អានតួអត្ថបទ
អាមេរិក

អាមេរិក៖​រដ្ឋអំណាច​រដ្ឋហាវ៉ៃ​ចេញ​មុខ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន​សារអាសន្ន​មិនពិត​ស្តីពី​គ្រាប់មីស៊ីល​បាលីស្ទិក

នៅ​សហរដ្ឋអាមេរិក ពលរដ្ឋ​ក្នុង​រដ្ឋ​ហាវ៉ៃ​បាន​នាំ​គ្នា​រួសរាន់​រត់​រក​ទីជម្រក​គេច​ពី​គ្រាប់មីស៊ីលបាលីស្ទិក បន្ទាប់​ពី​ទទួល​បាន​សារអាសន្ន​ស្តីពី​ការ​មក​ដល់​នៃ​គ្រាប់មីស៊ីលបាលីស្ទិក​នា​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី១៣ មករា។ ភ្លាមៗ​នោះ រដ្ឋអំណាច​រដ្ឋ​ហាវ៉ៃ​ក៏​បាន​បញ្ជាក់​ថា សារអាសន្ន​នោះ​មិន​ពិត​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ភាព​ភ័យស្លន់ស្លោ និង​ចលាចល​បាន​កើត​មាន​រួច​ហើយ ពិសេស​ក្នុង​ពេល​ដែល​ពលរដ្ឋ​នៅ​រដ្ឋហាវ៉ៃ​បាន​ដឹង​ថា ពួក​គេ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​គ្រាប់មីស៊ីលបាលីស្ទិក​ពី​កូរ៉េខាងជើង។ ភាព​ភ័យស្លន់ស្លោ និង​ចលាចល​ដែល​បាន​បង្ខំ​ឲ្យ​អភិបាលរដ្ឋ​ហាវ៉ៃ​លោក​ដាវីដ អ៊ីហ្គេ​ចេញ​មុខ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន​សារអាសន្ន​មិនពិត​នោះ។

រូបភាព​រដ្ឋ​ហាវ៉ៃ​
រូបភាព​រដ្ឋ​ហាវ៉ៃ​ REUTERS/Chris Wattie/File Photo
ផ្សាយពាណិជ្ជកម្ម

« នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​មិញ កំហុស​ឆ្គង​មួយ​បាន​កើត​មាន​ឡើង ហើយ​សារមិនពិត​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទូរស័ព្ទដៃ នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​នៅ​តាម​វិទ្យុ។ យើង​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​នោះ​ភ្លាម ហើយ​បន្ទាប់​ពី​យើង​បាន​ដឹង​ថា​ជា​កំហុសឆ្គង យើង​ក៏​បាន​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ជូនដំណឹង​ប្រាប់​ពលរដ្ឋ​ថា​ជា​សារអាសន្ន​មិន​ពិត​ទេ។

រឿងរ៉ាវ​មួយ​នេះ​មិន​គួរ​នឹង​កើត​មាន​ឡើយ ហើយ​យើង​ក៏​កំពុង​ស្វែង​រក​មូលហេតុ​ពិត​នៃ​ព្រឹត្តិការណ៍​នោះ។ អ្វី​ដែល​យើង​អាច​និយាយ​បាន​ពេល​នេះ កំហុសឆ្គង​នោះ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​មាន​ការ​ប្តូរ​ក្រុម​ការងារ។ ក្រុម​ការងារ​វេនទី២ ដែល​ចូលផ្លាស់​ក្រុម​ការងារ​វេនទី១ បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់​មើល​ថា តើ​ប្រព័ន្ធ​ប្រកាស​អាសន្ន​មាន​ដំណើរការ​ល្អ ឬ​អត់ ហើយ​នៅ​ពេល​នោះ បុគ្គលិក​ម្នាក់​បាន​ចុច​ប៊ូតុង​ច្រឡំ។

ក្នុង​ករណី​ដែល​មាន​ការ​វាយប្រហារ​គ្រាប់មីស៊ីលបាលីស្ទិក រយៈពេល​នៃ​ការ​បញ្ចេញ​ប្រតិកម្ម​គឺ​ខ្លី​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​យើង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​មួយ​ដែល​អនុញ្ញាតិ​ជូន​ព័ត៌មាន​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត។ ច្បាស់ណាស់ គឺ​មាន​បញ្ហា​នៅ​ក្នុង​នីតិវិធី។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​បាន​ដាស់​ពី​ដំណេក​ដោយសារ​តែ​សារ​អាសន្ន​មិន​ពិត​នោះ​ដូច​ជា​ពលរដ្ឋ​ក្នុង​រដ្ឋហាវ៉ៃ​ដែរ។ វា​ពិត​ជា​រឿង​អកុសល និង​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់។

យើង​នឹង​ពិនិត្យមើល​ថា តើ​នឹង​ត្រូវ​កែលម្អ​នីតិវីធី​របៀប​ណា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ