អានតួអត្ថបទ

មួយឆ្នាំ​ក្រោយ​ហេតុការណ៍​នៅ​Ferguson ពលរដ្ឋ​អាមេរិក​បាត់​ទំនុក​ចិត្ត​លើ​ប៉ូលិស

នៅ​ថ្ងៃអាទិត្យ​ទី​៩​សីហានេះ​ ត្រូវ​ជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​ហេតុការណ៍​ប៉ូលិស​អាមេរិក​ស្បែក​ស បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ គ្មាន​អាវុធ​នឹង​ដៃ។ មរណភាព​របស់​យុវជន​ ម៉ៃខល ប្រោន អាយុ​១៨​ឆ្នាំ បាន​ធ្វើ​ឱ្យ​​វិបត្តិ​រើស​អើង​ពណ៌​សម្បុរ​បាន​រស់​រវើក​ឡើង​វិញនៅ​សហរដ្ឋ​អាមេរិក។ អំពើ​ហិង្សា​បាន​រាល​ដាល​ដល់​រដ្ឋ​និង​ក្រុង​ផ្សេង​ទៀត ស្ទើរ​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក បន្ទាប់​ពីតុលាការ​ផ្តល់​សាលក្រម​ដោះលែង​​ប៉ូលិស​ស្បែក​ស​ជា​អ្នក​បាញ់​កាំភ្លើង ថា​គ្មាន​ទោស។ មួយ​ឆ្នាំ​ក្រោយ​ ​ ភាព​តាន​តឹង​នៅ​ដដែល ! វិបត្តិ​ទំនុក​ចិត្ត​បាន​កើត​ឡើង ! មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​តែ​៤០%​ជឿជាក់​លើ​ប៉ូលិស។ ​

ពាក្យ​ស្លោក​ «Black lives matter » បានក្លាយ​​សម្រែក​របស់​អ្នក​ប្រឆាំងនឹង​ការ​ស្លាប់​របស់​យុវជន​អាមេរិក​ស្បែក​ខ្មៅ
ពាក្យ​ស្លោក​ «Black lives matter » បានក្លាយ​​សម្រែក​របស់​អ្នក​ប្រឆាំងនឹង​ការ​ស្លាប់​របស់​យុវជន​អាមេរិក​ស្បែក​ខ្មៅ REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

នាំ​មុខ​ដោយ​ឪពុកនិង​ក្រុមគ្រួសារ​​របស់​ម៉ៃខល​ ប្រោន ក្បួន​បាតុកម្ម បាន​ដង្ហែ​ចេញ​តាម​ផ្លូវ​នៅ​ក្រុង​Ferguson។ ជា​ការ​ដើរ​ក្បួន​ដោយ​សន្តិវិធី​ មាន​ទម្រង់​ជា​ក្បួន​បុណ្យ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស ស្រែកជា​ជ័យ​ឃោស “លើដៃ កុំបាញ់" ឬ “យើង​នៅ​ទីនេះ​ដើម្បី​មៃខល​ប្រោន”  “សូម​ឈប់​បាញ់​សម្លាប់​យើង” ... ឪពុក​ម៉ៃខលប្រោន បាន​អះអាង​ទៅ​កាន់​អ្នក​កាសែត ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ឱ្យ​រក្សា​ព្រលឹង​កូន​ប្រុស​ឱ្យ​នៅជា​​ចង​ចាំ និង​ដើម្បី​សហគមន៍​ស្បែក​ខ្មៅ។ ក្បួន​ដង្ហែ​បាន​នាំ​គ្នា​ដើរ​ដល់​មុខ​សាលា​រៀន​របស់​ម៉ៃខល​ប្រោន ហើយ​សង្រួម​ឥរិយាបថ​គោរព​វិញ្ញាណក្ខន្ធ​បួន​នាទីកន្លះ ដើម្បី​រំលឹក​ដល់​រយៈ​ពេលបួន​ម៉ោង​កន្លះ​ដែល​គេ​ទុក​សព​ម៉ៃខល​ប្រោន​កណ្តាល​ថ្នល់​ មុន​នឹង​ដឹក​ទៅ​កន្លែង​ទុក​ខ្មោច។​ ​​ប៉ុន្តែ​ដល់​ពេល​ល្ងាច​ក្រុម​បាតុករ​ជាង​២​រយនាក់ ហាក់ដូច​ជា​ឆួល​កំហឹង​ឡើង ទៅ​ទម្លុះ​រនាំង​ប៉ូលិស​ និង​មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិច​បន្តួច។

 
នៅ​ថ្ងៃ​នេះ ការ​ដើរ​ក្បួន​នឹង​បន្ត​រៀប​ចំ​ធ្វើ​ទៀត​នៅ​រសៀល​នេះ ដោយ​មាន​តំណាង​ចលនា​សិទ្ធិ​ជន​ស៊ីវិល​ និង​តំណាង​សាសនា​ មក​ពី​គ្រប់​ជ្រុង​នៃ​សហរដ្ឋអាមេរិក​ចូល​រួម​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​​នេះ​ដែរ។

​វិបត្តិ​ប្រកាន់​ពូជសាសន៍រើប​ឡើង ទំនុក​ចិត្ត​លើ​ប៉ូលិស​ធ្លាក់​ចុះ

ការ​ស្លាប់​របស់​ម៉ៃខល​ប្រោន កាលពី​ថ្ងៃទី ៩ សីហា ២០១៤ គ្រាន់​តែ​ជា​ផ្កា​ភ្លើង​ ព្រាក​ឡើងដាស់​​ឱ្យ​ឃើញ​ អំពី ភាព​អយុត្តិធម៌ និង​ការ​រើង​អើង​ពូជសាសន៍​ ប្រកាន់​ពណ៌​សម្បុរ​ ក្នុង​សង្គម​អាមេរិកតាំង​ពី​យូរ​យារប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ថា​អ្វីៗ​ត្រូវ​ដោះស្រាយ​រួច​ទាំង​អស់​ទេ។ 
ក្រោយ​ពី​ហេតុការណ៍​ប៉ូលិស​ស្បែកស បាញ់​សម្លាប់​យុវជនម៉ៃខល​ប្រោន ដែល​គ្មាន​អាវុធ និង​បន្ទាប់​មក​ នៅ​តែ​វិច្ឆិកា​តុលាការ​អាមេរិក​ប្រកាស​ថា​ប៉ូលិស​នោះ​គ្មាន​ទោស ​ភាព​តាន​តឹង​និង​អំពើ​ហិង្សា​សហគមន៍​ស្បែក​ខ្មៅ ជាមួយ​ប៉ូលិស​ស្បែក​ស បាន​រីករាល​ដាល ស្ទើរ​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក។

វិបត្តិ​រើសអើង​ពូជសាសន៍​ប្រកាន់​ពណ៌​សម្បុរ ចាស់​ឬ​ចាក់គល់​ក្នុង​ស្ថាប័ន​ប៉ូលិស​អាមេរិក​ បាន​ចោទ​ឡើង​ជា​ថ្មី ជាង​ពេល​ណាៗ​ទាំងអស់ និង​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​នឹកឃើញ​ឡើង​វិញ នូវ​ចលនា​ប៉ះបោរ​ប្រមូល​ផ្តុំ​កាលពី​កន្លះ​សតវត្សរ៍​មុន។ ចលនា​សិទ្ធិស៊ីវិល ដែល​ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​ជ័យ​ឃោស​ថា​ជនជាតិ​ស្បែក​ខ្មៅ​ក៏​មាន​ជីវិត​ដែរ ដើម្បី​បរិហារ​ភាព​កំណាច​ឃោឃៅ​របស់​ប៉ូលិស​ចំពោះ​ពលរដ្ឋ​ស្បែក​ខ្មៅ។ ​  

ប្រឈម​មុខស្ថានការណ៍​បែបនេះ​ ​​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា ជា​ស្បែក​ខ្មៅ​ដែរ ចេញ​វិធានការ​ផ្សេងៗ ដើម្បី​លុប​បំបាត់​រូបភាព​ប៉ូលិស​អាមេរិក​កាច​ ប៉ូលិស​ប្រកាន់​វិន័យ​យោធា បង្កប់​ទៅ​ដោយ​ការ​ស្អប់ខ្ពើម​និង​រើស​អើង​ពូជសាសន៍។​ ប៉ុន្តែ​គ្មាន​ទេ ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ដើម្បី​ព្យាបាល​ជំងឺ​ដែល​ចាក់​កប់​​ក្នុង​គ្រឹះ​សង្គម​និង​នយោបាយ​អាមេរិក។ នៅ​ក្នុង​ប្រព័ន្ធ​អាមេរិក ប៉ូលិស​មិន​មែន​ស្ថិត​នៅ​ក្រោម​បង្គាប់​ថ្នាក់ជាតិ​ ក្រសួង​មហាផ្ទៃ​ទេ គឺ​ជា​ប៉ូលិស​ជា​របស់​ឃុំ​ស្រុក ដូច្នេះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ គេ​ពិត​ជា​មិន​អាច​ប្តូរ​ផ្លាស់​អ្វី​បាន​ទាំង​អស់។

គឺ​មាន​តែ​ផលវិបាក​ទេ ដែល​មើល​ឃើញ​ច្បាស់​និង​ឆាប់​ជាង។ បើ​តាម​អ្នកឯកទេស​ខ្លះ​ ហេតុការណ៍​នៅ​ហ្វេហ្គូសាន់ បាន​បង្ក​ផល​ប៉ះពាល់​ជាក់ស្តែង​មួយ គឺ​ការ​បាត់​បង់​ទំនុក​ចិត្ត​។ ភាព​ជឿជាក់​លើ​គ្នា រវាង​ពលរដ្ឋ​អាមេរិក​ និង​ប៉ូលិស បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ គិត​ចាប់​ពី​ថ្ងៃ​៩​សីហា ២០១៤​មក។ បើ​តាម​ការ​ស្ទង់​មតិ​ថ្មីៗ បង្ហាញ​ថា​មាន​ពលរដ្ឋ​អាមេរិក​ដើម្បី​កំណើត​ស្បែក​ខ្មៅ តែ​៣០%​ប៉ុណ្ណោះ​ មាន​ទំនុក​ចិត្ត​លើ​ប៉ូលិស ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត បើ​និយាយ​ជា​លក្ខណៈ​ទូទៅ ពលរដ្ឋ​អាមេរិក​ស្បែក​ស-និង​ស្បែក​ខ្មៅ ចំនួន​៦០%​ មិន​ទុក​ចិត្ត​លើ​ប៉ូលិស។ គឺ​ជា​វិបត្តិខ្វះ​​ទំនុក​ចិត្ត​ ​លើ​ស្ថាប័ន​ប៉ូលិស​ ! ថ្ងៃ​ណា​ក៏​គេ​ឃើញ​មាន​រូប​ ឬ​វីដេអូ​ប៉ូលិស​ប្រើ​កម្លាំង​បង្ក្រាប​ បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ដែរ។ ពលរដ្ឋអាមេរិកៗ​ទុក​ចិត្ត​លើ​វិសោធនកម្ម​​ច្បាប់​ឱ្យ​ពលរដ្ឋ​កាន់​អាវុធ​ច្រើន​ជាង។

សារភាព​ តែ​គ្មាន​វិប្បដិសារី

មាន​ឈ្មោះ​ថា Darren Wilson អាយុ​២៩​ឆ្នាំ អតីត​ប៉ូលិស​ជា​អ្នក​បាញ់​សម្លាប់​ម៉ៃខល​ប្រោន ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង បាន​រួច​ពី​ទោស​ភ័យ​អ្វី​ទាំង​អស់ ! ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់។

ដោយ​មិន​សូវ​បញ្ចេញ​ត្រកូល ពេល​នេះ Darren Wilson បន្ត​រស់​នៅ​ក្នុង​តំបន់​ជាយ​ក្រុង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​Ferguson មាន​ផ្ទះ​ថ្មីបាន​មក​ពី​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ។ មាន​តែ​អ្នក​កាសែត​អាមេរិកម្នាក់​គត់​ដែល​អាច​ចេញ​ចូល​សាក​សួរ​ព័ត៌មាន​បាន។ ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ក្នុង​ពេល​បំពេញ​ភារកិច្ចជា​ប៉ូលិស តែ​ Darren Wilson  គ្មានវិប្បដិសារី​ទេ និង​បន្តជីវិត​ធម្មតា​នៅ​ក្នុង​​​ស្មារតី​ស្ងប់​ស្ងាត់​ ជាមួយ​ប្រពន្ធ​កូន នេះ​បើ​តាម​ប្រភព​ព័ត៌មាន​The New Yorker៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ