អានតួអត្ថបទ
សហរដ្ឋអាមេរិក-Apple

ក្រសួង​យុត្តិធម៌​អាមេរិក​ប្តឹង ​Apple ​ដែល​មិន​ព្រម​ជួយ​ដោះលេខ​សម្ងាត់​ iphone

ក្រសួង​យុត្តិធម៌​អាមេរិក ​បាន​ដាក់​ពាក្យ​ប្តឹង​ជាថ្មី ​ប្តឹង​ក្រុមហ៊ុន Apple​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ​ ផ្តល់​ជំនួយ​បច្ចេកទេស ​ក្នុង​ការ​ដោះ​លេខសម្ងាត់​ទូរស័ព្ទ​ iPhone ​របស់​ជន​ល្មើស​ដែល​បាន​បង្ករ​ការ​បាញ់រះ​សម្លាប់​មនុស្ស​១៤​នាក់​ នៅ​ក្រុង​សាំង ប៊ែណាឌីណូ ​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ក្រុមហ៊ុន ​Apple​ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ថា​គេ​មិន​អាច​ធ្វើ​វា​បាន​ទេ ​ ដោយសារ​តែ​វា​អាច​ក្លាយ​ជា​មធ្យោបាយ​មួយ ​ដើម្បី​ចូល​ទៅ​យក​ទិន្ន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ ​ iPhone ​ម្នាក់ៗ​ បើ​សិន​ជា​ថ្ងៃ​មុខ​ វា​ធ្លាក់​ទៅ​ដល់​ដៃ​ជន​ខិលខូច។

ទូរស័ព្ទ iPhone
ទូរស័ព្ទ iPhone REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក ​ បាន​ដាក់​ពាក្យ​បណ្តឹង​ថ្មី​មួយ​ទៀត ​ទៅ​តុលាការ​សហព័ន្ធ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​ដើម្បី​ចាប់​បង្ខំ ​ឲ្យ​ក្រុមហ៊ុន ​Apple​ ផ្តល់​ជំនួយ​បច្ចេកទេស ​ដល់​ក្រុម​ភ្នាក់ងារ ​FBI។ សូម​បញ្ជាក់​ថា ​ក្រុម​FBI​កំពុងតែ​ស៊ើបអង្កេត​លើ​សំណុំរឿង​ភេរវកម្ម​បាញ់​រះ​ កាល​ពី​ដើម​ខែ​ធ្នូ ​នៅ​ក្រុង​សាំង ប៊ែណាឌីណូ​ ដែល​ប្តី​ប្រពន្ធ​ពីរ​នាក់ ​បាន​យក​កាំភ្លើង ​បាញ់​សម្លាប់​មនុស្ស​១៤នាក់​ស្លាប់។ ក្រុម​អ្នក​ស៊ើបការណ៍​ ចង់​ទាញ​យក​ទិន្ន័យ​ក្នុង​ទូរស័ព្ទដៃ ​ប្រភេទ ​iPhone ​របស់​ជន​ដៃដល់​ឈ្មោះ ​សាយីដ ហ្វារូគ ​ក៏​ប៉ុន្តែ​មិនអាច​ធ្វើបាន ​ ដោយសារ​មិន​​អាច​ដោះសោរ​សម្ងាត់​បាន។ ក្រុម ​FBI​ ​ក៏​ចង់​សុំ​ឲ្យ ​​Apple​ បញ្ឈប់​តួនាទី​លប់​ទិន្ន័យ​ក្នុង​ទូរស័ព្ទ​iPhone​ ក្នុង​ករណី​ដែល​មាន​ការ​ប៉ុនប៉ង​វាយ​បញ្ចូល​លេខ​សំងាត់​ខុស​ច្រើន​ដង​ពេក។

 
កន្លង​មក​ក្រុមហ៊ុន​ Apple ​បាន​បដិសេធ​មិន​ព្រម​ផ្តល់​ជំនួយ​អ្វី​ទាំងអស់ ​ដោយ​បាន​ដោះសារ​ថា​ ការ​ជួយ​ដោះលេខ​សម្ងាត់​ទូរស័ព្ទ​iPhone ​គឺ​មាន​ន័យ​ថា ​ក្រុមហ៊ុន​ត្រូវ​ផលិត​កម្មវិធី​ថ្មីមួយ ​ដើម្បី​ដោះ​លេខ​សម្ងាត់​នេះ។ ដូច្នេះ ​បើ​កម្មវិធី​នេះ​ ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​ខិលខូច ​ ពួក​គេ​នឹង​អាច​ប្រើវា ​ដើម្បី​ទាញ​យក​ទិន្ន័យ​របស់​អ្នក​ប្រើប្រាស់ ​iphone ​ទាំងអស់​បាន​ ជាក់​ជា​ពុំខាន។ លោក ​ធីម ឃុក ​ នាយក​ក្រុមហ៊ុន ​Apple ​ធ្លាប់​បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ​ រដ្ឋាភិបាល​បាន​ទាមទារ​នូវ​អ្វី​ដែល​ក្រុមហ៊ុន​មិន​អាច​ធ្វើបាន ​ហើយ​នេះ​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ ដែល​ត្រូវ​ការពារ​ទិន្ន័យ​របស់​អតិថិជន​ប្រើប្រាស់ iPhone ​ទាំងអស់

យ៉ាងណា​ក៏ដោយ ​ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​អះអាង​ថា ​ គេ​មិន​បាន​សុំឲ្យ​ក្រុមហ៊ុន​ Apple​ ទៅ​បង្កើត​កម្មវិធី​ពិសេស​ថ្មី​មួយ ​ ដើម្បី​បើក​សោរ​ទូរស័ព្ទ​iPhone ​ទាំងអស់​នោះ​ទេ។ គេ​គ្រាន់​តែ​សុំឲ្យ​ក្រុមហ៊ុន​នេះ ​ ផ្តល់​ការ​សហការ​មួយ​សមរម្យ ​ដើម្បី​ជួយ​ធ្វើ​យ៉ាងណា ​ទាញ​យក​ទិន្ន័យ ​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ ​របស់​ជន​ល្មើស ​តែមួយ​គ្រឿង​តែ​ប៉ុណ្ណោះ។ វាគ្មាន​អ្វី ​ដែល​អតិថិជន​ប្រើប្រាស់​ iPhone​ ត្រូវ​ព្រួយ​បារម្ភ​ ខ្លាច​ជន​ខិលខូច​ចូល​ទៅ​លួច​ទិន្ន័យ​ផ្ទាល់ខ្លួន ​របស់​ពួក​គេ​នោះ​ឡើយ។

សម្រាប់​អ្នក​រិះគន់​រដ្ឋាភិបាល ​គេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​រដ្ឋាភិបាល​យក​លេស​នេះ ​ ដើម្បី​មាន​ឱកាស​លួច​បច្ចេកទេស ​បើកសោរ​សម្ងាត់ ​ ហើយ​ចូល​ទៅ​ស៊ើប​ការណ៍​ទូរស័ព្ទ​ទាំងអស់ ​ដែល​នេះ​វា​ប៉ះពាល់​ខ្លាំង​ណាស់ ​ ដល់​សេរីភាព​បុគ្គល។ ប៉ុន្តែ​សម្រាប់​អ្នក​ផ្សេង​វិញ ​ គេ​យល់​ថា ​ក្រុមហ៊ុន​ Apple ​កំពុង​តែ​បង្អាក់​ដំណើរការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ ហើយ​ជា​ពិសេស​គឺ​បង្ករ​ការ​រារាំង​ដល់​កិច្ចការ​ការពារ​សន្តិសុខ​ជា​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ