អានតួអត្ថបទ
អាមេរិក

ពន្លឺនៃច្រកចេញទៅរក​ដំណោះស្រាយវិបត្តិថវិកាអាមេរិក

នៅសហរដ្ឋ​អាមេរិក កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ ក្នុង​ការ​ជជែកចរចា​ជាមួយ​ប្រធានាធិបតី​អាមេរិក អូបាម៉ា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​វិបត្តិថវិកា​ជាតិ គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើសំណើ​អោយ​មាន​ការ​​បង្កើន​​កម្រិត​បំណុល​សាធារណៈ​ ​សំរាប់​រយៈពេល​៦សប្តាហ៍​ ដើម្បី​អនុញ្ញាត​អោយ​រដ្ឋ​មានពេល​​វេលា​ខ្ចីលុយ​​​​​​បន្ថែមទៀត​។ លោក អូបាម៉ា បានយ​ល់ព្រម​សំណើនេះ ប៉ុន្តែ​​បាន​ទាមទារ​អោយ​សេវា​ការងាររដ្ឋ​នានា បាន​បើកដំណើរការ​ឡើងវិញ។

បាតុករ​ម្នាក់​បាន​បរិហារ​​បក្ស​សាធារណរដ្ឋ​ ថា​បាន​ធ្វើអោយ​កំណែទម្រង់​សុខភាព​​ត្រូវគាំងស្ទះ។ បញ្ហា​​នេះ ជា​មូលហេតុ​ធ្វើអោយ​អាមេរិក​ជាប់​កុន​ក្នុង​​វិបត្តិថវិកា។
បាតុករ​ម្នាក់​បាន​បរិហារ​​បក្ស​សាធារណរដ្ឋ​ ថា​បាន​ធ្វើអោយ​កំណែទម្រង់​សុខភាព​​ត្រូវគាំងស្ទះ។ បញ្ហា​​នេះ ជា​មូលហេតុ​ធ្វើអោយ​អាមេរិក​ជាប់​កុន​ក្នុង​​វិបត្តិថវិកា។ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ គណបក្ស​សាធារណរដ្ឋ​អាមេរិកដែល​ជា​បក្ស​ប្រឆាំង​​ ​ហាក់​បន្ទន់​ខ្លួនទៅរក​គណបក្ស​ប្រជាធិបតេយ្យ ​​​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​​វិបត្តិ​​ថវិកាជាតិ។ ក្នុង​ការ​ជជែក​ពិភាក្សា​រយៈ​ពេល​១ម៉ោងកន្លះ ជាមួយ​ប្រធានាធិបតី​អាមេរិក គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​​អោយ​មាន​​ការបង្កើន​កម្រិត​បំណុល​សាធារណៈ​ សំរាប់​ពេល​​៦សប្តាហ៍​​​ ដើម្បី​ផ្តល់ពេល​វេលា​បន្ថែម​​​​ ​​អោយរដ្ឋាភិបាល​បាន​ខ្ចីលុយ​ប្រើប្រាស់​ក្នុង​ស្រុក។

តាមធម្មតា រដ្ឋាភិបាល​អាមេរិក​ត្រូវ​រកដំណោះស្រាយ​វិបត្តិថវិកា​ អោយបាន​មុនថ្ងៃ​១៧តុលា មុនពេល​ដែល​សភា​អនុម័ត​ ការបង្កើន​កម្រិត​បំណុលសាធារណៈ​។ ពោលគឺ​​ជាពេលវេលា​ដែលអាមេរិក​ប្រឈម​នឹង​អសមត្ថភាព​ថវិកា​ទាំងស្រុង។ លោក ចន បូនែរ ប្រធាន​​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រកាស​ថា ​ជា​​លក្ខខណ្ឌ​ប្តូរ​នឹង​សំណើនេះ បក្ស​សាធារណរដ្ឋ​ចង់​អោយ​មានការពិភាក្សា​គ្នា​ពីថវិកា​ ពី​​កំណែទម្រង់​សង្គម ដូចជា​​បញ្ហាទាក់ទង​​ការចូលនិវត្តន៍របស់​ជនជាតិ​អាមេរិក​ជាដើម។​​

ប្រធានាធិបតី​អាមេរិក បាន​យល់ព្រម​​សំណើ​របស់​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ​ លោកអូបាម៉ា​ បាន​តំរូវ​អោយ​សេវា​ការងារ​រដ្ឋាភិបាល​ត្រូវ​បើកទ្វារ​ដំណើរការ​ឡើងវិញ។ សមាជិក​មួយចំនួន​នៃគណបក្ស​ Tea Party នៅតែ​បន្ត​​​បដិសេធ​មិនអោយ​មាន​ការសំរបសំរួល​លើ​ច្បាប់​សុខភាព Obamarcare ដែលនេះ ជាការ​រាំងស្ទះ​ដល់​ការ​​បោះឆ្នោត​ធ្វើច្បាប់ថវិកា។ ទោះយ៉ាងនេះ​ក្តី ​គេសង្ឃឹមថា គ្រប់​ភាគី​​​​នឹង​ចរចា​គ្នា​ ហើយ​អាច​នឹង​រកគន្លឹះ​​ដោះស្រាយ​បាន។

គួររំលឹកថា គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រឆាំង​ដទៃទៀត ដែល​រួមទៅ​មាន​សម្លេងភាគច្រើន​ក្នុង​សភា​អាមេរិក បាន​ជំទាស់​ធ្វើច្បាប់​ថវិកា​ដល់​រដ្ឋាភិបាល​លោក​អូបាម៉ា ធ្វើអោយ​នយោបាយ​ថវិកា​អាមេរិក​ជាប់​គាំង ប្រជាជន​រាប់សិបម៉ឺននាក់​ត្រូវ​ព្យួរ​ពីការងារ​ មិន​បាន​ទទួលប្រាក់ខែ។ 

គណបក្ស​សាធារណរដ្ឋ​ហាក់​ចង់ស្តារ​មុខមាត់​ខ្លួន​ឡើងវិញ នៅចំពោះមុខ​​​ប្រជាជន​អាមេរិក​ដែល​​​បានរិះគន់​​សមាជិកសភា ពិសេស​បក្ស​សាធារណរដ្ឋ​តែម្តង ថាជា​មូលហេតុ​ដែល​ធ្វើ​អោយ​​​​ថវិកា​​រដ្ឋ​ជាប់គាំង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ