អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​អូបាម៉ា​សន្យា​បញ្ចេញ​របាយការណ៍​ដែល​និយាយ​ពី​របៀប​សួរ​ចម្លើយ​របស់​ទីភ្នាក់ងារ​CIA

ចាប់តាំង​ពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ស៊ើបអង្កេត CIA របស់​អាមេរិក​កំពុង​រង​ការចោទ​ប្រកាន់ បន្ទាប់​ពី​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិក បាន​លើកឡើងថា មន្រ្តី របស់​CIA បាន​លួច​ចូលមើល​កុំព្យូទ័រ និង​លុបចោល​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​របៀប​សួរចម្លើយ​របស់​មន្រ្តី CIA និង​ដែល​គណៈកម្មការ​របស់​ព្រឹទ្ធសភា​កំពុង​ស៊ើបអង្កេត។ ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកកាសែត កាលពី​ថ្ងៃ​ពុធ​ទី ១២ មីនា លោកប្រធានាធិបតី​អាមេរិក​សន្យា​ថា នឹង​ទម្លាយ​ជា​សាធារណៈ​របាយការណ៍​ដែល​និយាយ​ពី​បច្ចេកទេស​សួរចម្លើយ​របស់​ CIA​កន្លងមក។

ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក CIA
ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក CIA
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​របាយការណ៍​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា លោកបារ៉ាក់ អូបាម៉ា​ចង់​ឲ្យ​ប្រជាជន​អាមេរិក​បាន​ស្គាល់ និង​ដឹង សកម្មភាព​កន្លងមក​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត CIA។ ប៉ុន្តែ លោក​ត្រូវ​រង់ចាំ​ឲ្យ​មន្រ្តី របស់​គណៈកម្មការ​របស់​ព្រឹទ្ធសភា​​បិទ​បញ្ចប់​របាយការណ៍​ស៊ើបអង្កេត​​សិន។

 
ជម្លោះ​ពាក្យសំដី​ដ៏​កម្រ​រវាង​ព្រឹទ្ធសភា និង​ទីភ្នាក់ងារ​ CIA​បានផ្ទុះឡើង ជា​សាធារណៈ នៅ​ដើម​សប្តាហ៍នេះ បន្ទាប់​ពី​លោកស្រី​ប្រធាន​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​ព្រឹទ្ធសភា​អាមេរិក បាន​ចោទ​ប្រកាន់​ចំៗ​ទីភ្នាក់ងារ​CIA​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​រារាំង​ការងារ​ស៊ើបអង្កេត​របស់​ គណៈកម្មការ។ ឲ្យ​ពិត​ប្រាកដ​នោះ គឺ​គណៈកម្មការ​របស់ព្រឹទ្ធសភា​បាន​ចោទ​មន្រ្តី​ CIA​ថា លួច​ចូល​មើល​កុំព្យូទ័រ​របស់​គណៈកម្មការ និង​លុប​ចោល​ឯកសារ​ទាំងឡាយ​ណា ដែល​អាច​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​កំហុស​របស់ CIA។ លោក​Jonh Brennan ប្រធាន​ CIA​បាន​រុញច្រាន​ចោល​ការចោទ​ប្រកាន់។ ផ្ទុយទៅវិញ ប្រធាន​របស់​ CIA​បាន​អះអាងថា ខ្លួន​ក៏​កំពុង​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​គណៈកម្មការ​ស៊ើបការណ៍​ទៅ​ក្រសួង​យុត្តិធម៌។ តាម​ប្រធាន​ CIA គណៈកម្មការ​របស់​ព្រឹទ្ធសភា​ក៏​បាន​បើកមើល​ឯកសារ​ដែល​គេ​ចាត់ទុក​ជា​កិច្ចការ​សម្ងាត់​ជាតិ​ដែរ។ ពាក្យ​បណ្តឹង​ដែល​លោកស្រី​ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា​ចាត់ទុក​ជា​សកម្មភាព​បំភិតបំភ័យ។

សូម​បញ្ជាក់ថា ចាប់តាំង​ពីឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២ អ្នកជំនាញ​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិក​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​របៀប​សួរ​ចម្លើយ​ដែល​មន្រ្តី CIA​បាន​ធ្វើ​ទៅលើ​ជន​សង្ស័យ ក្នុង​ចន្លោះ​ឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ គឺ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ប៊ូស។ បុគ្គលិក​របស់​គណៈកម្មការ​ផ្តោត​ខ្លាំង​ជាងគេ​ទៅលើ​វិធីសាស្រ្ត​សួរចម្លើយ​បែបក្តៅ​របស់​មន្រ្តី​ CIA ជា​ពិសេស​គឺ​វិធីសាស្រ្ត​ជ្រមុជ​ក្បាល​ជនសង្ស័យ ទៅ​ក្នុងទឹក​ដើម្បី ឈ្លេចសួរ​រក​ចម្លើយ។

នេះជា​លើកទីមួយ ដែល​ទីភ្នាក់ងារ​ CIA​ត្រូវ​ជាប់​សំណាញ់​ស៊ើបអង្កេត និង​រង​ការចោទ​ប្រកាន់​ពី​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ ដែល​កន្លងមក ធ្លាប់​តែ​ចេញ​មុខ​ជួយ​ការពារ​ការងារ​របស់​ CIA៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ