អានតួអត្ថបទ
អាមេរិក-គុយបា

លោក​អូបាម៉ា​ស្នើឲ្យ​សភា​អាមេរិក​ដក​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​នៃ​ប្រទេស​គំាទ្រ​ភេរវនិយម

នៅ​ថ្ងៃ​អង្គារ ទី១៤ មេសា លោក​ប្រធានាធីបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ប្រាប់​សភា​អាមេរិក​ពី​គោលបំណង​របស់​លោក​ក្នុង​ការ​លុប​ឈ្មោះ​ប្រទេស​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​គំាទ្រ​ភេរវនិយម។ ការ​សម្រេចចិត្ត​របស់​លោក​អូបាម៉ា​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង ៣ថ្ងៃ​ក្រោយ​ពី​លោក​បាន​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ​នា​ឱកាស​ជំនួបកំពូល​អាមេរិក​លើកទី៧ ក្នុង​ប្រទេស​បាណាម៉ា។ គួរ​រម្លឹក​ជូន​ថា អាមេរិក​បាន​ដាក់​គុយបា​ក្នុង​បញ្ជី​ក្រុម​ប្រទេស​គំាទ្រ​ភេរវនិយម​តំាង​ពី​ឆ្នំា ១៩៨២ មក​ម្ល៉េះ។

លោក​​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ និង​លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា
លោក​​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ និង​លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោក​អូបាម៉ា​បាន​ស្នើ​ឲ្យ​សភា​អាមេរិក​ដក​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​នៃ​ក្រុមប្រទេស​គំាទ្រ​ភេរវនិយម​ពេល​នេះ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិន​ភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល​ព្រោះ​វា​បាន​ធ្វើ​ឡើង ៣ថ្ងៃ​ក្រោយ​ពី​មាន​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​អូបាម៉ា និង​សមភាគី​គុយបា​រ៉ាអ៊ូ កាស្រ្តូ​នា​ឱកាស​ជំនួបកំពូល​អាមេរិក​លើក​ទី៧ ក្នុង​ប្រទេស​បាណាម៉ា។ គឺ​ជា​ជំនួប​លើក​ទី១ រវាង​ប្រមុខ​រដ្ឋ​អាមេរិក និង​គុយបា​តំាង​ពី​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ឡាហាវ៉ាន​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ក្នុង​ឆ្នំា ១៩៦១ ដែល​ជា​ឆ្នំា​កំណើត​របស់​លោក​អូបាម៉ា។ តែ​វា​ជា​រឿង​មិន​ភ្ញាក់ផ្អើល ព្រោះ​ការ​លប់​ឈ្មោះ​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​អាមេរិក​នៃ​ក្រុមប្រទេស​គំាទ្រ​ភេរវនិយម គឺ​ជា​ល័ក្ខខ័ណ្ឌ​មួយ​ក្នុង​ចំណោម​ល័ក្ខខ័ណ្ឌ​ផ្សេង​ទៀត​ដែល​គុយបា​បាន​ទាមទារ មុន​នឹង​គុយបា​អាច​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​អាមេរិក​ឡើង​វិញ។

គួរ​រម្លឹក​ជូន​បន្តិច​ថា តំាង​ពី​ក្រោយ​ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​អូបាម៉ា​នា​ខែ​ធ្នូ ឆ្នំា ២០១៤ ក្នុង​ការ​ចាប់​ដៃ​ជាមួយ​គុយបា​ឡើង​វិញ​មក ប្រធានបទ​នៃ​ការ​លុប​ឈ្មោះ​គុយបា​ចេញ​ពី​ប្រទេស​គំាទ្រ​ភេរវនិយម​ត្រូវ​បាន​អតីត​គូសត្រូវ​ជិតខាង​ទំាង​ពីរ​លើក​យក​ទៅ​ជជែក​គ្នា​ចំនួន​ពីរ​ដង គឺ​ក្នុង​ខែ​មករា​នៅ​ទីក្រុង​ឡាហាវ៉ាន និង​ក្នុង​ខែ​កុម្ភៈ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

ហេតុផល​ដែល​បាន​ជម្រុញ​ឲ្យ​លោក​អូបាម៉ា​សម្រេច​ចិត្ត​ពេល​នេះ

ការ​សម្រេចចិត្ត​របស់​លោក​អូបាម៉ា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​ផ្ញើ​ទៅ​កាន់​សភា​នៅ​ថ្ងៃ​អង្គារ ទី១៤ មេសា។ នៅ​ក្នុង​សេចក្តីជូន​ដំណឹង​នោះ លោក​អូបាម៉ា​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា រដ្ឋាភិបាល​នៃ​ប្រទេស​គុយបា​មិន​បាន​ផ្តល់​ការ​គាំទ្រ​ណា​មួយ​ចំពោះ​អង្គការ​ភេរវនិយម​អន្តរជាតិ​នា​រយៈពេល ៦ខែ​ចុង​ក្រោយ​នេះ​ទេ។ គួរ​ជម្រាប​ជូន​ថា ពី​ដំបូង​ឡើយ រដ្ឋបាល​អាមេរិកំាង​មិន​បាន​ចាត់​ទុក​រឿង​ដក​គុយបា​ចេញ​ពី​បញ្ជី​ប្រទេស​គំាទ្រ​ភេរវនិយម​ជា​ប្រធានបទ​អាទិភាព​នៅ​ក្នុង​កិច្ចចរចា​ទេ តែ​គឺ​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ផ្តល់​អនុសាសន៍​ឲ្យ​គិតគូរ​លើ​បញ្ហា​នេះ​មុន​គេ ព្រោះ​វា​ជា​ឆ្អឹងទទឹង ក សម្រាប់​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​គូសបញ្ជាក់​ថា កាលៈទេសៈ និង​បរិបទ​ពិភពលោក​សព្វថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន បើ​ធៀប​នឹង​ឆ្នំា ១៩៨២ ពោល​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង ៣៣ឆ្នំា​មុន។ ក្រៅ​ពី​ក្រសួង​ការបរទេស បំណង​ចង់​ឲ្យ​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​នៃ​ក្រុមប្រទេស​គំាទ្រ​ភេរវនិយម​ក៏​ជា​អនុសាសន៍​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិកំាង​ដែរ។ បច្ចុប្បន្ន​នេះ មាន ៤ប្រទេស​កំពុង​ស្ថិត​ក្នុង​បញ្ជីខ្មៅ​អាមេរិក​នៃ​ប្រទេស​គំាទ្រ​ភេរវនិយម គឺ​ស៊ីរី​ក្នុង​ឆ្នំា ១៩៧៩ គុយបា​ក្នុង​ឆ្នំា ១៩៨២ អ៊ីរ៉ង់​ក្នុង​ឆ្នំា ១៩៨៤ និង​ប្រទេស​ស៊ូដង់​ក្នុង​ឆ្នំា ១៩៩៤។

គឺ​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Reagan ដែល​បាន​ចុះ​គុយបា​ក្នុង​បញ្ជីខ្មៅ​ជា​ប្រទេស​គំាទ្រ​ភេរវនិយម​ក្នុង​ឆ្នំា ១៩៨២។ កាល​ណោះ អាមេរិក​បាន​ចោទ​គុយបា​ពី​បទ​បាន​គំាទ្រ​ក្រុម​ឧទ្ទាម Farc ក្នុង​ប្រទេស​កូឡុំប៊ី និង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកដី​និយម ETA ក្នុង​ប្រទេស​អេស្បាញ។

បើ​សភា​បដិសេធ លោក​អូបាម៉ា​ប្រើ​សិទ្ធិវ៉េតូ

នៅ​ពេល​នេះ សំណើ​របស់​លោក​អូបាម៉ា​កំពុង​ស្ថិត​ក្នុង​ដៃ​សភាអាមេរិក​ដែល​គណបក្សប្រឆំាង គឺ​គណបក្ស​សាធាណរដ្ឋ​កំពុង​មាន​សម្លេង​ភាគច្រើន។ បើ​​គេ​ពិនិត្យ​មើល​លើ​ប្រតិកម្ម​ទូទៅ​ឃើញ​ថា សំណើ​របស់​លោក​អូបាម៉ា​បាន​ទទួល​ការ​គំាទ្រ​ផង និង​ប្រឆំាង​ពី​គណបក្សប្រឆំាង គឺ​គណបក្ស​សាធារណរដ្ឋ​ក៏​ដូច​ជា​គណបក្សប្រជាធិបតេយ្យ​របស់​លោក។ ជារួម សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា​ដែល​ចេញ​មុខ​ប្រឆំាង​នឹង​លោក​អូបាម៉ា​ច្រើន​ជា​មនុស្ស​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​គុយបា។ យ៉ាង​ណា​ក៏​ដោយ និង​បើ​ផ្អែក​តាម​នីតិវិធី សភាអាមេរិក​មាន​រយៈពេល ៤៥ថ្ងៃ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​អង្គារ ទី១៤ មេសា​ដើម្បី​ទទួល​យក ឬ​បដិសេធ​សំណើ​របស់​លោក​អូបាម៉ា។

នៅ​ក្នុង​ករណី​ណា​ដែល​សភា​ច្រាន​ចោល​សំណើ​របស់​លោក​អូបាម៉ា​នោះ លោក​អូបាម៉ា​នឹង​ប្រើ​សិទ្ធិវ៉េតូ​ដើម្បី​ប្រឆំាង​តប​វិញ មាន​ន័យ​ថា ការ​លុប​គុយបា​ចេញ​ពី​បញ្ជីខ្មៅ​នៃ​ប្រទេស​គំាទ្រ​ភេរវនិយម​នៅ​តែ​អាច​ធ្វើ​បាន​ដដែល។ ដូច្នេះ​ឃើញ​ថា ក្រុមគណបក្សប្រឆំាង​ប្រហែល​ជា​គ្មាន​ប្រយោជន៍​អ្វី​នឹង​បោះឆ្នោត​ប្រឆំាង​សំណើ​របស់​លោក​អូបាម៉ា​ឡើយ។ អ៊ីចឹង ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រទេស និង​ប្រជាជន​គុយបា​នៅ​តែ​មាន។ ប្រជាជន​គុយបា​ភាគច្រើន​បាន​នំា​គ្នា​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​អូបាម៉ា ព្រម​ទំាង​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​លោក​ថា ប្រកប​ដោយ​ភាព​ក្លាហាន។

ប្រសិន​បើ​គុយបា​លែង​ស្ថិត​ក្នុង​បញ្ជីខ្មៅ​អាមេរិក​ហើយ នោះ​គុយបា​អាច​នឹង​ផ្តើម​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​អាមេរិក​ឡើង​វិញ អាច​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​អាមេរិក ឬ​មួយ​ក៏​ខ្ចី​លុយកាក់​ពី​ស្ថាប័ន​អន្តរជាតិ​នានា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស។ ជំហាន​បន្ទាប់​របស់​គុយបា គឺ​សុំ​ឲ្យ​អាមេរិក​លើ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​ដាក់​លើ​គុយបា​តំាង​ពី​ឆ្នំា ១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ