អានតួអត្ថបទ
អាមេរិក

Ipad ចាប់ផ្តើម​មាន​លក់​នៅ​ក្រៅ ប្រទេស​អាមេរិក នៅ​ថ្ងៃទី ២៨ ឧសភា

ថ្ងៃ​ទន្ទឹង​រង់ចាំ​បាន​មក​ដល់ ហើយ សម្រាប់​អ្នកដែល​និយម​គាំទ្រ និង​ស្នេហា​ឧបករណ៍ Ipad ​របស់​ក្រុមហ៊ុន​អាមេរិកាំង​Apple។ ក្រៅ​ពី​ទីផ្សារ​អាមេរិក Ipadបាន ​ចាប់ផ្តើម​មាន​លក់​ហើយ នៅ​ក្នុង​ទីផ្សារ​អាស៊ី និង​អឺរ៉ុប នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​ពន្យារ​ពេល​មួយ​ខែ​ដោយក្រុមហ៊ុន Apple។ ពន្យារពេល​ដោយ​មូលហេតុ មាន​តម្រូវការ​ខ្ពស់ ខុសពី​ការព្រៀងទុក ក្នុង​ប្រទេស​អាមេរិក។ ក្រុម​ចំណោម​ប្រទស​អាស៊ី ទាំង ៩​ដែល​មាន​ដាក់​លក់ Ipad ប្រទេស​ជប៉ុន និង​អូស្ត្រាលី នាំ​មុខ​គេ​ខាង​ចំនួន​បញ្ជា​ទិញ Ipad ដែល​ជា​ផលិតផល​ ចេញ​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុនApple។

Ipad ឧបករណ៍​បចេ្ចកវិទ្យាចុងក្រោយ​របស់​ក្រុមហ៊ុន Apple
Ipad ឧបករណ៍​បចេ្ចកវិទ្យាចុងក្រោយ​របស់​ក្រុមហ៊ុន Apple ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

នៅ​ទីក្រុង​តូក្បូ នៅ​ថ្ងៃ សុក្រ​ទី ២៨ ឧសភា នេះ មាន​មនុស្ស​ក្មេងចាស់ ប្រុសស្រី​ជាង​១២០០​នាក់​បាន​ឈរ​តម្រង់ជួរ ចំងាយ ៨០០​ម៉ែត្រ នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ ពួកគេ​ម្នាក់ៗ​ប្រាថ្នា​ចូល​ទិញ​ Ipad ឲ្យ​បាន នៅ​ថ្ងែ​ចាប់ផ្តើម​លក់​ដំបូង​នេះ។ ក្នុង​ប្រទេស​បារាំង គេ​ប្រមាណ​ថា មាន​មនុស្ស​ជាង​៤​សែន​នាក់​នឹង​ទិញ​ Ipad ក្នុង​ឆ្នាំ ២០១០​នេះ។

 
អ្នកសិក្សាទីផ្សារ​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​បាន​ប៉ាន់​ប្រមើលមើលថាចាប់តាំង​ពី​ពេល​នេះ ដល់​ចុងឆ្នាំ ម៉ាស៊ីន Ipadចំនួន ជាង​៨​លាន​គ្រឿង​នឹង​អាច​លក់​ដាច់ ក្នុង​ទីផ្សារ​ពិភពលោក។ គ្រាន់តែក្នុងរយៈពេលជិតពីរខែរនេះពោលគឺចាប់តាំងពីការដាក់លក់ជាផ្លូវការកាលពីខែមេសាក្រុមហ៊ុន Apple ចេញ​លក់​ Ipadបានជាងមួយលានគ្រឿងក្នុង​ប្រទេស​អាមេរិក។

ដើម្បី ស្វែងយល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​នាំគ្នា​សម្រុក​ទិញ​ Ipad គេ​ត្រូវ​ដឹងថា តើ​ Ipad ជា​អ្វី​សិន?
 

អ្នកនិយមបច្ចេកវិទ្យា​ទំនើប​ឲ្យតម្លែថាIpad គ្រាន់តែ​Iphone ខ្នាតធំ​ប៉ុណ្ណោះ។ Iphone នេះ​ ជា​ទូរស័ព្ទ​ដៃ​ដែល​គេ​អាច​យក​ទៅ​ប្រើ​បាន​ជា​ច្រើន​មុខ ដូចជា​សម្រាប់​ថតរូប ស្តាប់ចំរៀង ចូលស្វែង​រក​ព័ត៌មាន​ក្នុង​អ៊ិនធ័រណែត។

ចំណែក Ipad ដែល​មាន​អេក្រង់​ធំ​ទំហំ​A 4 អាច​ឲ្យ​គេ​មើល​រូបថត​ពណ៌​ធម្មជាតិ និង​ចូល​មើល​កុន ទូរទស្សន៍ ស្តាប់​វិទ្យុ ឬ​អាន​ព័ត៌មាន​គ្រប់​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​អ៊ិនធ័រណែត។ តាមរយៈ​កម្មវិធី​ជា​ច្រើន​ពាន់​ដែល​ក្រុមហ៊ុន Apple​បាន​ស្ថាបនា​ឡើង Ipad ជា​ឧបករណ៍​សម្រាប់​ និង​អាច​ឲ្យ​គេ​ចូល​លេង​ហ្គេម គ្រប់​ប្រភេទ។ ម្យ៉ាងទៀត ដោយមាន​កិច្ច​សន្យា​ជាមួយ​គ្រឹស្ថាន​បោះពុម្ព​សៀវភៅ Ipad  នេះ​បាន​ក្លាយ​ជា​កូន​សៀវភៅ​អេឡិចត្រូនិក។ គេ​បារម្ភ​ថា វត្តមាន​របស់ Ipad និង​ការរីកដុះដាល​របស់​សៀវភៅ​អេឡិចត្រូនិច​នឹង​អាច​ធ្វើ​ឲ្យ​សៀវភៅ​ក្រដាស​រលាយ​សាបសូន្យ។

ខុស​ពី​សៀវភៅ​ក្រដាស ធម្មតា Ipad ជា​សៀវភៅ​ដែល​មាន​ទំងន់​ធ្ងន់។ គេ​វាយតម្លៃ​ថា អ្នកនិយម​ការអាន​នឹង​មិន​សុខចិត្ត​យួរ​តាម​ខ្លួន​គ្រប់​ពេល​នូវ​ម៉ាស៊ីន​មួយ​ដែល​មាន​ទំងន់​ ជាង​កន្លះ​គីឡូក្រាម (៦៨០ក្រាម)​នោះ​ទេ។

ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នកនិយម​ប្រើ​គ្រឿង​បច្ចេកវិទ្យា មាន​ការសោកស្តាយ នោះ​គឺ Ipad ដែល​ជា​ផលិតផល​សម្រិតសម្រាំង​ចុងក្រោយ​របស់​ក្រុមហ៊ុន​Apple មិន​អាច​ឲ្យ​គេ​ប្រើ​ជា​ទូរស័ព្ទ​បានទេ។ Ipad មិន​មាន​កាម៉េរ៉ា និង​មិន​អាច​ឲ្យ​គេ​ប្រើប្រាស់​កម្មវិធី​ផ្សេង ក្រៅ​ពី​កម្មវិធី​ដែល​ក្រុមហ៊ុន​Appleបង្កើត​ឡើង។ មួយ​វិញ​ទៀត គេ​ត្រូវ​ដឹង​ថា Ipad​មិនមែន​ជា​កំព្យូទ័រ​ចល័ត​ដូចគេ​បាន​រំពឹង​ទុក​នោះ​ទេ ព្រោះ​ Ipad មិន​មាន​កម្មវិធី សម្រាប់​វាយ​អត្ថបទ។

និយាយ​ដោយ​សាមញ្ញ Ipad គ្រាន់​តែ​ឧបករណ៍​មួយ​សម្រាប់​ឲ្យ​គេ​មើល ស្តាប់ និង​លេង​ហ្គេម​ប៉ុណ្ណោះ។ សម្រាប់​អ្នកនិយម​បច្ចេកវិទ្យា ការចំណាយ​លុយ​ទិញ Ipad​ដែល​មាន​តម្លៃ​ចាប់ ពី​៤៩៩​ដុល្លារ ដល់​៦៩៩​ដុល្លារ ជា​រឿង​មួយ​សមគួរ។ ប៉ុន្តែ អ្នកដែល​មិន​ចង់ជ្រួលជ្រើម​នឹង​ឧបករណ៍​បចេ្ចកវិទ្យា​ចេញ​ថ្មី និង​មិន​ត្រូវការ​ចាំបាច់​ក្នុង​អាជីព​របស់​ខ្លួន ការចាយលុយ​ជាច្រើន​រយ​ដុល្លារ​ទៅ​លើ​បន្ទះ​អាលុយមីញ៉ូម តូចមួយ ជា​រឿង​មួយ​ដែល​ឥត​ប្រយោជន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ