អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​អូបាម៉ា​មិន​ទាន់​អើពើ​ពី​ការ​ជាប់​ឆ្នោត​ថ្មី​របស់​លោក​នេតាន់យ៉ាហ៊ូ

នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ​ម្សិលមិញគឺ​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​អ្នក​បាន​ផ្ញើ​សារ​អបអរសាទរ​មុន​គេ​ចំពោះ​ការ​ជាប់​ឆ្នោត​សា​ជា​ថ្មី​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូបន្ទាប់​ពី​ការ​ធ្វើ​បទសុន្ទរកថា​ដ៏​ចម្រូងចម្រាស​របស់​លោក​នៅ​ឯ​សភាអាមេរិក​កាល​ពី​ពីរសប្តាហ៍​មុន។

លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ និង​លោក​​ប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ និង​លោក​​ប្រធានាធិបតី​អាមេរិក​អូបាម៉ា (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

លោក Jeb Bush ដែល​ជា​បេក្ខជន​មិនទាន់​ជា​ផ្លូវការ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​ខាង​មុខ​បាន​សរសេរ​ក្នុង​គណនី Twitter របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ សូម​អបអរសាទរ​លោក​នាយក​រដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​ចំពោះ​ការ​ជាប់ឆ្នោត​ជាថ្មី​របស់​លោក។ លោក​គឺ​ជា​អ្នកដឹកនាំ​ដ៏​ពិតប្រាកដ​ដែល​នឹង​បន្ត​ធានា​សន្តិសុខ និង​កំលាំង​របស់​ប្រទេស​អ៊ីស្រាអែល។ ចំណែក​លោក Bob Corker សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​គណៈកម្មការកិច្ចការ​បរទេស​បានប្រកាសថា៖ ប្រជាធិបតេយ្យ​ដែល​ចំ​ណាស់​ជាង​គេ និង​មាន​ស្ថិរភាព​ជាង​គេ​នៅ​ក្នុង​មជ្ឈិមបូព៌ា​ត្រូវ​បាន​គេ​បោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​ការ​ប្រកួត​យ៉ាង​ក្តៅ គគុក ហើយ​នឹង​បង្កើត​នូវ​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​សន្តិវិធី និង​យើង​សូម​អបអរសាទរ​ដល់​លោក​នេតាន់ យ៉ាហ៊ូ​ចំពោះ​ការ​ទទួល​ជ័យជម្នះ និង​ដល់​លោក Herzog សម្រាប់​យុទ្ធនាការ​ប្រកួតប្រជែង​របស់​លោក ហើយ​យើង​រង់ចាំ​ដើម្បី​បន្ត​ធ្វើការ​ជាមួយ​គ្នា​លើ​ផលប្រយោជន៍​រួម​របស់​យើង។

លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​សរសេរ​ក្នុង​សេក្តីថ្លែងការ​របស់​ខ្លួន​ថា៖ ការ​ជាប់ឆ្នោត​របស់​លោក​នេតាន់យ៉ាហ៊ូ គឺ​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ខណៈ​ដែល​កម្លាំង​ដ៏​មាន​ឥទ្ធិពល​បាន​ព្យាយាម​ធ្វើ​ឲ្យ​នេតាន់យ៉ាហ៊ូ​ចុះខ្សោយ ជា​ពិសេស​ពី​ក្រុម​នយោបាយ​របស់​លោក​អូបាម៉ា។ ជារួម​យើង​សង្កេត​ឃើញ​ថា​ភាគច្រើន គឺ​អ្នកនយោបាយ​ខាង​អភិរក្សនិយម និង​ប្រឆាំង​នឹង​លោក​អូបាម៉ា​ដែល​រវាសរវៃ​ជាង​គេ​ក្នុង​ការ​សរសេរ​សារ​អបអរសាទរ​លោក​នេតាន់យ៉ាហ៊ូ​ដើម្បី​ជា​ការ​ចំអកឡកឡាយ​ដោយ​មិន​ផ្ទាល់​ចំពោះ​លោក ប្រធានធិបតី​អូបាម៉ា​ដែល​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។

ចំណែក​អ្នកនយោបាយ​ខាង​ប្រជាធិបតេយ្យ​វិញ​ហាក់​ដូច​ជា​នៅ​ស្ងៀមស្ងាត់​នៅ​ថ្ងៃពុធ​នេះ​ដោយ​មិនមាន​ប្រតិកម្ម​អ្វី​ពី​លទ្ធផល​បោះឆ្នោត​នេះ​ទេ។ ហើយ​មក​ដល់​ម៉ោង​នេះ​នៅ​លើ​គណនី Twitter ទាំង​របស់​លោក​អូបាម៉ា ទាំង​របស់​សេតវិមាន​ក៏​គ្មាន​អើពើ​ពី​រឿង​នេះ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត គេ​សង្កេត​ឃើញ​ថា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចៀសវាង​ការ​រិះគន់​ដោយ​ផ្ទាល់​លើ​លោក​នេតាន់យ៉ាហ៊ូ ដោយ​បាន​លើក​សរសើរ​តែ​ពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត និង​វប្បធម៌​រវាង​ប្រទេស​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ