អានតួអត្ថបទ
សហរដ្ឋអាមេរិក-បោះឆ្នោត

Donald Trump និង Hilary Clinton ​ចាញ់​ទាំង​ពីរនាក់​នៅ​រដ្ឋ​Wisconsin

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី ​ នៅ​ក្នុង​គណបក្ស​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក ​កំពុងតែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ក្តៅ​គគុក ​ ហើយ​ដែល​ស្ថានភាព​ហាក់​កំពុងតែ​ប្រែប្រួល ​ដោយសារ​បេក្ខជន​ពីរ​រូប​ដែល​គេ​សង្ឃឹម​ខ្លាំង​ជាង​គេ ​គឺ​លោកស្រី ​ហ៊ីឡារី គ្លីនតុន​ និង​លោក​ដូណាល់ ទ្រុម្ភ ​បាន​បរជ័យ​ទាំងពីរ​នាក់​នៅ​រដ្ឋ​ វីសខុនស៊ិន ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​ មេសា។ ជ័យ​លាភី​ក្នុង​រដ្ឋ​នេះ ​បាន​ទៅ​លោក ​ធេត គ្រូស ​ខាង​គណបក្ស​សាធារណរដ្ឋ ​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ទៅ​លើ​លោក​ប៊ែរនី ស៊ែនឌើស។

មណ្ឌល​បោះឆ្នោត​មួយនៅ ក្នុងរដ្ឋ Wisconsin
មណ្ឌល​បោះឆ្នោត​មួយនៅ ក្នុងរដ្ឋ Wisconsin Matthew Cavanaugh/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី ​ក្នុង​បក្ស​ទាំងពីរ ​នៅ​រដ្ឋ​វីសខុនស៊ិន ​បាន​បង្ហាញ​ពី​ភាព​ប្រែប្រួល​ថ្មី​នៅ​ក្នុង​លទ្ធផល​រួម។ លោក​មហាសេដ្ឋី​សក់​ក្រហម ​ដូណាល់ ទ្រុម្ភ ​ ដែល​ជា​គូ​ប្រជែង​ជាមួយ​លោក ​ធេត គ្រូស ​នៅក្នុង​គណបក្ស​សាធារណរដ្ឋ ​ បាន​ចាញ់​យ៉ាង​ដំណំ​នៅ​ក្នុង​រដ្ឋ​វីសខុនស៊ិន​នេះ ​ដោយ​បាន​ទទួល​សម្លេង​ឆ្នោត​តែ​​៣៥%​ ទល់​នឹង​៤៨,៣%។ លទ្ធផល​នេះ ​បាន​ធ្វើ​ឲ្យ​លោក ​ធេត គ្រូស ​ប្រមូល​យក​អ្នក​បោះឆ្នោត​តំណាង ​សឹងតែ​ទាំងអស់ ​ដែល​មាន​នៅ​ក្នុង​រដ្ឋ​នេះ។ ចំណែក​លោកស្រី​ហ៊ីលឡារី​គ្លីនតុន​វិញ​ ដែល​ប្រជែង​ជាមួយ​នឹង​លោក​ ប៊ែរនី ស៊ែនឌើស ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ​ ក៏បាន​ចាញ់​ដែរ​ នៅ​ក្នុង​រដ្ឋ​វិសខុនស៊ិន ​កាល​ពី​ម្សិលមិញ។

 
ជាមួយ​នឹង​លទ្ធផល​ថ្មីនេះ ​លោក​ ធេត គ្រូស ​នឹង​បាន​អ្នក​បោះឆ្នោត​តំណាង ​ចំនួន​៥១០​សម្លេង។ តែ​ចំនួន​នេះ​នៅ​តែ​ដាច់ចាញ់​ឆ្ងាយ ​នឹង​លោក​ដូណាល់ ទ្រុម្ភ ​ដែល​បាន​សម្លេង​អ្នក​បោះឆ្នោត​តំណាង​ចំនួន​៧៤៣។ តែយ៉ាង​ណាក៏​ដោយ ​លោក ធេត គ្រូស ​បាន​ធ្វើ​ការ​ប្រកាស​ថា​ លោក​នឹង​ព្យាយាម​យក​ឈ្នះឲ្យ​បាន ​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត ​ ដើម្បី​កុំឲ្យ​លោក ​ដូណាល់ ទ្រុម្ភ ​រក​បាន​សម្លេង​ឆ្នោត​ដាច់ខាត​ ចំនួន​១២៣៧​សម្លេង។

សូម​បញ្ជាក់​ថា ​បើ​លោក​ដូណាល់ ទ្រុម្ភ ​បាន​សម្លេង​នេះ​គ្រប់ ​ មាន​ន័យ​ថា​គាត់​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​​របស់​គណបក្ស​សាធារណរដ្ឋ​ដោយ​ស្វ័យប្រវត្តិ។ តែបើ​មិន​គ្រប់​ទេ ​ អ្វីៗ​នឹង​សម្រេច​ទៅ​ដោយ​ការ​បោះឆ្នោត​រួម​របស់​អ្នក​បោះឆ្នោត​តំណាង​ទាំងអស់ ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។​ តាម​ការ​វិភាគ​ អ្វីៗ​អាច​ទៅ​រួច​ទាំង​ពីរ​ផ្លូវ​ គឺ​លោក​ដូណាល់​ ទ្រុម្ភ​ អាច​បាន​សម្លេង​គ្រប់ ​រឺ​អាច​ខ្វះ​បន្តិច​បន្តួច ​ ព្រោះ​មាន​នៅ​សល់​រដ្ឋ​ជា​ច្រើនទៀត​ ដែល​មិន​ទាន់​បោះឆ្នោត ​ជា​ពិសេស​ដូច​ជា​រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​នឹង​ត្រូវ​បោះឆ្នោត​ចុង​ក្រោយ​គេ​ ថ្ងៃ​ទី​៧ ​ខែ​មិថុនា។

ចំណែក​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ ថ្វីបើ​ជាមួយ​នឹង​បរាជ័យ​ថ្មី​នៅ​រដ្ឋ​វីសខុនស៊ិន ​របស់​លោកស្រី​ហ៊ីឡារី ​គ្លីនតុន​ នាពេល​នេះ ​ក៏​គាត់​នៅ​តែ​មាន​ចំនួន​អ្នក​បោះឆ្នោត​តំណាង​ច្រើន​ដាច់​ឆ្ងាយ​ពី​លោក ​ប៊ែរនី ស៊ែនឌើស​ដែរ​ ពោល​គឺ​១១៧៨​សម្រាប់​លោក​ស្រី​គ្លីនតុន ​ទល់នឹង​១០៩៧​សម្រាប់​លោក​ស៊ែនឌើស។ ចំនួន​សម្លេង​ភាគច្រើន​សម្រាប់​បេក្ខជន​គណបក្ស​នេះ ​គឺ​២៣៨៣​សម្លេង។ លោក​ស្រីហ៊ីឡារី ​កំពុង​តែ​ដាក់​ការ​សង្ឃឹម​ទៅ​លើ​ការ​បោះឆ្នោត​នៅ​រដ្ឋ​ញូយ៉ក ​ ដែល​គាត់​ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​រវាង​ពី​ឆ្នាំ​២០០១​ដល់​២០០៩។

យ៉ាងណា​ក៏ដោយ ​លទ្ធផល​ចុងក្រោយ​សម្រាប់​គណបក្ស​ទាំងពីរ ​នៅ​មិន​ទាន់​អាច​ស្មាន​ដឹង​នៅ​ឡើយ​ ព្រោះ​អ្វីៗ​អាច​ប្រែប្រួល​បាន​គ្រាប់​ពេល​វេលា។ ដូចជា​ក្នុង​កាលៈទេសៈ​នេះ​ជាដើម​ បេក្ខជន​លោក​ ធេត គ្រូស ​ខាង​គណបក្ស​សាធារណរដ្ឋ ​ក៏ដូច​ជា​បេក្ខជន​លោក ​ប៊ែរនី ស៊ែនឌើស ​ខាង​គណបក្ស​ប្រធាធិបតេយ្យ ​កាល​ពី​ដំបូង​គ្មាន​នរណា​គេ​ស្គាល់​ច្រើន ​ ហើយ​មិន​សូវ​មាន​សង្ឃឹម​ទេ។​ បន្តែ​ឆ្លងកាត់​ការ​ឃោសនា​យ៉ាង​សកម្ម ​បេក្ខជន​ទាំងពីរ​កំពុង​ធ្វើ​ឲ្យ​បេក្ខជន​ពីរ​នាក់​ផ្សេង​ទៀត​មាន​ការ​ភ័យព្រួយ​មិន​ស្ទើរ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ