អានតួអត្ថបទ
អាមេរិក

អាមេរិក​គ្រោង​ផលិត​យន្តហោះ​ទម្លាក់គ្រាប់បែក​ប្រភេទ​ថ្មី សម្រាប់​ជំនួស B-52

មន្ទីរបញ្ចកោណ​អាមេរិក​នឹង​ប្រកាស​នៅពេល​ឆាប់ៗ ខាងមុខ ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ឈ្នះ​ដេញថ្លៃ យក​បាន​កុងត្រា​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក។ ក្រសួងការពារ​ជាតិ គ្រោង​នឹង​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក ថ្មី​ចុងក្រោយ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ជំនួស​យន្តហោះ​ទម្លាក់​គ្រាប់បែក ធុន B-52 ដ៏ល្បីល្បាញ ដែល​អាមេរិក​ធ្លាប់​ប្រើ​កន្លងមក។ 

យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដ៏ល្បីល្បាញ​របស់​អាមេរិក B52 ដែល​មាន​សមត្ថភាព​ដឹកទៅ​តម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ
យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដ៏ល្បីល្បាញ​របស់​អាមេរិក B52 ដែល​មាន​សមត្ថភាព​ដឹកទៅ​តម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ (PhotoTime Life Pictures/Us Air Force/Getty Images)
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារ​ជាតិ​អាមេរិក​ត្រូវ​សម្រេច​នៅខែ​កញ្ញា​នេះ ថា តើ​ក្រុមហ៊ុន​ណាមួយ ដែល​នឹង​ទទួល​បាន​សិទ្ធិ​ផលិត​យន្តហោះ ទម្លាក់គ្រាប់បែក​ប្រភេទថ្មី ដែល​នឹង​ត្រូវគេ​យក​ទៅ​ប្រើ​ជំនួស បន្ត ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52។ តើ​ក្រុមហ៊ុនNorthrop ឬ​ក្រុមហ៊ុន​Boeing ដែល​ចងសម្ព័ន្ធ​ជាមួយ​ក្រុម​Lockheed Martin ដែល​នឹង​ទទួល​បាន​កុងត្រា​សង់​ផលិត​យន្តហោះ​ទម្លាក់គ្រាប់បែក​អាមេរិក​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារនោះ?

 
រហូតមក រាល់​ដំណឹង​ស្តី​ពី​គម្រោង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក ជំនាន់​ចុងក្រោយ ត្រូវ​បាន​មន្ទីរបញ្ចកោន​អាមេរិក​បិទលាក់​យ៉ាងជិត។ នៅក្នុង​សប្តាហ៍នេះ លោក​វីលីយ៉ាម ឡាផ្លេន William Laplante អ្នកទទួលខុសត្រូវ​លើ​គម្រោង​ទិញ យន្តហោះ សម្រាប់​កងទ័ព​អាមេរិក បាន​និយាយ បែប​លេងសើច​ថា ក្រៅតែ​ពីតម្លៃ​យន្តហោះ ដែល​មាន​ប្រមាណ ៥០០​លាន​ដុល្លារ ក្នុង​មួយគ្រឿង ព័ត៌មាន​អ្វី​ផ្សេងទៀត សុទ្ធ​តែ​សម្ងាត់ មិនអាច​បញ្ចេញ​ឲ្យ​សាធារណជន​ដឹងបាន។

តាម​CSBA ក្រុម​សិក្សា​លើ​កម្មវិធី​ការពារជាតិ​អាមេរិក កម្មវិធី​ផលិត អនាគត​យន្តហោះ​ទម្លាក់គ្រាប់បែក​អាច​មាន​តម្លៃ ៧៣ ពាន់​លាន​ដុល្លារ។ កម្មវិធី​នេះ ជាប់​ចំណាត់​ថ្នាក់​ទី ៦ ក្នុង​ចំណោម​កម្មវិធី​សព្វាវុធ​អាមេរិក ដែល​តម្លៃ​ថ្លៃ កប់ពពក ជាពិសេស កម្មវិធី​ផលិត​យន្តហោះ​ប្រដេញ F 35 ដែល​មាន​តម្លៃ​ដល់​ទៅ ៤០០ពាន់​លាន​ដុល្លារ។

កងទ័ព​អាមេរិក​ធ្លាប់​បាន​ពន្លយ​ឲ្យ​ដឹងរួចហើយ គេ​ត្រូវការ​យន្តហោះ​ទម្លាក់គ្រាប់បែក​ទំនើប​ចុងក្រោយ នេះ ពី​៨០ ទៅ ១០០​គ្រឿង សម្រាប់​បំពាក់​ឲ្យ​កងទ័ព​ជើងអាកាស​អាមេរិក នៅអំឡុង​ឆ្នាំ ២០២០។

សម្រាប់​មន្រ្តីយោធា​អាមេរិក គម្រោង​ផលិត​យន្តហោះ​ថ្មី ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជំនួស យន្តហោះ​ទម្លាក់គ្រាប់​ដ៏​ល្បីឈ្មោះ B-52 នៅ​ជា​រឿង​សម្ងាត់​នៅឡើយ។ ប៉ុន្តែ តាម​លោក​Richard Aboulafia អ្នកជំនាញ​ខាង​យានអវកាស​អាមេរិក គេ​ដឹងខ្លះៗ​ហើយ​ពី​លក្ខណៈ​ពិសេស​របស់​អនាគត​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​ត្រូវ​កសាង​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​អាមេរិក។ អាច​មានរូបរាង​ស្តើង ដូច​ប្រភេទ B២ យន្តហោះ​ទម្លាក់​គ្រាប់បែក​ថ្មី មិនសូវ​បញ្ចេញ​លឺសូរ​សំឡេង​ខ្លាំង និងវា​អាច ដឹក​គ្រាប់បែក​នុយក្លេអ៊ែរ។ លក្ខណៈ​ពិសេស​របស់​វា​មួយទៀត គឺ​មិនឲ្យ​គេ​ចាប់សញ្ញា​រ៉ាដា​របស់វា​បាន ជាពិសេស នៅពេល​ហោះ​ក្នុង​តំបន់​របស់ គូសត្រូវ ដែលមាន​បំពាក់​ប្រព័ន្ធ​រ៉ាដា ចាប់​សញ្ញា​យន្តហោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ