អានតួអត្ថបទ

អតីតចុងភៅ​របស់ Ben Laden​ បានត្រូវកាត់ទោស​ឲ្យជាប់គុក១៤ឆ្នាំ​

នៅ​ថ្ងៃពុធ​ទី១១​សីហា​ឆ្នាំ២០១០​ តុលាការ​សឹក​នៅ​មូលដ្ឋាន​យោធា​Guantanamo​បាន​កាត់ទោស​ឲ្យ​អតីត​ចុងភៅ​របស់​Ben Laden​ជាប់​គុក​១៤ឆ្នាំ។​ នេះ​ជា​ការ​កាត់​សេចក្តី​លើក​ទីមួយ​ហើយ​ ចាប់​តាំងពី​លោក​បារ៉ាក់​អូបាម៉ា​បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​មករា​ឆ្នាំ២០០៩។លោក​អូបាម៉ា​ចង់បិទ​មូលដ្ឋាន​យោធា​Guantanamo​ ក៏​ប៉ុន្តែ​មាន​ការ​ប្រឆាំង​ពី​សំណាក់​សភា​អាមេរិក។

រូបគំនូរ​របស់​អ្នកកាសែតបង្ហាញ​ខ្លួន​  Ibrahim Ahmed Muhmoud al Qosi,នៅពេល​កាត់សេចក្តីនៅ​តុលាការ​សឹក​នៅ​ Guantanamo នៅ​ថ្ងៃទី១១សីហាឆ្នាំ២០១០
រូបគំនូរ​របស់​អ្នកកាសែតបង្ហាញ​ខ្លួន​ Ibrahim Ahmed Muhmoud al Qosi,នៅពេល​កាត់សេចក្តីនៅ​តុលាការ​សឹក​នៅ​ Guantanamo នៅ​ថ្ងៃទី១១សីហាឆ្នាំ២០១០ ©Janet Hamlin/AFP
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តីរាយការណ៍របស់​ សៀក សារិន

អតីត​ចុងភៅ​របស់​Ben Laden​ឈ្មោះ​Ibrahim al-Qosi​ជា​ជនជាតិ​ស៊ូដង់​បាន​ត្រូវ​តុលាការ​សឹក​នៅ​មូលដ្ឋាន​យោធា​Guantanamo​កាត់ទោស​ឲ្យ​ជាប់​គុក​១៤ឆ្នាំ។​ ក៏ប៉ុន្តែ​Ibrahim al-Qosi​អាច​ជាប់​ពន្ធនាគារ​ដោយ​មាន​រយៈកាល​ខ្លី​ជាងនេះ​ ហើយ​និង​អាច​ត្រូវ​បញ្ជូន​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រ​ទេស​​ស៊ូដង់​វិញ​ផងទៀត។​ នៅ​ដើម​ខែ​កក្កដា​កន្លង​ទៅ​អតីត​ចុងភៅ​របស់​Ben Laden​បាន​ទទួល​ស្គាល់ថា​ ខ្លួន​បាន​គាំទ្រ​ភេរវនិយម​ដោយបាន​ជួយ​ផ្តល់​គ្រឿង​សម្ភារៈ​ឲ្យ​ពួក​អាល់កៃដា។

 
គួរកត់​សម្គាល់ថា​ កិច្ច​ព្រមព្រៀង​រវាង​អតីត​ចុងភៅ​របស់​Ben Laden​ឈ្មោះ​Ibrahim al-Qosi​និង​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ទទួល​ស្គាល់​ទោស​កំហុស​នេះ​គឺ​ជា​រឿង​សម្ងាត់។​ ហើយ​គេ​ពុំ​អាច​ដឹង​ឡើយថា​ តើ​Ibrahim al-Qosi​នឹង​ត្រូវ​ឋិត​នៅក្នុង​គុក​ប៉ុន្មាន​ឆ្នាំទៀត​ឡើយ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ មេធាវី​របស់​Ibrahim al-Qosi​បាន​ថ្លែង​ប្រាប់ថា​ ការ​ឃុំ​ឃាំង​​នៅ​ក្នុង​គុក​នៅ​មូលដ្ឋាន​យោធា​Guantanamo​មាន​លក្ខខណ្ឌ​សែន​លំបាក​ បើ​ប្រៀប​ធៀប​ទៅនឹង​ពន្ធនាគារ​អាមេរិកាំង​ដទៃ​ទៀត​ ដោយហេតុ​ថា​ អ្នក​ជាប់​ពន្ធនាគារ​នៅ​Guantanamo​គ្មាន​សិទ្ធិ​នឹង​ទទួល​ជួប​បងប្អូន​ឬ​មិត្តភក្តិ​ឡើយ។​ ហើយ​ម៉្យាងទៀត​Ibrahim al-Qosi​បាន​ត្រូវ​គេ​ឃុំឃាំង​ខ្លួន​អស់​រយៈពេល​ជាង​៨ឆ្នាំ​រួចមក​ហើយ។

អតីត​ចុងភៅ​របស់​Ben Laden​បាន​ត្រូវ​គេ​ចាប់​ឃាត់​ខ្លួន​នៅ​ខែធ្នូ​ឆ្នាំ២០០១។​ Ibrahim al-Qosi​បាន​សារភាព​ប្រាប់​ថា​ ខ្លួន​បាន​ចាកចេញ​ពី​ប្រទេស​ស៊ូដង់​នៅ​ឆ្នាំ១៩៩៦​ដើម្បី​តាម​Ben Laden​ទៅ​​ប្រទេស​អាហ្វហ្កានីស្តង់។​ ហើយ​នៅ​ទីនោះ​ហើយ​ដែល​ Ibrahim al-Qosi​បាន​ក្លាយ​ទៅ​ជា​មេចុងភៅ​របស់​Oussama Ben Laden ​ហើយ​បាន​ទាំង​ទទួល​ស្គាល់ថា​ បាន​ជួយ​ឲ្យ​មេ​អាល់កៃដា​រត់​គេច​ផុត​ពី​ការ​តាម​ដេញ​ចាប់​របស់​កងកម្លាំង​អាមេរិកាំង​នៅ​ភ្នំTora Bora។

ដូច្នេះ​ប្រធាន​នៃ​គណៈកម្មការ​យោធា​អាមេរិក​នៅ​មន្ទីរ​ប៉ង់តាហ្កូន​ត្រូវ​ទទួល​យល់ព្រម​តាម​ការ​កាត់​សេចក្តី​របស់​តុលាការ​សឹក​នៅ​មូលដ្ឋាន​យោធា​Guantanamo។ ក៏​ប៉ុន្តែ​ចៅក្រម​យោធា​ម្នាក់​ទទួល​​បន្ទុក​សំណុំ​រឿង​Ibrahim al-Qosi​នេះ​បាន​សម្ដែង​ឲ្យ​ដឹង​ពី​ការ​ទើសទាល់​ ដោយ​ហេតុ​តែ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​ Ibrahim al-Qosi​មាន​កង្វះ​លក្ខណៈ​គតិយុត្ត​ ពីព្រោះ​បើយោង​តាម​ច្បាប់​អាមេរិកាំង​ អ្នក​ដែល​បាន​ត្រូវ​គេ​កាត់ទោស​ហើយ​ជាប់​ឃុំឃាំង​ខ្លួន​ ត្រូវ​គេ​ដាក់​ឲ្យ​ឋិត​នៅ​ដាច់​ឆ្ងាយ​ពី​អ្នក​ជាប់​ចោទ​ដទៃ​ទៀត។​ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​រវាង​Ibrahim al-Qosi​និង​រដ្ឋាភិបាល​បាន​គ្រោង​ឃុំខ្លួន​Ibrahim al-Qosi​នៅ​ជំរំ​លេខ៤​នៃ​មូលដ្ឋាន​យោធា​Guantanamo​ ដែល​នៅទីនោះ​ Ibrahim al-Qosi​នឹង​មាន​ការ​រួមរស់​ជា​ប្រចាំថ្ងៃ​ជាមួយ​អ្នក​ជាប់​ចោទ​និង​ជាប់​ឃុំ​ដទៃ​ទៀត​ជា​ច្រើន​ម៉ោង​ក្នុង​១ថ្ងៃៗ។​ ចៅក្រម​យោធា​ទទួល​បន្ទុក​សំណុំ​រឿង​Ibrahim al-Qosi​បាន​ទុកពេល​៦០ថ្ងៃ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​អាមេរិកាំង​ដោះ​ស្រាយ​ពី​បញ្ហា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ