អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​បង្ហាញ​តម្លាភាព​ក្នុងដំណើរការ​ជ្រើសរើស​​​អគ្គលេខាធិការថ្មី​

ក្រោយ​ពី​រក្សា​ទម្លាប់ជ្រើសរើស​​អគ្គលេខាធិការ​ ដោយ​សម្ងាត់​​អស់​រយៈ​ពេល​៧០​ឆ្នាំ​ នៅលើក​​នេះ​អង្គការ​សហប្រជាជាតិបាន​សាក​ល្បង​ធ្វើ​ប្រកប​ដោយ​តម្លាភាព​។​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃព្រហស្បតិ៍​ទី ១៤​មេសានេះ បេក្ខជនទាំង​៨​នាក់ ​ដែល​ចង់​ប្រជែង​យក​តំណែង​​​បន្ត​​ពី​ លោក​បាន គីមូន ចាប់​ពី​ខែ​មករា​២០១៧​ ត្រូវ​បង្ហាញ​កម្មវិធីនិង​ត្រីវិស័យ​​​ដឹកនាំ​របស់ខ្លួន​​ទៅកាន់​​អង្គ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ចុះ​បញ្ចូល​គណៈ​មេប្រយោគ ដែល​ជា​សមាជិកទាំង​១៥​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​។ នេះ​ជា​ទម្រង់បែប​បទ​ជ្រើសរើសអគ្គលេខាធិការ​ថ្មី​​ដែល​ពុំ​ធ្លាប់​មាន​​នៅ​អង្គការ​សហប្រជាជាតិ។

អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើ​វិញ្ញាសា​ផ្ទាល់​មាត់​ចោទ​សួរ​បេក្ខជន​អគ្គលេខាធិការ​ថ្មី
អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើ​វិញ្ញាសា​ផ្ទាល់​មាត់​ចោទ​សួរ​បេក្ខជន​អគ្គលេខាធិការ​ថ្មី AFP / NICHOLAS ROBERTS
ផ្សាយពាណិជ្ជកម្ម

ជា​ករណី​ថ្មីស្រឡាង​​ដែរ ក្នុង​ដំណើរ​ការ​ជ្រើសរើស​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្មី ​រដ្ឋ​ជា​សមាជិក ជាង​មួយ​ភាគ​បួន​ ចង់​ឃើញ​អគ្គលេខាធិការ​ថ្មី មាន​ភេទ​ស្រី ដោយ​នៅ​ពេល​នេះ ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ទាំង​៨​នាក់ មាន​ពាក់​កណ្តាល​ជា​ស្ត្រី។

 
-       អគ្គនាយក​អង្គការ​យូណេស្កូ ជាតិ​ប៊ុលហ្ការី លោកស្រី Irina Bokova
-       អតីត​រដ្ឋមន្ត្រី​ការបរទេស​ក្រូអាស៊ី លោកស្រី Vesna Pusic
-       អតីត​រដ្ឋមន្ត្រីការបរទេស​ម៉ុលដាវី លោកស្រី Naalia Gherman
-       អតីត​នាយក​រដ្ឋមន្ត្រី​នូវែហ្សេឡង់ និង​បច្ចុប្បន្ន​ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ លោកស្រី Helen Clark
-       អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ុងតេណេក្រូ លោក Igor Luksic
-       អតីត​រដ្ឋមន្ត្រីការបរទេស​ម៉ាសេដ្វានលោក Srgjan Kerim
-       អតី​ប្រធានាធិបតី​ស្លូវានីលោក Danilo Turk
-       អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់ និង​ជា​អតីត​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជនភៀស​ខ្លួនលោក Antonio Guterres

ក្រោយ​ពី​មាន​ប្តូរ​ផ្លាស់​ស្ថាប័ន​កាលពី​ឆ្នាំ​កន្លង​ទៅ អង្គការ​សហប្រជាជាតិ បាន​​ផ្សព្វផ្សាយ​ជា​សាធារណៈ ជា​លើក​មួយ ប្រវត្តិរូបសង្ខេប​របស់​បេក្ខជន​នីមួយៗ ព្រម​ទាំង​លិខិតសុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន នៅ​ក្នុង​ទំព័រ​វិបសៃត៍ http://www.un.org/pga/70/sg ។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ បេក្ខជន​ទាំង​៨ ត្រូវ​ឆ្លង​កាត់វិញ្ញាសា​ផ្ទាល់​មាត់​​​ ដែល​មានរយៈ​​ពេល​ពីរ​ម៉ោង​ សម្រាប់​បង្ហាញ​និង​ឆ្លើយ​នូវ​រាល់សំណួរ​ ​អង្គមហាសន្និបាតអង្គការ​សហប្រជាជាតិ។

សូម​បញ្ជាក់​ថា​៧០​ឆ្នាំ​កន្លង​មក​នេះ ការ​ជ្រើស​តាំងប្រមុខ​ដឹកនាំ​អង្គការ​សហប្រជាជាតិ តែង​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ ក្នុង​រង្វង់​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍​ទាំង​១៥​ប៉ុណ្ណោះ។ ហើយ​ជាទូទៅ​ គឺ​ក្រុមប្រទេស​មហាអំណាច​ទាំង​៥​ដែល​មាន​សិទ្ធិ​វេតូ សហរដ្ឋ​អាមេរិក រុស្ស៊ី អង់គ្លេស​ ចិន​ និង​បារាំង ជា​អ្នក​ផ្តល់​អនុសាសន៍​ឱ្យ​សមាជិក​ទាំង​១៩៣​បោះឆ្នោត​តាម ជា​ការ​បង្គប់​កិច្ច។​ ប៉ុន្តែ​នៅ​លើក​នេះ អង្គការ​​សហប្រជាជាតិ​បានប្រកាន់​យក​​ដំណើរការ​ជ្រើសរើស​​អគ្គលេខាធិការ​ថ្មី ដែល​មាន​តម្លាភាពជាង ដោយ​មាន​ទាំង​លិខិត​សុំ​ចុះ​ឈ្មោះ​ បង្ហាញ​ប្រវត្តិរូប បង្ហាញ​ប្រវត្តិការងារ​និង​បទពិសោធន៍ និង​វិញ្ញាសា​ផ្ទាល់​មាត់​ទៀត។

ក្រោយ​វិញ្ញាសា​ផ្ទាល់​មាត់​បីថ្ងៃ​នេះ​រួច សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ នឹងបោះឆ្នោត​​ជ្រើសរើស តាម​រយៈ​​សន្លឹក​ឆ្នោត​សម្ងាត់ នៅ​ខែ​​កក្កដា​ បេក្ខជន​ម្នាក់ ជា​អគ្គលេខាធិការ​ថ្មី មុន​នឹង​ដាក់​ជូន​ទៅ​កាន់​អង្គមហាសន្និបាត​ទាំង​មូល​អនុម័ត​តាម​ក្រោយ​ នៅ​ខែ​កញ្ញា។

បើ​តាម​ប្រភព​ឯកជន​​ពី​អ្នក​ការទូត​ខ្លះ បញ្ជាក់​ថា​រុស្ស៊ី​មិន​ពេញ​ចិត្ត​ជម្រើស​បែប​តម្លាភាព​ថ្មី​នេះ​ទេ ព្រោះ​រុស្ស៊ី​ចង់​រក្សា​​ប្រពៃណី ដែល​ថាតំបន់​នីមួយៗ​​​ត្រូវ​វិល​ប្តូរ​​​គ្នា​កាន់​តួនាទីនៅអង្គការ​សហប្រជាជាតិ។ ពេលនេះ​ត្រូវ​ដល់​វេន  ឥស្សរជនមក​ពី​អឺរ៉ុប​ខាង​កើតម្តង ឡើង​អង្គុយ​កៅអី អនាគត​អគ្គលេខាធិការ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ