អានតួអត្ថបទ
វេណេហ្សុយអេឡា

Venezuelaផ្តាច់ទំនាក់ទំនងទូត​ជាផ្លូវការ​ជាមួយColombie​

លោក​ប្រធានាធិបតី​Venezuela​ Hugo Chavez​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​ពីការ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​ផ្លូវការ​ជាមួយ​Colombie​ដែល​ជា​ប្រទេស​ជិត​ខាង។​ ដោយបាន​ប្រកាស​ដាក់​យោធា​របស់​ខ្លួន​ឲ្យ​ឋិត​នៅ​ក្រោម​ភាព​អាសន្ន​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​Colombie​ថា​ បច្ចុប្បន្ននេះ​មេដឹកនាំ​ឧទ្ទាម​Colombie​មាន​វត្តមាន​និង​មាន​សកម្មភាព​នៅ​ប្រ​ទេស​​Venezuela។ 

លោកប្រធានាធិបតី Venezuela Hugo Chavez
លោកប្រធានាធិបតី Venezuela Hugo Chavez ©Reuters / Jorge Silva
ផ្សាយពាណិជ្ជកម្ម

01:28

សេចក្តីរាយការណ៍​របស់​ សៀក សារិន

លោក​ប្រធានាធិបតី​Venezuela​ Hugo Chavez​បាន​ប្រកាស​ពី​វិមាន​ប្រធានាធិបតី​Miraflores​ថា​ « ​ខ្ញុំ​ធ្វើ​សេចក្តី​ប្រកាស​ទាំង​តឹង​តែង​ចិត្តថា​ ប្រទេស​Venezuela​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​ផ្លូវការ​ជាមួយ​ប្រទេស​Colombie​ចាប់​ពីពេល​នេះទៅ​ »។​ មួយ​ម៉ោង​កន្លះ​ក្រោយ​មក​លោក​ប្រមុខ​ការទូត​Venezuela​បាន​ប្រកាស​ទុក​​ពេល​៧២ម៉ោង​ឲ្យ​អ្នក​ការទូត​Colombie​បិទ​ទ្វារ​ស្ថានទូត​របស់​ខ្លួន​និង​ចាក​ចេញ​ពី​ទីក្រុង​បូហ្កូតា។

 
ចំណែកឯ​ឯកអគ្គរដ្ឋទូត​កូឡុំប៊ី​នៅ​អង្គការ​នៃ​រដ្ឋ​អាមេរិក​OEA​វិញ​ បាន​បរិហា​ថា​ ការ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​ផ្លូវការ​របស់​ប្រទេស​ Venezuela​នេះ​ជា​សេចក្តី​សម្រេច​ចិត្ត​ពុំ​ត្រឹមត្រូវ។​ ហើយ​បានទាំង​ទាមទារ​ឲ្យ​ប្រទេស​Venezuela​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ឧទ្ទាម​Colombie​១ ៥០០​នាក់​ដែល​មាន​វត្តមាន​នៅ​ ប្រទេស​Venezuela​ផងទៀត។

រីឯ​លោក​ប្រធានាធិបតី​Venezuela​ Hugo Chavez​វិញ​ បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​វិបត្តិ​នេះ​ទៅលើ​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​កូឡុំប៊ី​Alvaro Uribe​ដែល​ត្រូវ​ចាកចេញ​ពី​មុខ​តំណែង​នៅ​ថ្ងៃទី​៧​សីហា​ខាងមុខនេះ។​ ក៏​ប៉ុន្តែ​លោក​ Hugo Chavez​នៅ​មាន​ការ​ទុកចិត្ត​ទៅលើ​សុឆន្ទៈ​របស់​លោក​Juan Manuel Santos​ដែល​ត្រូវ​ទទួល​ស្នង​តំណែង​ពី​លោក​ Alvaro Uribe។

លោក​អគ្គ​លេខាធិការ​នៃ​អង្គការ​រដ្ឋ​អាមេរិក​OEA​ឯណោះ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​រក្សា​ភាព​ស្ងប់​ស្ងៀម។​ ទីក្រុង​វ៉ាស៊ីនតោន​វិញ​យល់ថា​ ការ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​ផ្លូវការ​ជាមួយ​Colombie​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ប្រធានាធិបតី​Venezuela​Hugo Chavez​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ការ​ពុំ​សមរម្យ​ឡើយ៕

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ