អានតួអត្ថបទ
អាមេរិក

FMI​កែប្រែ​ការព្យាករណ៍​ និងថា ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ​បន្តិចវិញ នៅ​ឆ្នាំ២០១៥ និង​ឆ្នាំ ២០១៦

កំណើន​សេដ្ឋកិច្ច​ពិភពលោក​ នឹង​ល្អប្រសើរ​ឡើង​បន្តិច នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ តាម​ការព្យាករណ៍​ទុក​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​គេ​ឃើញ​មាន​នៅក្នុង​របាយការណ៍​ប្រចាំ​ឆមាស ចុះផ្សាយ កាលពីថ្ងៃ​អង្គារ ទី ១៤​មេសា កំណើនសេដ្ឋកិច្ច​របស់​អឺរ៉ុប និង​ជប៉ុន​មាន​លក្ខណៈ​វិជ្ជមាន ប៉ុន្តែ អវិជ្ជមាន​សម្រាប់​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​ថ្មី ដូចជា​ចិន ជាដើម។ អង្គការ​FMI​បាន​ចេញ​របាយការណ៍​ស្តីពី​សេដ្ឋកិច្ច​ពិភពលោក នៅមុន​ការបើក​កិច្ចប្រជុំ​របស់​ខ្លួន ដែល​ត្រូវ​ធ្វើ​នៅ​សប្តាហ៍នេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន។ 

របាយការណ៍​របស់​អង្គការ​ FMIកាលពី​ឆ្នាំ 2014.
របាយការណ៍​របស់​អង្គការ​ FMIកាលពី​ឆ្នាំ 2014.
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំ​ឆមាស អង្គការ​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ FMI​បាន​លើក​ឡើង​ពី​កំណើន​សេដ្ឋកិច្ច ជា​វិជ្ជមាន​របស់​ពិភពលោក​ទាំងមូល។ តាម​ FMI ផលិត​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក PIB​នឹង​កើនឡើងបន្ថែម​១% គឺ​ច្រើន​ជាង​ការរំពឹង​ទុក​ដែល​មាន​ត្រឹម ០,៦ភាគរយ​ប៉ុណ្ណោះ។ ជាទូទៅ កំណើន​សេដ្ឋកិច្ច​ចាប់​ល្អ​ឡើងវិញ នៅ​អឺរ៉ុប និង​នៅ​ប្រទេស​ជប៉ុន ក្នុង​ពេល​ដែល​កំណើន​របស់​អាមេរិក​ស្ថិតនៅ​នឹង​ថ្កល់។ ជាមួយ​គ្នានេះ គេ​ចាប់ឃើញ​សញ្ញា​មិន​សូវល្អ នៅបណ្តា​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ថ្មី។ កំណើន​សេដ្ឋកិច្ច​របស់​ចិន រុស្ស៊ី និង​ប្រេស៊ីល​នឹងធ្លាក់​ថយចុះ នៅ​ឆ្នាំ​ក្រោយ ជាពិសេស រុស្ស៊ី ដែល​ឃើញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់​ចុះ​ពី​៣,៨%​នៅឆ្នាំនេះ ដល់​១,១% នៅ​ឆ្នាំ​ក្រោយ។ ក្នុង​ចំណោម​ប្រទេស​សមាជិក​BRICS មាន​តែ​ឥណ្ឌា កូនសិស្ស​ល្អ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ល្អ និង​ថេរ នៅ​ឆ្នាំនេះ និង​ឆ្នាំ ក្រោយ គឺ​ប្រមាណ ៧,៥%។

 
កំណើន​សេដ្ឋកិច្ច​ពិភពលោក​កើន​ឡើង​បន្តិច ដោយ​មក​ពី​តម្លៃ​ប្រេង​ចុះថោក ជាទូទៅ ក្នុង​ពិភពលោក។ តាម​អ្នកសរសេរ​របាយការណ៍​របស់​ FMI សេដ្ឋកិច្ច​ជប៉ុន និង​អឺរ៉ុប​បាន​ទទួល​ផល​ប្រយោជន៍ ពី​តម្លៃ​ប្រេង ដែល​ធ្លាក់ចុះ ជាង ៤៥ភាគរយ គិត​តាំង​ពីខែ​កញ្ញា​ឆ្នាំមុខ។

កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ប៉ុន្តែ គេ​មិន​ត្រូវ​ត្រេកអរ ខ្វះ​ការប្រុងប្រយ័ត្ន​ដែរ។ តាម FMI កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ហៅថា BRICS ដែលនៅក្នុង​នោះ មាន​ចិន រុស្ស៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង បាន​ធ្លាក់ចុះ៤​ឆ្នាំ​ជាប់គ្នា។ គេ​បាន​ពន្យល់​ថា ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ចិន​មិន​បោះជំហាន​ទៅមុខ ដូចការព្យាករ​ទុកមុន ប្រទេស​ កំពុង​អភិវឌ្ឍន៍ មួយ​ចំនួន ដែល​រស់ពឹង​អាស្រ័យ​លើ​ការធ្វើ​ពាណិជ្ជកម្ម នាំចេញ​វត្ថុធាតុ​ដើម ឬ​ប្រេង ជាមួយ​ប្រទេស​ចិន ក៏​កំពុង​រង​ប៉ះពាល់​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​មិន​សូវ​ល្អ​របស់​ចិន ដែរ។ ​រុស្ស៊ី និង​វេណេស៊ុយអេឡា ជាដើម កំពុង​ខាតបង់ ដោយសារ​តែ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះជិត ជិត ៥០%។ មួយ​វិញ​ទៀត តាម​អង្គការ​ FMI ការឡើង​ថ្លៃ​នៃ​ប្រាក់ដុល្លារ​ អាមេរិក​ក៏​អាច​ជា​គ្រោះថ្នាក់​សំខាន់​មួយ​សម្រាប់​ប្រទេស​ដែល​មាន​ជាប់បំណុល​ជា​ប្រាក់​ដុល្លារ។ គ្រោះថ្នាក់​ក៏​មាន​កាន់តែ​ធំ ទៅទៀត សម្រាប់​ប្រទេស​នាំចេញ​ប្រេង ដែល​កំពុង​មាន​សេដ្ឋកិច្ច​ផុយស្រួយ​រួចទៅ​ហើយ​នោះ។

ជាចុង​ក្រោយ អង្គការ FMI​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្តល់​ដំបូន្មាន ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឲ្យ​ធ្វើ​កំណែ​ទម្រង់ រចនាសម្ព័ន្ធ​ឡើងវិញ។ កំណែទម្រង់​រចនាសម្ព័ន្ធ ដែល​ FMI​ធ្លាប់​តែ​ប្រាប់​ទៅ​ប្រទេស​អ្នកមាន​កន្លង​មក។ ក្នុង​កំណែទម្រង់​ស្នើ​ដោយ​ FMI គេឃើញ​មាន​ការកែលម្អ ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បី​ទទួល​យក​បាន​ថាមពល អគ្គសិនី ការលុបចោល របង​រនាំង​ដែល​ជា​ឧបសគ្គ​នៃ​ការធ្វើ​ជំនួញ ការវិនិយោគ។ ចុងក្រោយ គឺ​ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​អប់រំ និង​ទីផ្សារ​ការងារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ