អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ប្រធានាធិបតី​អូបាម៉ា​ផ្តល់​យោបល់​លើ​បញ្ហា​ភាពក្រីក្រ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ស្តីពី ប្រធានបទ​យក​ឈ្នះ​លើ​ភាពក្រីក្រ នៅ​ឯ​សាកលវិទ្យាល័យ​ចចថោន ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ សារ​ដ៏​សំខាន់​របស់​លោក​គឺ គ្មាន​ហេតុផល​ណា​មួយ​ដែល​គេ​គួរ​គិត​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​បាន​ដោយ​ប្រសិទ្ធិភាព​នោះ​ទេ។

លោកប្រធានាធិបតី​​អាមេរិក​ បារ៉ាក់ អូបាម៉ា នៅ​សកលវិទ្យាល័យ​ចចថោន ថ្ងៃទី ១២ ឧសភា ២០១៥
លោកប្រធានាធិបតី​​អាមេរិក​ បារ៉ាក់ អូបាម៉ា នៅ​សកលវិទ្យាល័យ​ចចថោន ថ្ងៃទី ១២ ឧសភា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុងកិច្ចពិភាក្សា​នោះ​មាន​ការចូលរួម​ពី​លោក Robert Putnam សាស្រ្តាចារ្យ​ខាង​គោល​នយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ហាវឺដ និង លោក Arthur Brooks ប្រធាន​វិទ្យាស្ថាន​សហគ្រាស​អាមេរិក ដោយ​មាន​លោក E.J. Dionne, Jr., សាស្រ្តាចារ្យ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ចចថោន​ជា​អ្នក​សម្របសម្រួល​កិច្ចពិភាក្សា។

 
នាឱកាសនោះ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​និយាយ​ពី​បរិបទ​ទាក់ទង​នឹង​ភាព​ក្រីក្រ​នៅក្នុង​សង្គម​អាមេរិក​បច្ចុប្បន្ន ដោយ​លើក​ឡើង​ថា៖ ភាព​ចលាចល​ក្នុង​ទីក្រុង Baltimore និង Ferguson នៃ​រដ្ឋ​មីស៊ូរី ថ្មីៗ​នេះ បាន​បង្កើន​ការយល់ដឹង​ពី​បញ្ហា​ក្រីក្រ ដែល​មាន​ទំនាក់ទំនង​ជាមួយ​វិសមភាព​ទ្រព្យសម្បត្តិ និង​បាន​បង្កើត​ការយកចិត្ត​ទុកដាក់​ជា​ថ្មី​ទៅលើ​ការស្វែងរក​ដំណោះស្រាយ។

លោកក៏បានមានប្រសាសន៍​ផង​ដែរ​ថា៖ វា​ជា​កំហុស​ឆ្គង​មួយ​ដែល​គិត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ភាពក្រីក្រ​បាន​បរាជ័យ ហើយ​រដ្ឋាភិបាល​គឺ​គ្មាន​អំណាច​ក្នុង​ការដោះស្រាយ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា៖ តាម​ពិត​យើង​មាន​កម្មវិធី​ជាច្រើន​ដែល​ដាក់​ឲ្យ​ដំណើរការ​នៅទូទាំង​ប្រទេស ប៉ុន្តែ​អ្វី​ដែល​ជា​គន្លឹះ​គឺ ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កម្មវិធី​ទាំងនោះ​អនុវត្ត​ឲ្យ​បាន​ទូលាយ​ជាង​នេះ។

លោក​អូបាម៉ា​បាន​អះអាង​ថា​ប្រសិន​បើ​យើង​ចង់​បញ្ចប់​ភាព​ក្រីក្រ​៖ យើង​គួរ​មាន​ការផ្លាស់ប្តូរ​របៀប​ដែល ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​ទាំងនេះ។ លោក​បាន​ចង្អុល​ចំ​ឈ្មោះ​សារពត៌មាន Fox News ដែល​លោក​អះអាង​ថា Fox News មាន​ចេតនា​បែងចែក​ប្រទេស ដោយ​ការរំលេចចេញ​តែពី ប្រជាជន​ក្រីក្រ​មួយ​ចំនួន​ដែល​មិន​ដឹង​ថា​គេ​រក​បាន​មក​ពី​ណា​នោះ​ទេ ដែល​សុទ្ធ​តែ​ជា​បុគ្គល​ប្រភេទ​ខ្ជិល ច្រអូស មិន​ចង់​ធ្វើការ តែ​ចង់​បាន​គ្រប់​សព្វ​ដូចជា​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ​ដែល​គេ​នាំ​គ្នា​ឲ្យ​ឈ្មោះ​ថា Obamaphone ជាដើម។ គេ​កំរ​ឃើញ​ណាស់​ពី​ស្ថានភាព ដូចជា​អ្នករត់តុ​ម្នាក់​ដែល​ជា​សមញ្ញជន​ធម្មតា ដែល​ត្រូវ​រក​ទទួល​ទាន​ចិញ្ចឹម​កូន​និង​ដែល​ធ្វើអ្វី​គ្រប់​យ៉ាង​ដែល​ត្រឹមត្រូវ​តែ​នៅ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព ប្រចាំ​ខែ​បាន។ ដូចនេះ យើង​ត្រូវ​មាន​ការផ្លាស់ប្តូរ​អំពី​របៀប​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្លុះ​បញ្ចាំង​ពី​ជន​ក្រីក្រ និង​អំពី​របៀប ដែល​ប្រជាជន​មាន​ចំណាប់​អារម្មណ៍​ថា​អ្វី​ទៅ​ជា​ការជួប​ការលំបាក​នៅ​ក្នុង​សង្គម​សេដ្ឋកិច្ច​នេះ និង​ថា​តើ​វា​មាន​ចំណង​ទាក់ទង​យ៉ាង​ដូចម្តេច​ជាមួយ​នឹង​ថវិកា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ