អានតួអត្ថបទ
សហរដ្ឋអាមេរិក

តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​នៅ​សាន់ហ្រ្វាន់​ស៊ីស្កូ ច្រាន​ចោល​​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍

ជាថ្មី​ម្តងទៀត​ ​តុលាការ​អាមេរិក​ បាន​ច្រាន​ចោល​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍​របស់​លោក​ដូណាល់ ​ត្រាំ។ ក្រោយ​ពេល​ដែល​តុលាការ​រដ្ឋ​ហាវ៉ៃ ​បាន​បដិសេធ​សុពលភាព​ផ្លូវ​ច្បាប់ ​របស់​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍ ​ កាល​ពី​ខែ​មីនា ​រដ្ឋាភិបាល​លោក​ត្រាំ ​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​​​នៅ​ចំពោះមុខ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ រដ្ឋ​កាលីហ្វ័រញ៉ា។ តែពេល​នេះ ​តុលការ​នេះ ​បាន​ច្រាន​ចោល​បណ្តឹង​ទាស់​របស់​រដ្ឋាភិបាល ​ដែល​ការ​នេះ ​នឹង​បើក​ផ្លូវ​ ឲ្យ​ឡើង​ទៅ​កាន់​តុលាការ​កំពូល។

សកម្មជន​​ប្រឆាំង​នឹង​​ក្រិត្យ​ច្បាប់​​អន្តោ​​ប្រវេសន៍ នៅ​ខាង​មុខ​​តុលាការ​ក្រុង​Seattle​ ថ្ងៃទី​១៥ ឧសភា ២០១៧
សកម្មជន​​ប្រឆាំង​នឹង​​ក្រិត្យ​ច្បាប់​​អន្តោ​​ប្រវេសន៍ នៅ​ខាង​មុខ​​តុលាការ​ក្រុង​Seattle​ ថ្ងៃទី​១៥ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ ​(Circuit 9) បាន​ច្រាន​ចោល​បណ្តឹង​ទាស់​របស់​រដ្ឋាភិបាល​អាមេរិក​ ដែល​ប្តឹង​ឲ្យ​លប់​ចោល​សាល​ដីកា​របស់​តុលាការ​រដ្ឋ​ហាវ៉ៃ។ កាល​ពី​ខែ​មីនា ​ចៅក្រម​តុលាការ​ហាវ៉ៃ ​បាន​សម្រេច​ថា ​ក្រិត្យ​ច្បាប់​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ដែល​ហាម​មិន​ឲ្យ​ប្រជាជន​ប្រទេស​អ៊ីស្លាម​មួយ​ចំនួន ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក ​គឺ​វា​មាន​ខ្លឹមសារ​ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អាមេរិក។

 
នៅថ្ងៃទី ១៣ មិថុនា ​ចៅក្រម​ទាំង៣​រូប​ នៃ​តុលាការ​ឧទ្ធរណ៍​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ​ បាន​សម្រេច​រក្សា​ទុក​សាលដីកា​នេះ ​ក៏​ប៉ុន្តែ​មិនបាន​លើក​ឡើង​អំពី​ភាព​ស្រប​រឺ​មិន​ស្រប​ ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ នៃ​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍​ទេ។ ចៅក្រម​សាលាឧទ្ធរណ៍​ គ្រាន់តែ​បាន​បញ្ជាក់​ថា ​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍ ​មិន​បាន​ផ្តល់​នូវ​អំណះអំណាង​គ្រប់គ្រាន់​ ដែល​តំរូវ​ឲ្យ​មាន​ការ​ហាមឃាត់​មនុស្ស​ដល់​ទៅ​១៨០​លាន​នាក់ ​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក។ ការហាមឃាត់ ​ដោយ​សំអាង​ទៅ​លើ​តែ​សញ្ជាតិ ​របស់​ប្រជាជន​ទាំង​នោះ ​គឺ​វា​មិន​គ្រប់គ្រាន់ ​ហើយ​មិន​សម​ហេតុផល​ឡើយ។

លោក ​Jeff Sessions​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​លើក​ឡើង​ថា ​លោក​មិន​យល់​ស្រប​នឹង​ការ​សម្រេច​របស់​ចៅក្រម​ឡើយ ​ហើយ​លោក​ ក្នុង​នាម​រដ្ឋាភិបាល ​និង​រៀបចំ​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

សូម​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី៤​ហើយ ​ ដែល​តុលាការនៅ​អាមេរិក ​បាន​ចេញ​សាលក្រម ​ប្រឆាំង​នឹង​ក្រិត្យច្បាប់​អន្តោប្រវេសន៍​ ចុះ​ហត្ថលេខា​ដោយ​លោក​ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃទី​៦​ មីនា។ ប្រជាជន​ប្រទេស​ចំនួន​៦ ​មាន​លីប៊ី អ៊ីរ៉ង់​ សូម៉ាលី ​ស៊ូដង់ ​យេមែន ​និង​ស៊ីរី ​ត្រូវ​បាន​ហាម​ឃាត់​​ មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ ក្នុង​រយៈពេល​៣ខែ។

កាលពី​ថ្ងៃ​ទី ​២៥ ​ឧសភា ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ ​នៅ​រដ្ឋ​វៀរជីនី​ (Circuit 4) បាន​រក្សា​ទុក​សេចក្តី​សម្រេច​របស់​តុលាការ​រដ្ឋ​ម៉ារីលែន ​ដែល​បាន​កាត់​សេចក្តី​ថា​ ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍​របស់​លោក​ត្រាំ ​មាន​ខ្លឹមសារ​រើស​អើង​ប្រកាន់​ពូជសាសន៍ ​និង​សាសនា។ ក្រោយ​សេចក្តី​សម្រេច​នេះ ​រដ្ឋា​ភិបាល ​ក៏បាន​ដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​ដែរ។ បើតាម​ការ​រំពឹង​ទុក​ តុលាការ​កំពូល ​នឹង​ត្រូវ​សម្រេច​សេចក្តី​ នៅ​រវាង​សប្តាហ៍​នេះ ​ឬ​សប្តាហ៍​ក្រោយ។

រដ្ឋាភិបាល​អាមេរិក​ បាន​លើក​ឡើង​ថា​ ការ​ហាមឃាត់​ប្រជាជន​នៅ​តាម​ប្រទេស​ទាំង​នោះ​ មិន​ឲ្យ​មក​សហរដ្ឋ​អាមេរិក ​គឺ​ជា​ការ​ហាមឃាត់​បណ្តោះអាសន្ន ​ដើម្បី​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​អាមេរិក​ មាន​ពេល​ចាត់ចែង​ឲ្យ​​បាន​ម៉ឺងម៉ាត់ ​ជុំវិញ​វិធានការ​ទប់ស្កាត់​ ការ​ហូរចូល​នូវ​ពួក​បណ្តាញ​ភេរវកម្ម។ មួយវិញ​ទៀត ​ក្នុង​ក្រិត្យ​ច្បាប់ ​ក៏​ពុំ​មាន​ប្រើ​ពាក្យ​ថា ​សាសនា​អ៊ីស្លាម ​ដែរ។​

តែយ៉ាងណា ​ក្រុម​អ្នក​ដើម​បណ្តឹង ​បាន​លើក​យក​ជា​សំអាង​នូវ​ សារ​ដែល​លោក​ដូណាល់ ត្រាំ ​បាន​សរសេរ​ផ្ទាល់​ដៃ ​ជារឿយៗ​ លើ​ទំព័រ​Twitte​r ដែលសារ​ទាំង​នោះ ​បង្ហាញ​ពី​បំណង ​និង​ឆន្ទៈ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ដែល​ចង់​ ហាមឃាត់​ប្រជាជន​អ៊ីស្លាម ​មិនឲ្យ​ចូល​ដី​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ