អានតួអត្ថបទ
អាមេរិក

កំណើន​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ស្រុតចុះ​វិញ​យ៉ាង​ឆាប់​រហ័ស

ផលិតផល​ដុល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០​នេះ​បាន​កើន​ឡើង​តែ​២,៤%​តែ​ប៉ុណ្ណោះ​ ទល់​នឹង​៣,៧%​នៅ​ត្រីមាស​ទីមួយ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ស្នើ​ឲ្យ​ រដ្ឋបាល​អាមេរិកាំង​ចាត់​វិធានការ​ថ្មីៗ​ទៀត​សម្រាប់​ជួយ​ជំរុញ​សេដ្ឋកិច្ច​ អាមេរិកាំង​ឲ្យ​មាន​សន្ទុះ​ខ្លាំង​ឡើងវិញ។ 

សេតវិមាន​ទទួល​ស្គាល់ថា​ "​​ កំណើន​មាន​លក្ខណៈ​មាំទាំ​ ក៏​ប៉ុន្តែ​ជា​កំណើន​សេដ្ឋកិច្ច​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក "
សេតវិមាន​ទទួល​ស្គាល់ថា​ "​​ កំណើន​មាន​លក្ខណៈ​មាំទាំ​ ក៏​ប៉ុន្តែ​ជា​កំណើន​សេដ្ឋកិច្ច​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក " ©REUTERS/Jim Young
ផ្សាយពាណិជ្ជកម្ម

04:43

បទវិភាគរបស់​ សៀក សារិន

សេដ្ឋកិច្ច​អាមេរិកាំង​ដែល​មាន​កំណើន​តែ​២,៤%​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០​ពិត​ជា​បាន​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ​យ៉ាង​ឆាប់​រហ័ស​មែន។​ ប្រាក់​អាមេរិកាំង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​យក​មក​បោះទុន​ធ្វើ​វិនិយោគ​និង​យកមក​ចំណាយ​ក្នុង​វិស័យ​សាងសង់​ក៏​បាន​ស្ទុះ​ខ្លាំង​ដោយ​សារតែ​មាន​វិធានការ​សារពើពន្ធ​មក​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​២,៤%​ក្នុង​១ឆ្នាំ​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០។​ នេះ​ជា​ការ​ប៉ាន់​ស្មាន​ជា​ផ្លូវការ​នៅ​ពេល​ថ្មីៗនេះ។​ ថ្វី​ដ្បិតតែ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​នេះ​ជា​កំណើន​មាន​លក្ខណៈ​មាំទាំ​ ក៏​ប៉ុន្តែ​ជា​កំណើន​សេដ្ឋកិច្ច​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក។​ នេះ​ជា​ការ​ទទួល​ស្គាល់​របស់​សេតវិមាន។

 
តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​នៅ​ត្រីមាស​ទី២​នេះ​បាន​ធ្វើ​ឲ្យ​គេ​រិត​តែ​ខកចិត្ត​បន្ថែម​ទៀត​ នៅ​ខណៈ​ដែល​គេ​ឃើញ​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​ដែល​មាន​ដល់ទៅ​៣,៧%។​ ហើយ​ជាង​នេះ​ទៅ​ទៀត​ គេ​បាន​គ្រោង​ប្រមាណ​ថា​ នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាមេរិក​អាច​មាន​២,៧%។

កត្តា​ចម្បង​ដែល​បាន​ធ្វើ​ឲ្យ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ស្រុត​ចុះ​ឆាប់​រហ័ស​គឺ​បណ្តាល​មកពី​ការ​ចំណាយ​ទៅលើ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​បាន​ស្គាល់​ការ​ធ្លាក់​ចុះ​ថមថយ​នៅ​ត្រីមាស​ទី២។​ តាម​ធម្មតា​ ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​តំណាង​ដល់​ទៅ​២/៣​នៃ​សកម្មភាព​សេដ្ឋកិច្ច​អាមេរិកាំង។​ គួរកត់​សម្គាល់​ថា​ នៅ​ត្រីមាស​ទី១​ ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​អាមេរិកាំង​បាន​កើនឡើង​១,៩%​ ហើយ​ចាប់ពី​ខែ​មេសា​មក​ទល់​នឹង​ខែ​មិថុនា​កន្លង​ទៅនេះ​ ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​បាន​កើន​ឡើង​តែ​១,៦%​ប៉ុណ្ណោះ។​ ដូច្នេះ​គឺ​ការ​ថយ​ស្រុត​ចុះ​នៃ​កំណើន​ទិញ​ដូរ​ហូបចុក​ផ្ទៃក្នុង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ជួបនឹង​ការ​ធ្លាក់​ស្រុត​ចុះ។

បញ្ហា​អត្រា​ខ្ពស់​នៃ​អ្នក​ឥត​ការងារ​ធ្វើ​ ហើយនិង​ការ​ខិតខំ​សង​ប្រាក់​បំណុល​ពិត​ជា​មូលហេតុ​ដែល​នាំឲ្យ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​អាមេរិកាំង​ស្គាល់​ការ​ស្រុត​ចុះ​ថមថយ។​ ដំណឹង​ល្អ​មាន​តែ​មួយ​គត់​គឺ​ការ​បោះទុន​ធ្វើ​វិនិយោគ​នៅ​ក្នុង​សហគ្រាស​បាន​កើន​ឡើង​ដល់ទៅ​១៧%​ដែល​ជា​អត្រា​មួយ​គេ​ពុំ​ដែល​ឃើញ​មាន​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០០៦​មក។

ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​បាន​ស្គាល់​សកម្មភាព​ថយ​ស្រុត​ចុះ។​ ចំណែកឯ​ការនាំ​ចូល​អាមេរិកាំង​វិញ​បាន​ស្ទុះ​កើនឡើង​២៨,៨%​ដែល​មាន​សន្ទុះ​បីដង​លឿនជា​ការ​នាំចេញ។​ សកម្មភាព​ថយ​ស្រុត​ចុះ​នៃ​ការនាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ក្រៅ​ប្រទេស​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិកាំង​បាត់បង់​កំណើន​អស់​២,៧៨%។

សូមគូស​បញ្ជាក់ថា​ ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ពុំ​សូវល្អ​របស់​សហរដ្ឋ​អាមេរិក​ពិត​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​អាមេរិកាំង​បាត់បង់​ទំនុកចិត្ត​កក់ក្តៅ។​ ការ​បាត់បង់​ទំនុកចិត្ត​កក់ក្តៅ​នៃ​គ្រួសារ​អាមេរិកាំង​នេះ​ហើយ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ការ​ទិញ​ដូរ​ហូបចុក​ផ្ទៃក្នុង​ធ្លាក់​ស្រុតចុះ។​ បើ​យោងតាម​ការ​ស្ទាបស្ទង់​មួយ​របស់​មហាវិទ្យាល័យ​អាមេរិកាំង​នៃ​រដ្ឋ​Michigan បាន​ឲ្យ​ដឹងថា​ ចាប់តាំង​​ពីខែ​វិច្ឆិកា​ឆ្នាំ២០០៩​មក​ គេ​ពុំ​ដែល​ឃើញ​សោះឡើយ​ ការ​បាត់បង់​ទំនុកចិត្ត​កក់ក្តៅ​របស់​គ្រួសារ​អាមេរិកាំង​ដែល​បាន​ធ្លាក់​មក​នៅ​កម្រិត​មួយ​ដ៏​សែន​ទាប​បែបនេះ។

ដូច្នេះ​ ការ​ថយ​ស្រុតចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​អាមេរិកាំង​ច្បាស់​ជា​បណ្តាល​នាំ​ឲ្យ​មាន​ការ​តស៊ូ​មតិ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​រិះរក​បង្កើត​ឲ្យ​មាន​ផែនការ​មួយ​ថ្មី​ទៀត​សម្រាប់​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ