អានតួអត្ថបទ
សហរដ្ឋអាមេរិក

ដូណាល់ ត្រាំ មិន​ព្រម​សន្យា​ថា​នឹង​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ដោយ​ចោទ​ថា​មាន​ការ​បន្លំ

ការ​ជជែក​តទល់​សំដី​គ្នា​លើក​ទី៣ ​និង​ជា​លើក​ចុងក្រោយ ​រវាង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​ បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ។ ជាមួយ​នឹង​រឿង​អាស្រូវ​ថ្មីៗ​បន្ថែម​ទៀត ​ទាក់ទិន​ទៅ​នឹង​អាកប្បកិរិយា ​និង​សម្តី​អសុរស ​របស់​លោក​ដូណាស់ ត្រាំ ​បេក្ខជន​រូប​នេះ ​ហាក់​បាន​ចាញ់​ប្រៀប​លោក​ស្រី​គ្លីនតុន​ ក្នុង​ពេល​ជជែក​ដេញដោល​ទល់​សម្តី​គ្នា។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​បំផុត​នោះ ​ គឺ​នៅពេល​ដែល​លោក​ដូណាល់ ត្រាំ ​បាន​ប្រកាស​ថា ​ការ​បោះឆ្នោត​នេះ​ពោរពេញ​ទៅ​ដោយ​ការ​បន្លំ ​ហើយ​លោក​មិន​ព្រម​សន្យា​ថា​ នឹង​អាច​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះ​ទេ។

លោកស្រី គ្លីនតុន និងលោក​ ដូណាល់ ត្រាំ នៅពេល​បញ្ចប់​​វេទិកា​​ជជែក​ដេញដោល​លើកទី​៣ ថ្ងៃទី​១៩ តុលា​២០១៦
លោកស្រី គ្លីនតុន និងលោក​ ដូណាល់ ត្រាំ នៅពេល​បញ្ចប់​​វេទិកា​​ជជែក​ដេញដោល​លើកទី​៣ ថ្ងៃទី​១៩ តុលា​២០១៦ REUTERS/Mike Blake
ផ្សាយពាណិជ្ជកម្ម

នេះគឺ​ជា​លើក​ទីមួយ​ហើយ ​ ក្នុង​ប្រវត្តិ​បោះឆ្នោត​នៅ​អាមេរិក​ ប្រទេស​បិតា​ប្រជាធិបតេយ្យ ​ ដែល​បេក្ខជន​ប្រធានាធិបតី​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត។ សូមរំលឹក​ថា​ បើ​ទោះ​បី​ជា​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ មាន​លក្ខណៈ​ស្មុគស្មាញ​យ៉ាង​ណា​ក៏ដោយ​ តែ​កន្លង​មក​បេក្ខជន​ឈរ​ឈ្មោះ ​បោះឆ្នោត​ទាំងអស់ ​តែងតែ​ផ្តល់​សេចក្តី​ទុកចិត្ត ​ដល់​ការ​រៀបចំ ​និង​ការ​សម្រេច​លទ្ធផល​នៃ​ការ​បោះឆ្នោត។

 
តែ​ចំលែក​ ​ លោក​ដូណាល់ត្រាំ ​បាន​ឆ្លើយ​ថា ​ លោក​មិន​សន្យា​ទេ​ ថា​លោក​នឹង​ទទួល​យក​លទ្ធផល។ លោក​នឹង​រង​ចាំមើល​លទ្ធផល​ជាក់ស្តែង​នៅ​ពេល​នោះ។ ដូណាល់ ត្រាំ​បន្ថែម​ថា ​ការ​បោះឆ្នោត​លើក​នេះ ​ មាន​រឿង​មិន​ប្រក្រតី​ច្រើន​ណាស់ ​ហើយ​លោក​ជឿ​ថា​នឹង​មាន​ការ​បន្លំ​សន្លឹកឆ្នោត​ទៀត។ ចំណែក ​លោកស្រី​គ្លីនតុន​ បាន​ឆ្លើយ​បក​មក​វិញ​ថា ​ សម្តី​របស់​លោក​ដូណាល់ត្រាំ ​គឺ​ជា​ការ​ប្រមាថ​មើលងាយ ​យ៉ាង​ធ្ងន់​មក​លើ​ប្រព័ន្ធ​បោះឆ្នោត ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​គំរូ​ របស់​សហរដ្ឋ​អាមេរិក។

ផ្ទុយ​ទៅវិញ​ នៅ​មុន​ចាប់​ផ្តើម​វេទិកា​ជជែក​ដេញដោល ​ ប្រធាន​ដឹកនាំ​ការ​ឃោសនា​របស់​លោក​ដូណាល់​ត្រាំ ​ក៏​ដូច​ជា​កូនស្រី​ច្បង​របស់​បេក្ខជន​រូបនេះ ​ បាន​អះអាង​ថា​ ទោះ​លទ្ធផល​យ៉ាង​ណា​ក៏ដោយ​ ក៏​លោក​ដូណាល់ ត្រាំ ​ទទួល​យក​ដែរ។

នៅ​ក្នុង​វេទិកា​ជជែក​ទទល់​គ្នា ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ  ​ក្រៅ​ពី​បាន​ចោទ ជាច្រើន​លើក​ច្រើនសារ​ថា​ លោកស្រី​គ្លីនតុន​ជា​មនុស្ស​និយាយ​កុហក​ លោក​ដូណាល់ ត្រាំ ​បាន​ចោទ​ លោក​ស្រី​គ្លីនតុន​ទៀត ថា​ជា​អ្នក​បាន​ញុះញង់ ​ឲ្យមាន​មនុស្ស​ស្រី​ច្រើន​នាក់ ​មក​ប្រឌិត​រឿង​ចោទ​ប្រកាន់​លោក។ ចំណែក​លោកស្រី​គ្លីនតុន​វិញ​ បាន​ចោទ​លោក​ដូណាល់​ត្រាំ ​ថា​ធ្វើ​ខ្លួន​ជា​អាយ៉ង​របស់​ពូទីន។

សូម​បញ្ជាក់​ថា ​ជាមួយ​នឹង​រឿង​អាស្រូវ​ផ្ទួនៗ​ ទាក់ទិន​ទៅនឹង​អាកប្បកិរិយា​មិន​សមរម្យ ​សម្តី​បាត​ផ្សារ​ មើល​ងាយ​មនុស្ស​ស្រី ​បាន​ធ្វើ​ឲ្យ​បេក្ខភាព​លោក​ដូណាល់ ​ត្រាំ ​បាក់​ស្រុត​យ៉ាងខ្លាំង។ យ៉ាង​ណាមិញ​ អ្នក​វិភាគ​ជាច្រើន​យល់​ថា ​ការ​ជជែក​តទល់​គ្នា​លើក​ទី​បីនេះ​ គឺ​លោកស្រី​គ្លីនតុន​ បាន​សង្កត់ ​និង​មាន​អំណះអំណាង​ល្អ​ជាង​លោក​ដូណាល់ត្រាំ ​ចំណែក​លោក​ដូណាល់​ត្រាំ ​បាន​តែ​និយាយ​ការពារ​ខ្លួន ​ និង​ឌឺដង​ជា​លក្ខណៈ​បុគ្គល ​ដោយគ្មាន​ខ្លឹមសារ។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ ​ បើ​ទោះ​បី​ប្រជាជន​អាមេរិក​ទូទៅ ​មិន​សូវ​ជា​ពេញចិត្ត​លោក​ស្រី​ហ៊ីឡារី ​ គ្លីនតុន​ក៏ដោយ​ តែ​ពួក​គេ​សុខចិត្ត​ជ្រើស​យក​លោកស្រី ​ជា​ជាង​បោះឲ្យ​លោក​ដូណាល់ ត្រាំ។ លទ្ធផល​ស្ទាបស្ទង់​មតិ​បង្ហាញ​ថា​ ៤៦,៣% ​ដែល​មាន​បំណង​បោះឲ្យ​លោក​ស្រី​គ្លីនតុន ​ទល់​នឹង​៣៩% ​ខាង​លោក​ដូណាល់ត្រាំ។ យ៉ាង​ណាមិញ ​លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធិសភា​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​ការ៉ូលីន​ ខាង​ត្បូង ​បាន​សរសេរ​នៅ​លើ​ទំព័រ​Twetter​ ថា​ ​បើ​ដូណាល់ត្រាំ​ចាញ់​ឆ្នោត ​គឺ​មក​ពី​ដូណាល់ត្រាំ​ខ្លួន​ឯង​មិន​កើត ​មិនមែន​មក​ពី​មាន​ការ​បន្លំ​ក្នុង​ការ​បោះឆ្នោត​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ