនា​ជាមួយ​ក្រុមសកម្មជនប្រឆាំង​គុយបា​នៅ​ថ្ងៃ​នេះ។

លោកអូបាម៉ាបន្តទស្សនកិច្ចនៅគុយបាដោយជួបជាមួយពលរដ្ឋគុយបា និងក្រុមសកម្មជនប្រឆាំង
លោកអូបាម៉ាបន្តទស្សនកិច្ចនៅគុយបាដោយជួបជាមួយពលរដ្ឋគុយបា និងក្រុមសកម្មជនប្រឆាំង REUTERS/Ivan Alvarado
ផ្សាយពាណិជ្ជកម្ម

ការ​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​គុយបា​របស់​លោក​បារ៉ាក់ អូបាម៉ា​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ដ៏​ធំ​មួយ​តាម​រយៈ​ការ​ថ្លែង​សង្កថា​រយៈពេល ៤០នាទី។ សង្កថា​របស់​ប្រធានាធិបតី​អាមេរិក​ត្រូវ​ដាក់​ផ្សាយ​បន្តផ្ទាល់​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍​សាធារណៈ​គុយបា។ នេះ​ជា​លើកទី១ គិត​តាំង​ពី ៨៨ឆ្នាំ​កន្លង​មក​ដែល​ពលរដ្ឋ​គុយបា​បាន​ស្តាប់​ឮ​សម្តី​របស់​ប្រធានាធិបតី​អាមេរិក​ដោយ​ផ្ទាល់​ក្នុង​ទឹកដី​របស់​ខ្លួន។ ពលរដ្ឋ​គុយបា​ទូទៅ​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​សង្កថា​របស់​លោក​អូបាម៉ា​នឹង​ខុស​ពី​ខ្លឹមសារ​នៃ​សង្កថា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គុយបា​ដែល​គេ​បាន​ឮ​សឹង​តែ​រាល់​ថ្ងៃ។

នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​សមភាគី​គុយបា​លោក​រ៉ាអ៊ូល កាស្រ្តូ​នៅ​ថ្ងៃ​ចន្ទ ទី២១ មីនា លោក​បារ៉ាក់ អូបាម៉ា​បាន​និយាយ​ពី​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាមេរិក​បន្ត​រក្សា​ការពារ​មិន​ថា​សម្រាប់​ប្រទេស​ណា​ទេ និង​ថា គ្មាន​នរណា​ម្នាក់​អាច​សម្រេច​ជោគវាសនា​របស់​ប្រទេស និង​ពលរដ្ឋ​គុយបា ក្រៅ​ពី​ប្រជាជន​គុយបា​ខ្លួន​ឯង​ទេ។ គួរ​រម្លឹក​ជូន​ថា គុយបា​ជា​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ និង​ដែល​កំពុង​បន្ត​ស្ថិត​ក្រោម​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អាមរិកាំង​មក​ដល់​សព្វថ្ងៃ នោះ​បើ​ទោះ​បី​ជា​ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ​ទើប​បាន​ផ្តើម​រកិល​រក​គ្នា​វិញ​ក៏​ដោយ។

ក្រៅ​ពី​ថ្លែង​សង្កថា​ទៅ​កាន់​ពលរដ្ឋ​គុយបា លោក​អូបាម៉ា​ក៏​ជួប​ជាមួយ​ក្រុមសកម្មជន​ប្រឆាំង​ចំនួន ១៥នាក់​ដែរ។ ជំនួប​នោះ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ក្រសែ​ភ្នែក​ថ្នាក់ដឹក​គុយបា ព្រោះ​ត្រូវ​រៀបចំ​នៅ​ខាង​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ឡាហាវ៉ាន។ បន្ទាប់​មក និង​មុន​នឹង​ចាកចេញ​ពី​គុយបា លោក​អូបាម៉ា​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​កីឡាបេស្បល​រវាង​ក្រុមកីឡាករ​ជាតិ​គុយបា និង​ក្រុមកីឡាករ​អាមេរិក​មក​ពី​រដ្ឋ Floride៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ