អានតួអត្ថបទ
ហិរញ្ញវត្ថុ

ពីរ​ឆ្នាំ​ក្រោយ​នៃ​ការប្រកាស​ធនក្ស័យ​នៃ​ធនាគារ​Lehman Brothers

ថ្ងៃទី១៥​កញ្ញា​ឆ្នាំ២០០៨-ថ្ងៃទី១៥​កញ្ញា​ឆ្នាំ២០១០​ ​ ពីរឆ្នាំគត់​ដែល​ធនាគារ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាងគេ​ក្នុង​លោក​បាន​ប្រកាស​ ឲ្យ​ដឹង​ពី​សភាព​ធនក្ស័យ​របស់​ខ្លួន។​ ចាប់តាំង​ពី​មាន​មហា​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ​មក​ ​ រដ្ឋាភិបាល​នៃ​ប្រទេស​សំខាន់ៗ​បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ទៅលើ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ។​ ក៏​ប៉ុន្តែ​ពីរឆ្នាំ​ក្រោយ​មក​ គេ​នៅតែ​ពុំ​ទាន់​បាត់បង់​ក្តី​បារម្ភ​នៅឡើយ។

ធនាគារ​​ពាណិជ្ជកម្ម​​ដ៏​សំខាន់​ឈ្មោះ​ Lehman Brothers​ នៅទីក្រុង​ ​New York.​
ធនាគារ​​ពាណិជ្ជកម្ម​​ដ៏​សំខាន់​ឈ្មោះ​ Lehman Brothers​ នៅទីក្រុង​ ​New York.​ © Reuters
ផ្សាយពាណិជ្ជកម្ម

04:43

បទវិភាគរបស់​ សៀក សារិន

ពីរឆ្នាំ​ក្រោយពី​មហាវិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ ​ ដែល​បាន​បណ្តាល​ឲ្យ​ធនាគារ​អាមេរិក​សំខាន់ៗ​ប្រមាណ​២៨០​ប្រកាស​ធនក្ស័យ​រួចមក​ ​ គេកត់​សម្គាល់​ឃើញ​ថា​វិស័យ​ហិរញ្ញវត្ថុ​ចាប់​មាន​ដំណើរការ​ស្រួលបួល​ឡើងវិញ។​ ធនាគារ​ក៏​បាន​ចាប់​យក​បុគ្គលិក​ចូល​ធ្វើការ​បន្ថែម​ ​ ហើយ​គេ​ក៏​បាន​ចាប់សង​ឲ្យ​រដ្ឋ​វិញ​នូវ​ប្រាក់​កម្ចី​ដែល​រដ្ឋ​បាន​ផ្តល់​ឲ្យ​ពួក​គេ​សម្រាប់​ដោះ​ទាល់​នៅ​គ្រា​មាន​វិបត្តិ។​ ក៏​ប៉ុន្តែ​ ធនាគារ​ទាំងនោះ​ ​ នៅតែ​មានការ​ភ័យ​ខ្លាច​លែងហ៊ាន​ឲ្យ​គេ​ខ្ចី​ប្រាក់​ងាយៗ​ដូច​ពេលមុន​ទៀត​ឡើយ។

 
នៅ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ ប្រទេស​សំខាន់ៗ​ជាច្រើន​ដែល​បាន​រងគ្រោះ​នឹង​មហាវិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ ​ ក៏​បាន​ចាប់​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ ​ ដែល​ក្នុងនោះ​គេកត់​សម្គាល់​ឃើញ​ ​ ប្រទេស​នៃតំបន់​ប្រើ​ប្រាក់​អឺរ៉ូ​បាន​ចាប់​មាន​កំណើន​ប្រមាណ​១,៧%​នៅ​ឆ្នាំ២០១០។​ រីឯ​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ក៏​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ដែរ​ ​ ទោះបី​ជា​មាន​លក្ខណៈ​តិច​តួច​ក៏​ដោយ។​ ផ្ទុយ​ទៅវិញ​ ​ មាន​តែ​ប្រទេស​ចិន​និង​ប្រទេស​នៃ​តំបន់​អាស៊ី​ហើយនិង​ប្រទេស​ខ្លះ​នៃ​តំបន់​អាមេរិក​ឡាទីន​ទេ​ដែល​មាន​សន្ទុះកំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា។

មហា​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​បាន​បង្ក​បង្កើត​ឡើង​ដោយ​ហេតុ​តែ​បញ្ហា​ឥណទាន​Subprimes ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ឲ្យ​ទៅ​ប្រជាជន​អាមេរិក​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​នឹង​សង​ប្រាក់​បំណុល​របស់​ខ្លួន​ យក​ទៅ​ទិញ​លំនៅ​ដ្ឋាន​ឬ​អចលន​ទ្រព្យ​ដទៃ​ទៀត។​ ដល់​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ អ្នក​ទាំងនោះ​គ្មាន​សមត្ថភាព​នឹង​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ ​ វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ក៏​បាន​រីក​រាលដាល​ទៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​ទៅ​ទូទាំង​ពិភពលោក។​ ទាំងនេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​កង្វះ​តម្លា​ភាពនៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។​ ហើយ​ចាប់​ពេល​នោះ​មក​ មូលនិធិ​ប្រមាណ​៦០%​សម្រាប់​ធ្វើការ​ទិញលក់​កេង​យក​ចំណេញ​ក៏​បាន​បាត់​រូបរាង​ពី​ទីផ្សារ​ហិរញ្ញ​វត្ថុ។

ម្យ៉ាង​ទៀត​ ​ ភាគហ៊ុន​ឬ​ផលិតផល​ពិសពុល​ដែល​មាន​លក្ខណៈ​ពុំ​ជាក់ច្បាស់​របស់​ធនាគារ​ក៏​បាន​ត្រូវ​រដ្ឋ​ជួយ​ទិញ​ ​ ដើម្បី​ជាបច្ច័យ​ជួយ​បង្កើត​ឲ្យ​មាន​បរិយាកាស​ដែល​មាន​ទំនុក​ចិត្ត​កក់​ក្តៅ​ឡើងវិញ។​ ហើយ​ឆ្លៀត​ឱកាស​នោះ​ រដ្ឋ​ក៏​ចាប់​ក្តោប​ត្រួត​ត្រា​និង​ពិនិត្យ​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ធនាគារ​សំខាន់ៗ​ទាំងនោះ។

ផែនការ​ជួយ​ស្តារ​ស្រោចស្រង់​ស្ថានភាព​​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ ​ ហើយនិង​ផែនការ​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​បាន​មក​បង្ក​ឲ្យ​កើតមាន​ឧនភាព​សាធារណៈ​កាន់តែ​ធ្ងន់ធ្ងរទៅៗ។​ បាតុភូត​ដ៏​ចម្លែក​នេះ​បាន​កើតមាន​នៅ​អឺរ៉ុប​ដែល​កំពុង​តែ​អនុវត្ត​”​ផែន​ការ​សេដ្ឋកិច្ច​ត្បិតត្បៀត​”។

“​ផែនការ​សេដ្ឋកិច្ច​ត្បិតត្បៀត​”​នៅ​អឺរ៉ុប​ដែល​តម្រូវ​ឲ្យ​កាត់​បន្ថយ​ចំនួន​អ្នក​រដ្ឋការ​ ​ តម្រូវ​ឲ្យ​កាត់​បញ្ចុះ​ប្រាក់​ខែ​ ​ ធ្វើ​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​ចូល​និវត្តន៍​ ​ ធ្វើការ​ដំឡើង​ពន្ធដារ​ ​ ដែល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​គេ​យក​ប្រទេស​ក្រិក​មក​ធ្វើ​ជា​មន្ទីរ​ពិសោធន៍​មួយ​យ៉ាង​ប្រពៃ។​ ប្រទេស​ក្រិក​ដែល​មាន​ឧនភាព​សាធារណៈ​លើសពី​១៤%​នៅ​ឆ្នាំ២០០៩។

ក៏​ប៉ុន្តែ​យើងគួរ​ដឹង​ថា​ ​ “​ផែនការ​សេដ្ឋកិច្ច​ត្បិតត្បៀត​”​ពុំ​មែន​ជា​នយោបាយ​ល្អ​ប្រសើរ​ឡើយ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក។​ ហើយ​បើ​គ្មាន​កំណើន​សេដ្ឋកិច្ច​ទេ​ ​ ការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​ក៏​ពិបាក​នឹង​សម្រេច​បាន​ដែរ។

ដូច្នេះ​បាន​សេចក្តីថា​ ​ គេ​ពិត​ជា​ឋិត​នៅ​ក្នុង​ភាព​វិលវល់​មួយ​ដែល​ពិបាក​នឹង​រក​ច្រក​ចេញ​ឲ្យ​ផុត​ពី​វិបត្តិ​រួច​នៅ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ