អានតួអត្ថបទ
អាមេរិក

ទីភ្នាក់ងារ​សន្តិសុខជាតិ (NSA) រង​ការ​វាយប្រហារ

កាល​ពី​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ មាន​ការ​បាញ់​ប្រហារ​គ្នា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ច្រកចូល​នៃ​ទីស្នាក់ការ កណ្តាល​នៃ​ទីភ្នាក់ងារ​សន្តិសុខជាតិ (NSA) របស់​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន Fort Meade ក្នុង​រដ្ឋ Maryland ក្បែរ​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាង​ហោចណាស់​ពីរនាក់​បាន​រង​របួស នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ចន្ទ។

ទីភ្នាក់ងារ​សន្តិសុខជាតិ (NSA) រង​ការ​វាយប្រហារ
ទីភ្នាក់ងារ​សន្តិសុខជាតិ (NSA) រង​ការ​វាយប្រហារ REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តីរាយការណ៍​ពត៌មាន​តាម​ខ្សែ​ទូរទស្សន៍ CNN​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​មួយគ្រឿង​បាន​ព្យាយាម​សម្រុក​ទំលុះទ្វារ​នៅ​ច្រក​ចូល​នៃ​ទីស្នាក់ការ​កណ្តាល​នៃ​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក មុន​នឹង​មាន​ស្នូរ​កាំភ្លើង​បាញ់រះ​បាន​ផ្ទុះ​ឡើង។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស និង​មនុស្ស​ម្នាក់​ទៀត​ក្នុង​រថយន្ត​បង្ក​ហេតុ​បាន​ស្លាប់ នេះ​បើ​តាម​ប្រភព​ពត៌មាន CNN។ ដោយឡែក ពត៌មាន ក្នុង​ស្រុក​បាន​គូស​បញ្ជាក់​ថា​យ៉ាង​ហោច​ណាស់​មាន មនុស្ស​ពីរ​នាក់​រងរបួស និង​ត្រូវ​បាន​នាំ​យក ទៅ​កាន់ មន្ទីរពេទ្យ ហើយ​បើ​តាម MyFoxDC របស់ប​ណ្តាញ​ទូរទស្សន៍ Fox News វិញ គឺ​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់។

ចំណែក​ខាង​អាជ្ញាធរ​វិញ មាន​កងទ័ព​អាមេរិក​ក៏​បាន​បញ្ជាក់​ថា​ពិត​ជា​មាន​មនុស្ស​ពីរនាក់​ទទួល​រង​របួស​មែន តែ​កងទ័ព​អាមេរិក​មិន​បាន​បញ្ជាក់​ផង​ទេ​ថា​តើ​ការ​រងរបួស​មាន​ភាព​ធ្ងន់ធ្ងរ​កំរិត​ណា​នោះ​ទេ។ ហើយ​យ៉ាង​ណា​ក៏​ដោយ​ទាំង កងទ័ព​អាមេរិក​ទាំង FBI ដែល​បាន​ចុះ​អន្តរាគមន៍​ធ្វើ​អង្កេតការណ៍​ហាក់ មិន​ចង់​បញ្ជាក់​ថា​មាន​ការ​ស្លាប់​នោះ​ទេ។ ឯ ទីភ្នាក់ងារ​សន្តិសុខជាតិ NSA វិញ​មិន​ព្រម​ឆ្លើយ​សំណួរ​អ្វី​ទាំង​អស់​ទៅ​កាន់​អ្នកយក​សារពត៌មាន AFP ខណៈពេល​ដែល​ការិយាល័យ​ស៊ើបអង្គេត​រដ្ឋសហព័ន្ធ FBI យល់​ថា ហេតុការណ៍​នេះ​មិន​មាន​ចំណង​ទាក់ទង​នឹង​ភេរវកម្ម​អ្វី​នោះ​ទ។

គួរ​រំលឹក​ផង​ដែរ​ថា​ ទីភ្នាក់ងារ​សន្តិសុខជាតិ NSA គឺ​ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​មួយ​របស់​អាមេរិក​ដែល​ទទួល​បន្ទុក​ក្នុង​ការ​ប្រមូល និង​វិភាគសារ និង​សញ្ញា​អេឡិចត្រូនិក​សំរាប់​ការ​ស៊ើបការណ៍សម្ងាត់ និង​ចារកម្ម​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។ ទីស្នាក់ការ​ដ៏​ធំ​សម្បើម​នៅ Fort Meade ក្នុងរដ្ឋ Maryland ក៏​ប្រមូល​ផ្តុំ​ផង​ដែរ​នូវ បញ្ជាការ​យោធា​អាមេរិក​សម្រាប់​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទីភ្នាក់ងារ​អាមេរិក​ជា​ច្រើន​ទៀត ជា​សរុប​មាន​ទាហាន​ប្រមាណ​ជាង ១១ ០០០ នាក់ និង​ជនស៊ីវិល​ជាង ២៩ ០០០ ធ្វើការ​នៅ​មូលដ្ឋាន Fort Meade នោះ។ បើ​ទោះ​ជា​ស្ថានភាព​ដែល​កើត​ឡើង​នេះ ហាក់​ត្រូវ​បាន​គ្រប់គ្រង​បាន​យ៉ាង​ឆាប់​រហ័ស​ដោយ​អាជ្ញាធរ តែ​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​មក​ទល់​នឹង​ម៉ោង​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ