អានតួអត្ថបទ
សហរដ្ឋអាមេរិក

Faisal Shahzad ជា​ភេរវជន​ បង្ក​អំពើ​ភេរវកម្ម​មិន​បាន​សម្រេច​នៅ New York

៤​ថ្ងៃ ក្រោយ​អំពើ​ភេរវកម្ម​មិន​បាន​សម្រេច​នៅ​ក្នុង​ទី​ក្រុង New York សហរដ្ឋអាមេរិក​មក គេ​បាន​ចាប់​ផ្តើម​ស្គាល់​កាន់​តែ​ច្បាស់​ហើយ អំពី​អត្តសញ្ញាណ​របស់​ជន Faisal Shahzad គឺ ​ជា​ជន​ជាតិ​អាមេរិកំាង មាន​ដើម​កំណើត​ប៉ាគីស្តង់។ តំាង​ពី​ថ្ងៃ​អង្គារ ទី​៤ ឧសភា​ម្សិលមិញ​មក តុលាការ​អាមេរិកំាង​បាន​ចោទ​ប្រកាន់​លើ​ជន Faisal Shahzad ចំនួន ​៥​ករណី ក្នុង​នោះ ក៏​មាន​ករណី​ប៉ុនប៉ង​ប្រើ​អាវុធ​ប្រល័យ​លោក​ដែរ។ តើ​ជន Faisal Shahzad មាន ​ប្រវត្តិរូប​សង្ខេប​យ៉ាង​ដូច​ម្តេច​ខ្លះ ?

Faisal Shahzad ជា​ភេរវជន​ បង្ក​អំពើ​ភេរវកម្ម​មិន​បាន​សម្រេច​នៅ New York
Faisal Shahzad ជា​ភេរវជន​ បង្ក​អំពើ​ភេរវកម្ម​មិន​បាន​សម្រេច​នៅ New York ©Reuters
ផ្សាយពាណិជ្ជកម្ម

02:30

សេចក្តី​រាយការណ៍​របស់​ គួច គន្ធារ៉ា

គួច គន្ធារ៉ា

មាន​អាយុ ៣០​ឆ្នំា ជន Faisal Shahzad គឺ​ជា​កូន​ប្រុស​របស់​មន្រ្តី​យោធា​ជាន់​ខ្ពស់​ប៉ាគីស្តង់​ម្នាក់។ អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ ដែល Shahzad បាន​រស់​នៅ​សហរដ្ឋអាមេរិក និង​បាន​សិក្សា​រៀន​សូត្រ​នៅ​ឯ​មហាវិទ្យាល័យ​ទៀត​ផង។ បើ​ទោះ​បី​ជា​ភាសា​អង់គ្លេស​របស់​ខ្លួន នៅ​មាន​កំរិត​ទាប​ក៏​ដោយ។ Shahzad មាន​ប្រពន្ធ និង​កូន ២នាក់​ដែល​នៅ​តូចៗ។ Shahzad បាន​ទិញ​ផ្ទះ​មួយ​ដ៏​ស្អាត និង​ប្រកប​ការងារ​ជា​អ្នក​វិភាគ​នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ។ ក៏​ប៉ុន្តែ​ក្នុង​ឆ្នំា ២០០៩ កន្លង​ទៅ ស្ថានភាព​គ្រួសារ​របស់ Shahzad ហាក់​ដូច​ជា​បាន​ក្រឡាប់​ចាក់​តែ​មួយ​ពព្រិច​ភ្នែក។

 
បន្ទាប់​ពី​បាន​ទទួល​សញ្ជាត​​អាមេរិកំាង Shahzad បាន​បាត់​ខ្លួន​ពី​សហរដ្ឋអាមេរិក​តែ​ម្តង។ ចាក​ចោល​ផ្ទះ​សម្បែង និង​លា​ឈប់​ពី​ការងារ Shahzad ព្រម​ទំាង​ប្រពន្ធ និង​កូន​ទំាង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្តង់ ដោយ​មិន​បាន​និយាយ​ប្រាប់​អ្នក​ណា​ទំាង​អស់ និង​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ឡើយ។

ស្រាប់​តែ​៥​ខែ​ក្រោយ​មក Shahzad បាន​សម្រេច​វិល​ត្រលប់​ទៅ​សហរដ្ឋអាមេរិក​វិញ​តែ​ម្នាក់​ឯង​គត់។ នៅ​សហរដ្ឋអាមេរិក Shahzad បាន​ទៅ​រស់​នៅ​ក្នុង​សង្កាត់​មួយ​ដោយ​ស្ងាត់ៗ ដែល​គ្មាន​អ្នក​ណា​ម្នាក់​បាន​ចាប់​អារម្មណ៍​ពី​ខ្លួន​ឡើយ។ គឺ​ទើប​តែ​នៅ​ថ្ងៃ​ទី ១ ឧសភា ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ដែល Shahzad បាន​បើក​ឡាន​មួយ ផ្ទុក​ពេញ​ដោយ​ជាតិ​ផ្ទុះ ទៅ​ចត​ចោល​ចំ​កណ្តាល​ទីក្រុង New York។

នៅ​ក្នុង​ទង្វើ​របស់ Shahzad របៀប​នេះ នំា​ឲ្យ​មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ឡើង ទីមួយ៖ ថា​តើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ជីវិត​ផ្ទាល់​ខ្លួន និង​គ្រួសារ​របស់ Shahzad នៅ​លើ​ទឹក​ដី​អាមេរិកំាង​រហូត​មក​ទល់​ពេល​នេះ គ្រាន់​តែ​ជា​ឆាក​ល្ខោន​មួយ​ក្នុង​គោលដៅ​បំផ្លាញ​ផលប្រយោជន៍​អាមេរិកំាង​ទៅ​វិញ​ទេ ឬ​យ៉ាង​ណា ? និង​ទី​ពីរ៖ ថា​មាន​រឿង​អ្វី​កើត​ឡើង​ពិត​ប្រាកដ​ទៅ ដែល​បាន​ជម្រុញ​ឲ្យ​ជនShahzadប្រព្រឹត្តិ​អំពើ​ភេរវកម្ម ?
ទំាង​នេះ សុទ្ធ​សឹង​ជា​សំណួរ​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​នឹង​ស្វែង​រក​ចម្លើយ​ពិត ពី​ជន Shahzad ផ្ទាល់។

តំាង​ពី​ក្រោយ​ការ​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី៣ ឧសភា​មក Shahzad បាន​ធ្វើ​សហប្រតិបត្តិការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​ក្រុម​អ្នក​ស៊ើបអង្កេត។ Shahzad បាន​បន្ត​ឆ្លើយ​ដោយ​គ្មាន​អល់​អែក​ទៅ​នឹង​គ្រប់​សំណួរ​ទំាង​អស់ ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​ចង់​ដឹង។ អ្វី​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​ចង់​ឲ្យ Shahzad ប្រាប់​នោះ គឺ​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​បុគ្គល ក្រុម ឬ​ចលនា​ណា​មួយ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​អំពើ​ភេរវកម្ម​មិន​បាន​សម្រេច​នោះ។ ក្រុម​អ្នក​ស៊ើប​អង្កេត​ដឹង​ច្បាស់​ណាស់​ថា Shahzad តែ​ម្នាក់​ឯង គ្មាន​សមត្ថភាព​ឯ​ណា​រហូត​ដល់​អាច​រៀប​ចំ​គម្រោង​បំផ្ទុះ​រថយន្ត​នៅ​ចំ​កណ្តាល​ទីក្រុង New York នោះ​ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ