អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

សារពត៌មាន​​កំពុង​ផ្ទៀង​​ចាំ​ស្តាប់​​ពី​ការប្រកាស​បេក្ខភាព​ប្រធានាធិបតី​របស់​លោកស្រី ​Hillary Clinton

យុទ្ធនាការបាះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦ ទំនងជា​កំពុង​បន្ថែម​ល្បឿន បន្ទាប់ពី​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​បេក្ខភាព​របស់ ខ្លួន​ដំបូងគេ​កាលពី​ថ្ងៃចន្ទ។ ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ លោកស្រី Hillary Clinton មាន ប្រជាប្រិយភាព​នាំមុខគេ​ក្នុង​ការស្ទង់​មតិ ហើយ​សារពត៌មាន​គ្រប់​ទិសទី​កំពុង​ផ្ទៀង​ចាំ​ស្តាប់​ពី ការប្រកាស​បេក្ខភាព​ជា​ផ្លូវការ​របស់​លោកស្រី។

លោកស្រី​Hillary Clinton អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក ថ្ងៃទី ១០ មីនា ២០១៥
លោកស្រី​Hillary Clinton អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក ថ្ងៃទី ១០ មីនា ២០១៥ Reuters/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

មកដល់ម៉ោងនេះ​យើង​នៅ​មិន​ទាន់​ឃើញ​មាន​ការប្រកាស ឬ​ការកំណត់​កាលបរិច្ឆេទ​ពី​ការប្រកាស​ជា​ផ្លូវការ​ពីបេក្ខភាព​ប្រធានាធិបតី របស់​លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង អតីត​ស្រ្តី​ទី​មួយ​អាមេរិក នៅ​ឡើយ​ទេ។ តែ​កាលពី​ថ្ងៃ​ចន្ទ លោកស្រី Hillary Clinton បាន​ចូលជួប​លោក ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ នៅ​ឯ​សេតវិមាន ជា​ជំនួប​ឯកជន ដែល​អ្នក​នាំពាក្យ​សេតវិមាន​លោក Josh Earnest បាន​រៀបរាប់​ថា លោក​ទាំងពីរ​ចូលចិត្ត​ជួប​មុខ​គ្នា​ផ្ទាល់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្តោះប្តូរ ពត៌មាន ហើយ​នាឱកាស​នោះជំនួប​មាន​រយៈពេល​ជាង​មួយ​ម៉ោង និង​មាន​ការជជែក​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន។

 
នៅថ្ងែចន្ទ​ដែល​នោះ នា​ក្រុងវ៉ាស៊ីនតោន លោកស្រី Hillary Clinton បាន​ធ្វើ​បទអន្តរាគមន៍​ចំនួន​ពីរ។ ទីមួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​មជ្ឈមណ្ឌល​សម្រាប់​វឌ្ឍនភាព​របស់​សហរដ្ឋ​អាមេរិក Center for American Progress និង​មួយទៀត​នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់ Toner Prize ដល់​អ្នកសារពត៌មាន​ពូកែ ខាង​ធ្វើ​បទយកការណ៍​នយោបាយ។  

សារនយោបាយ​របស់​លោកស្រី​ក្នុង​បទអន្តរាគមន៍​ទីមួយ​បាន​ផ្តោត​លើ​ប្រធានបទ​ចំនួន​ពីរ គឺ តម្លៃ​នៃ​ការ ធ្វើការ​រួមគ្នា និង​តម្រូវការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​សេដ្ឋកិច្ច។ ប្រធានបទ​ទាំងពីរ​នេះ ទំនង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទ្រឹស្តី​នយោបាយ​សម្រាប់​ទីលាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី​នៅឆ្នាំ​២០១៦​នេះ។ ឯ​ក្នុង​បទ​អន្តរាគមន៍​ទីពីរ ក្រៅពី​បានសង្កត់ធ្ងន់​ពី​សារៈប្រយោជន៍​របស់​សារព័ត៌មាន ក្នុង​លិទ្ធិ​ប្រជាធិបតេយ្យ លោកស្រី​ក៏បាន​យក​ឱកាស​នោះ ដើម្បី​វាយ​បក​ទៅពួក​គណបក្ស​សាធារណរដ្ឋ ដែល​កំពុង​គ្រប់គ្រង​សភា ជាពិសេស​ក្នុង​ការគាំទ្រ​លើ​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល "Obamacare" របស់​លោកស្រី។

ក្រៅពីបទអន្តរាគមន៍ទាំងពីរ​នៅដើម​សប្តាហ៍​នេះ គេ​មិន​ឃើញ​មាន​កាលបរិច្ឆេទ​កំណត់​ពីអ្វី​ផ្សេង​ទៀត នៅ​ក្នុង​ប្រតិទិន​សាធារណៈ​របស់​លោកស្រី​នោះទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ពាក្យ​ចចាម​អារាម​ថា លោកស្រី​ទំនង​ជា​រៀបចំ​ដើម្បី​ប្រកាស​ពីបេក្ខភាព​ប្រធានាធិបតី​របស់​លោកស្រី​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ