អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា​ងាក​ទៅ​តំបន់បូព៌ា​ ពេល​ប្រឈម​នឹង​វិបត្តិ​ប្រេង​

ថ្ងៃទី៥ ខែមករា​នេះ ប្រធានាធិបតី នីកូឡា ម៉ាឌួរ៉ូ (Nicolas Maduro)បាន​កោះហៅ​បណ្តា​រដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល និង​អភិបាលក្រុង​ទាំងឡាយ មក​ប្រជុំ។ ប្រមុខ ​រដ្ឋ​វ៉េណេស៊ុយអេឡា​បាន​ផ្តល់​នូវ​ការបញ្ជាក់​បន្ថែម​លើ​ចំណុច​ខ្លះ​ៗ​ក្នុង​ផែនការ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ឆ្នាំ២០១។ នៅ​ដើម​ឆ្នាំនេះ លោក ម៉ាឌួរ៉ូ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ដំណើរ​ជា​ប្រញាប់​នៅ​ពេល​ល្ងាច ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​មក​ទៅ​បណ្តា​ប្រទេស​ខ្លះ​ទៀត ក្នុង​អង្គការ​នៃ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា​អូប៉ិប (Opep)។

REUTERS/Carlos Garcia Rawlins/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​អន្តរាគមន៍​ដ៏​ធំ​ដើមឆ្នាំ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា មិន​អាច​ចៀស​ពី​ការ​ទទួលស្គាល់​ឥទ្ធិពល​ខ្លាំង​នៃ​វិបត្តិ​ប្រេង​បាន​ទេ។ លោក​ថ្លែងថា៖ «នៅ​ចំពោះ​មុខ​ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​ប្រេង ខ្ញុំ​ត្រូវតែ​កែ​តម្រូវ​ផែនការ​វិនិយោគ​នានា»។

ជាពិសេស លោក នីកូឡា ម៉ាឌួរ៉ូ មិន​លាក់លៀម​ទេ៖ គេ​ត្រូវ​រក​ឱ្យ​បាន​ការ​ផ្តល់​ហិរញ្ញវត្ថុ​ថ្មីៗ​ទៀត។ ត្បិត​មាន​ករណី​សង្គ្រោះ​បន្ទាន់​ដែល​ត្រូវ​ធ្វើ៖ ថវិកា​ជាតិ​ឆ្នាំ២០១៥ ត្រូវ​បាន​គិត​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​តម្លៃ​ប្រេង​៦០ដុល្លារ​ក្នុង​មួយ​ធុង ហើយ​សប្តាហ៍​មុន តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់៤៨ដុល្លារ​ក្នុង១ធុង។

ក្នុង​បរិបទ​ថ្មី​នេះ ប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា​ប្រាថ្នា​ប្រើ​ឥទិ្ធពល​របស់ខ្លួន ដើម្បី​ងាក​ទៅរក​ចិន។ ជា​គោលដៅ​ដែល​គ្មានអ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ ដោយ​ហេតុ​ថា តាំង​ពី​ច្រើន​ខែ​មក​ហើយ ដែល​លោក ម៉ាឌួរ៉ូ បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ទី២​លើ​លោក​នេះ។ ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ គឺ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ឆ្នាំ​មុន ដើម្បី​ធ្វើ​អាជីវកម្ម​ប្រេង​៦សែន​ធុង​ក្នុង​មួយថ្ងៃ។

លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ប្រហែល​ជា​នឹង​ត្រូវធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ខ្លះ ដែលជា​សមាជិក​នៃ​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា​អូប៉ិប (Opep) ក្នុង​ក្របខ័ណ្ឌ​នៃ​ការទូត​ប្រេង។ ប៉ុន្តែ គេ​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ណាស់ ពីព្រោះ​ប្រទេស​របស់​លោក​កំពុង​ស្ថិត​ក្នុង​បរាជ័យ​ដ៏​ធំ​មួយ។ អំឡុងពេល​ប្រជុំ​សំខាន់​របស់​អង្គការ​អូប៉ិប កាល​ពី​ខែវិច្ឆិកា​មុន ប្រទេស​វ៉េណេស៊ុយអេឡា​បាន​បង្កើន​ការចរចា​ដើម្បី​ឱ្យ​គេ​បន្ថយ​ការ​ផលិត​ប្រេង ប៉ុន្តែ​មិន​បាន​សម្រេច។

ដូច្នេះ នៅ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ លោក នីកូឡា ម៉ាឌួរ៉ូ បាន​បង្ហាញ​ការ​ប្រឹងប្រែង​ផ្ទាល់​ខ្លួន​ក្នុង​សំណុំ​រឿង​ប្រេង​ លោក​បាន​សន្យាថា​«ធ្វើអ្វីៗគ្រប់​បែប​យ៉ាង​ដើម្បីបង្កើត​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​មួយ ក្នុងការ​គ្រប់គ្រង​ទីផ្សារ​ប្រេង​ជាមួយ​អង្គការ​អូប៉ិប​ឡើងវិញ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ