អានតួអត្ថបទ
អ.ស.ប.-អាវុធគីមី

អង្គការសហប្រជាជាតិបានបញ្ជាក់ជាថ្មីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី

នៅ​ថ្ងៃ​សុក្រ ទី២២ វិច្ឆិកា សមាជិក​ទាំង ១៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធគីមី។ ការ​មូលមតិ​គ្នា​លើ​សំណុំរឿង​មួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រើប្រាស់​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី ការ​ប្រើ​អាវុធគីមី​លើ​ជនជាតិ​រុស្ស៊ី​លោក Skripal នៅ​ក្នុង​ប្រទេស​អង់គ្លេស ឬ​មួយ​លើ​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​អាកាសយានដ្ឋាន​ទីក្រុង​គូឡាឡាំពួរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជា​ដើម។

ទីស្នាក់ការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ទីស្នាក់ការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Manuel ELIAS / UNITED NATIONS / AFP
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាម​គំនិតផ្តួចផ្តើម​របស់​ប្រទេស​អង់គ្លេស ក្រុមប្រឹក្សាសន្តិសុខ​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រើប្រាស់​អាវុធគីមី​ជា​ការ​បំពាន​ច្បាប់អន្តរជាតិ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការប្រើប្រាស់​អាវុធគីមី។ សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​អាវុធគីមី​នៅ​ទីកន្លែង​ណា​ក៏​ដោយ ដោយ​អ្នក​ណា​ក៏​ដោយ ក្នុង​គោលដៅ​អ្វី​ក៏​ដោយ និង​នៅ​ក្នុង​បរិបទ​ណាម​មួយ​ក៏​ដោយ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ និង​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។

ការ​ឯកភាព​គ្នា​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​បញ្ជាក់​ជា​ថ្មី​ពី​ការ​ហាមឃាត់អាវុធ​គីមី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាវុធគីមី​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​សង្រ្គាម ឬ​ទៅ​សម្លាប់​មនុស្ស​ជា​ផ្ទាំងស៊ីប​ណា​មួយ។ ជាក់ស្តែង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៧ អាវុធគីមី​ដ៏​មាន​ឥទ្ធិពល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​សម្លាប់​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​អាកាសយានដ្ឋាន​ទីក្រុង​គូឡាឡាំពួរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ តែ​រឿងអាស្រូវ​ដែល​បាន​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​បែកបាក់​ខ្លាំង​ជាង​គេ គឺ​ជុំវិញ​ការ​ប្រើ​អាវុធគីមី​បំពុល​អតីត​ចារបុរស​រុស្ស៊ី​លោក Skripal និង​កូនស្រី​គាត់​ឈ្មោះ Loulia នៅ​ក្នុង​ប្រទេស​អង់គ្លេស។

ទន្ទឹម​នឹង​បញ្ជាក់​ជា​ថ្មី​ពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី ក្រុមប្រឹក្សាសន្តិសុខ​បាន​ជំរុញ​គ្រប់​ប្រទេស​ដែល​នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា និង​នៅ​មិន​ទាន់​បាន​ឲ្យ​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​ការ​ហាមឃាត់​ការ​ស្រាវជ្រាវ ការ​ផលិត ការ​ស្តុកទុក និង​ការ​ប្រើប្រាស់​អាវុធគីមី ឲ្យ​រួសរាន់​ចុះ​ហត្ថលេខា និង​ឲ្យ​សច្ចាប័ន។ គួរ​រម្លឹក​ថា អនុសញ្ញា​មួយ​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៩៣ និង​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ១៩៩៧។ ប្រទេស​ស៊ីរី​ទើប​បាន​ភ្ជាប់​ខ្លួន​នឹង​អនុសញ្ញា​នេះ​ក្នុង​ឆ្នាំ ២០១៣ ហើយ​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា តែ​នៅ​មិន​ទាន់​បាន​ឲ្យ​សច្ចាប័ន​នៅ​ឡើយ​ទេ។ ចំណែក​កូរ៉េខាងជើង អេហ្ស៊ីប និង​ប្រទេស​ស៊ូដង់ខាងត្បូង​បន្ត​បដិសេធ​មិន​ចូលខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ