អានតួអត្ថបទ
សហរដ្ឋអាមេរិក

កំណើន​សេដ្ឋកិច្ច​អាមេរិក ​ធ្លាក់ចុះ​នៅ​ត្រីមាស​ទីបី

សេដ្ឋកិច្ច​អាមេរិក​នៅ​ត្រីមាស​ទី៣ ​ឆ្នាំ​២០១៥​នេះ ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​២។ ផលិតផល​ដុល​សរុប​ ក្នុង​ត្រីមាស​ទី៣​នេះ ​បាន​កើន​ត្រឹម​តែ​១,៥% ​ប៉ុណ្ណោះ ​ឯកាល​ពី​ត្រីមាស​មុន​ បាន​កើន​រហូត​ដល់​ ៣,៩%។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ សេដ្ឋកិច្ច​អាមេរិក ​បាន​ខិត​មក​រក​លំនឹង​ឡើង​វិញ ​បន្ទាប់​ពី​ផុង​នឹង​វិបត្តិ ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​ប្រើប្រាស់​ក្នុង​ស្រុក​ មាន​កំណើន​ល្អ​ប្រសើរ​ ហើយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ ​ក៏​កាន់​តែ​ថយចុះ​ខ្លាំង​ផង​ដែរ។

ប្រាក់ដុល្លារអាមេរិក ឡើងថ្ងៃខ្លាំង បានចោទជាបញ្ហា​ដល់ការ​នាំចេញ​របស់​អាមេរិក
ប្រាក់ដុល្លារអាមេរិក ឡើងថ្ងៃខ្លាំង បានចោទជាបញ្ហា​ដល់ការ​នាំចេញ​របស់​អាមេរិក Pixabay
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ទើប​បាន​បញ្ចេញ​តួលេខ ​នៃ​កម្រិត​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប​ សម្រាប់​ត្រីមាស​ទី៣​ ឆ្នាំ​២០១៥ ​ដែល​ស្មើ​នឹង​ ១,៥%។ កំណើន​នេះ ​ គឺ​មាន​កម្រិត​ទៀប​ខ្លាំង​ណាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៣,៩% ​កាល​ពី​ត្រីមាស​ទី​ពីរ ​ ដែល​កាល​ណោះ ​ធ្វើ​ឲ្យ​គ្រប់គ្នា​ ញញឹម​បិទ​មាត់​មិន​ជិត។ ថ្វិត្បិត​តែ ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ប៉ុន្មាន​ឆ្នាំ​មក​នេះ ​អាមេរិក​ នៅ​តែ​រក្សា​តំណែង ​ជា​មហាអំណាច​សេដ្ឋកិច្ច​ ទីមួយ​ដដែល។ បើ​ទោះបី​ជា​នៅ​ត្រីមាស​ទី​បី​នេះ ​កំណើន​សេដ្ឋកិច្ច ​មាន​មិន​ច្រើន ​ក៏​ប៉ុន្តែ​នេះ ​ វា​ត្រឹមត្រូវ​ ទៅ​តាម​ការ​ស្មានទុក​ របស់​អ្នក​ជំនាញ។

ផលិតផល​ដុល​ក្នុង​ស្រុក ​រឺ​ហៅកាត់​ថា ​ PIB ​នៅ​ត្រីមាស​ទីបី​នេះ ​គឺ​ស្មើ​នឹង​ ១៨០៣៥ ​ពាន់​លាន​ដុល្លារ ​ដែល​ក្នុង​នេះ​ គឺ​មាន​១២៣៦៤​ពាន់​លាន​ដុល្លារ ​ជា​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក។ ជា​ការ​ពិត​ណាស់ ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​របស់​ប្រជាជន​អាមេរិក ​គឺ​ជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​ ដ៏​សំខាន់​របស់​អាមេរិក។ នៅ​ត្រីមាស​ទី​បី​នេះ ​កម្រិត​នៃ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​មាន​ចំនួន​ ៣,២% ​ពោល​គឺ​ថយ​ចុះ​បន្តិច​ តែ​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៣,៦% ​នៅ​ត្រីមាស​មុន។

ប្រជាជន​អាមេរិក​ បន្ត​ធ្វើការ​ចំណាយ​ច្រើន ​ ដែល​នេះ​ហើយ​ ជា​ចលករ​មួយ​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ទៅ​មុខ។ ការ​ចំណាយ​ទូទៅ​របស់​ប្រជាជន​អាមេរិក ​មាន​ការ​កើនឡើង ​ក៏​ដោយសារ​តែ ​តម្លែ​ប្រេង​បាន​ចុះថោក​ច្រើន។ ដូចគ្នាដែរ​ ក្រសួង​ការងារ​អាមេរិក​ បាន​បញ្ចេញ​តួលេខ​ ស្តីពី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ ​ ដែល​បាន​ថយ​ចុះ ​ទាប​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ។ ឯ​ការ​ចំណាយ​សាធារណៈ ​ មាន​ការ​កើនឡើង​បន្តិច​បន្តួច​ ចំនួន​ ១,៧%​ផង​ដែរ ​ ប៉ុន្តែ​ក្នុង​វិស័យ​កងទ័ព ​ការ​ចំណាយ​ បាន​ថយ​ចុះ ​ប្រហែល ​១,៤%។

ផ្ទុយ​ទៅវិញ ​នៅ​ត្រីមាស​នេះ​ សេដ្ឋកិច្ច​អាមេរិក​ជួប​បញ្ហា ​គឺ​ទាក់ទង​ទៅ​និង​ការ​នាំចេញ ​ ដោយសារ​តែ​តម្លៃ​ប្រាក់​ដុល្លារ ​មាន​កម្រិត​ខ្ពស់​ខ្លាំង ​ បើ​ទោះ​បី​ជា​ការ​នាំចេញ​ បាន​កើន​២%​ ក៏​ដោយ។ តម្លែ​ប្រាក់​ដុល្លារ​ខ្ពស់ ​មាន​ន័យ​ថា ​ផលិតផល​អាមេរិក​ ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ខាង​ក្រៅ ​ ក៏​ឡើង​ថ្លៃ​ ទៅ​តាម​នោះ​ដែរ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​សេដ្ឋកិច្ច​អាមរិក ​ហាក់​កំពុង​តែ​បោះ​ជំហាន ​ទៅមុខ​ឡើង​វិញ ​បើ​ទោះណា​ជា​ជំហាន​នេះ ​ម្តង​ធំ​ម្តង​តូច​ក៏​ដោយ។ មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​ពិភពលោក​ នឹង​ទាញ​អូស​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល ​ឲ្យ​មាន​កំណើន​ ទៅ​តាម​នោះ​ដែរ។ តាម​ការ​សន្និដ្ឋាន​ តួលេខ​សរុប​សម្រាប់​ឆ្នាំ​២០១៥​នេះ​ ​អាមេរិក​អាច​នឹង​មាន​កំណើន​សេដ្ឋកិច្ច ​ចំនួន​២,១% ​ពោល​គឺ​ថយ​ចុះ​បន្តិច​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ ​ ដែល​មាន​២,៤%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ