អានតួអត្ថបទ
សហរដ្ឋអាមេរិក​

ជនសង្ស័យ​​ក្នុង​ភេរវកម្ម​​បូស្តុន​​ទាំង​ពីរ​នាក់​​បងប្អូន​​ដិតជាប់​​នឹង​​ដើមកំណើត​​Tchétchenie​​

Tamerlan និង​ Djokhar Tsarnaev ដែល​ជា​ជន​សង្ស័យ​ពីរ​រូប ​​ក្នុងអំពើ​​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​​នៅ​បូស្តុនសហរដ្ឋ​អាមេរិក​នោះ​ ជា​បងប្អូន​បង្កើន​នឹង​គ្នា​​ មាន​​ដើមកំណើតនៅ​ Tchétchenie​នៃ​សហព័ន្ធ​រុស្ស៊ី​​។​ យោង​តាម​​​​សមាជិក​មួយ​រូប​នៃ​គ្រួសារ​របស់​ពួក​គេ បងប្អូន​ទាំង​ពីរ​រូប​​នៅ​តែ​មាន​អារម្មណ៍​ស្រលាញ់​ដិតជាប់​នឹង​​ដើមកំណើត​ Tchétchenie​ របស់​ខ្លួន ហើយ​មិន​ដែល​​​​​​ចុះ​សម្រុង​នឹង​ការ​រស់​នៅ​ក្នុងសង្គម​អាមេរិក​នោះឡើយ។ Tamerlan Tsarnaev ដែល​ជា​បងប្រុស​​​ បាន​ស្លាប់​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​​​ម្សិល​មិញ​ បន្ទាប់​ពី​ត្រូវ​ក្រុម​ប៉ូលិស​​ចាប់​​ខ្លួន​បាន។ ហើយ​​​​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ក្រុម​ប៉ូលិស​បានបញ្ចប់​ប្រតិបត្តិការ​​របស់​ខ្លួន​ ដោយ​​​ចាប់​​​បាន​ខ្លួន​​​ Djokhar។

Tamerlan​ Tsarnaev (ស្តាំ) និង Djokhar Tsarnaev (ឆ្វេង)
Tamerlan​ Tsarnaev (ស្តាំ) និង Djokhar Tsarnaev (ឆ្វេង) Reuters/FBI
ផ្សាយពាណិជ្ជកម្ម

Tamerlan និង Djokhar Tsarnaev ​ជន​សង្ស័យ​ពីរ​រូប ​​ក្នុងអំពើ​​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​​នៅ​បូស្តុនសហរដ្ឋ​អាមេរិក​​​ គឺ​ជា​បងប្អូន​បង្កើត​​នឹង​គ្នា​​​​រស់​នៅ​ធំដឹងក្តី និងទទួល​បាន​ការ​​សិក្សា​ខ្ពង់​ខ្ពស់​រហូត​​​​ថ្នាក់​មហាវិទ្យាល័យ​​ នៅ​សហរដ្ឋ​អាមេរិក។ ពួកគេ​មាន​​ដើមកំណើតនៅ​ Tchétchenie​ ក្នុង​​សហព័ន្ធ​រុស្ស៊ី​​។​ Tamerlan មាន​អាយុ​ ២៦ ឆ្នាំ រី​ឯ​​Djokhar អាយុ​១៩​ឆ្នាំ។

ក្រុម​គ្រួសារ​​បងប្អូន​ត្រកូល​ Tsar-naev ​ប្រហែល​ជា​​បាន​ភៀសខ្លួន​ចេញ​ពី Tchétchenie ដែល​ជា​តំបន់​​​រង​​​​ខ្ទេចខ្ទាំ​ដោយ​​សង្គ្រាម​រវាង​រដ្ឋអំណាច​រុស្ស៊ី​និង​ក្រុម​ឧទ្ទាម​ កាល​ពី​ទស្សវត្សរ​ឆ្នាំ​ ១៩៩០។ ពួកគេ​បាន​មករស់​នៅ សហរដ្ឋ​អាមេរិក នៅ​ក្រុង​ Cambridge ជិត​ក្រុង​បូស្តុន​​​​​ កាល​ពី​​ឆ្នាំ​​២០០៣។ យោង​តាម​​​​ឳពុក​មា​របស់​​ពួក​គេ​ ជនសង្ស័យ​​ទាំង​ពីរនាក់​បងប្អូន​ ​ពុំ​ដែល​រស់​នៅ​ចុះ​សម្រុង​ក្នុង​សង្គម​អាមេរិក​នោះ​ឡើយ។ ពួកគេ​​នៅ​តែ​ស្រលាញ់​​ងុបងល់​នឹង​ដើមកំណើត​​​​ Tchétchenie របស់​ខ្លួន​។ ផ្ទុយ​ទៅវិញ Djokhar Tsarnaev បាន​ទទួល​សញ្ជាតិ​អាមេរិកាំង​ ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ។

ឆ្លើយ​តប​នឹង​សំនួរ​ដែល​ថា ហេតុ​អ្វី​បាន​ជា​​ពួក​គេ​​បង្ក​នូវ​អំពើ​ភេរវកម្ម​​​នៅ​បូស្តុន? Djokhar បាន​ឆ្លើយ​ថា គឺ​បណ្តាល​មក​ពី​ពួក​គេ​ស្អប់​ខ្ពើម​​​​បណ្តា​ជន​ទាំង​ឡាយ​ដែល​រស់​នៅ​​ចុះ​ជាមួយ​សង្គម​អាមេរិក។ ហើយ​ទង្វើ​របស់​ពួក​គេ​គ្មាន​បុព្វហេតុ​អ្វី​ទាក់ទង​នឹង​សាសនា​​អ៊ីស្លាម​នោះ​ទេ។ ចំលើយ​របស់​​ Djokhar មាន​លក្ខណៈ​ផ្ទុយ​ស្រលះ​​ពី​អ្វី​ដែល​​ឳពុក​​​ពួកគេ​​​ធ្លាប់​បាន​លើកឡើង។ ​​យោងតាម​ឳពុក​របស់​ជន​សង្ស័យទាំង​ពីរ​នេះ បងប្អូន​ពួកគេ​ទាំងពីរ​​គឺ​ជា​អ្នក​​ប្រតិបត្តិ​តាម​​​សាសនា​អ៊ីស្លាម​​​​​ឥតងាករេ​។ 

ជនសង្ស័យ​Tamerlan Tsarnaev កាល​នៅ​រស់ ជា​និស្សិត​ផ្នែក​វិស្វកម្មមួយរូប​​នៅ​​បូស្តុន។ ​Tamerlan ធ្លាប់​បាន​​ប្រាប់​ថា ពុំ​​ដែល​មាន​មិត្តភក្តិជា​ជនជាតិ​​​អាមេរិកាំង​​សូម្បី​តែ​ម្នាក់​សោះ​ឡើយ។ អាជ្ញាធរ​​​មិន​បាន​ផ្តល់​សញ្ជាតិ​អាមេរិកាំង​ដល់​​Tamerlan ឡើយ​ ដោយសារ​តែ​​​កាល​ពី​ឆ្នាំ​ ២០០៩ Tamerlan ធ្លាប់​ប្រើអំពើហិង្សា​ទៅលើ​មិត្តស្រី​របស់​ខ្លួន។ នៅ​ក្នុងគេហ​​ទំព័រ​ ​Youtube ដែល​គេ​គិតថា​ជាគេហទំព័រ​​របស់​​Tamerlan គេ​សង្កេត​ឃើញ​​មានរូបភាព​​វីដេអូ​ជាច្រើន​​​​ទាក់ទង​នឹង​​អ៊ីស្លាម​​ ត្រូវ​បាន​រក្សាទុក​​ជា​វីដេអូផ្នែក​ភេរវកម្ម ​ដែល​​ម្ចាស់​គេហទំព័រ​​​មាន​ការ​ពេញនិយម។

ខុសពី​បងប្រុស​ខ្លួន​​ Djokhar Tsarnaev ​ហាក់​​​រស់​នៅ​ចុះ​សម្រុង​ក្នុង​សង្គម​។ ជន​សង្ស័យរូបនេះ ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ទីក្រុង Cambridge ​​ កាល​ពី​ឆ្នាំ​២០០៥ ដោយ​​បាន​ទទួល​ប្រាក់​២៥០០​ដុល្លារ។ ​ Djokhar ពុំ​ដែល​បង្កអំពើ​ហិង្សា​អ្វី រឺ​បង្ហាញ​នូវ​លក្ខណៈ​អ្វី​ដែល​អាច​អោយ​គេ​គិត​ថា ខ្លួន​នឹង​បង្ក​អំពើ​ភេរវកម្ម​នៅ​បូស្តុន​នោះទេ។

អ្នកវិភាគ​នានា បាន​ប្រៀបធៀប​​​​បងប្អូនទាំងពីរ​​រូប​នេះ​​ ទៅ​នឹង​​​សកម្មជន​ជីហាដ​ជំនាន់​ថ្មី ដែល​​ជា​សកម្ម​ជន​​​បង្ក​អំពើ​ភេរវកម្ម​ នៅ​តំបន់​​ដែល​ខ្លួន​រស់​នៅ។​ ជម្លោះ​នៅ​ Tchétchenie ដែល​ជា​ទឹកដី​កំណើត​របស់​បងប្អូន​ត្រកូល​ Tsarnaev ត្រូវ​បាន​​ក្រុម​ភេរវកម្ម​អាល់កៃដា ប្រើ​ជា​ធ្នាក់​តាម​​រយៈ​វីដេអូ​​​ក្នុង​គេហទំព័រ​អ៊ីន​ថឺនេត​ ដើម្បី​ទាក់ទាញ​សកម្មជន​ថ្មីៗ អោយ​​ចូល​ប្រលូក​ក្នុង​​ការ​វាយប្រហារ​ភេរវកម្ម។

វីដេអូ​អ៊ីស្លាម​ដែល​ Tamerlan ចាប់​អារម្មណ៍​នោះ​ បានបង្ហាញ​ច្បាស់​ថា Tamerlan បាន​ចាប់​អារម្មណ៍ងុបងល់​​​ទៅលើ​​​ចលនា​អ៊ីស្លាម​។ ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​ពីរគ្រាប់​នៅ​បូស្តុន​​ កន្លង​មក​ អាច​ជា​អំពើ​​ភេរវកម្ម​ដែល​​កើត​មាន​តែ​ក្នុង​ប្រទេស​តែប៉ុណ្ណោះ គឺ​​ពុំ​​លក្ខណៈ​ជា​ភេរវកម្ម​អន្តរជាតិ​នោះ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ