អានតួអត្ថបទ
ស.រ.អា-នយោបាយ

នា​សមាជ​​នៅទីក្រុង​ Tampa ​លោកស្រី Rice​ បារម្ភ​ពីតួ​នាទី​របស់​ស.រ.អា.​នៅលើ​ពិភពលោក​

អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​លោកស្រី​ Condoleezza Rice ​នា​សមាជ​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​នៅទីក្រុង​ Tampa ​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​បាន​ថ្លែង​បង្ហាញ​ឲ្យឃើញ​នូវក្តី​បារម្ភ​របស់​លោកស្រី​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅលើ​ពិភពលោក​ដែល​ចេះតែ​ធ្លាក់ចុះ​ដុនដាបទៅៗ​ ​ ដែលជា​ “កត្តា​អាច​ធ្វើឲ្យ​ពិភពលោក​ជួបនឹង​គ្រោះថ្នាក់”។

អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​លោកស្រី​ Condoleezza Rice ​នា​សមាជ​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​នៅទីក្រុង​ Tampa ​
អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​លោកស្រី​ Condoleezza Rice ​នា​សមាជ​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​នៅទីក្រុង​ Tampa ​ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំ​ផ្តាច់ការ​នៅ​ប្រទេស​អ៊ីរ៉ង់​ ​ និង​នៅ​ប្រទេស​ស៊ីរី​គំរាម​ដល់​សន្តិសុខ​តំបន់។​ ចំណែក​ឯ​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​វិញ​ ជាអ្នក​ខាឃាំង​ដល់​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សន្តិសុខ​​ដែល​ពិភពលោក​កំពុង​ពើបជួប។​ នៅ​ពេល​ទន្ទឹមគ្នានេះ​ ​ គេនាំគ្នា​ចោទសួរថា​ ​ “តើ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​អ្វី?”​ ​ នេះ​ជា​សម្រែក​របស់​ អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​លោកស្រី​ Condoleezza Rice ​ ​ នាឱកាស​សមាជ​នៅទីក្រុង​ Tampa ​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ។

លោកស្រី​ Condoleezza Rice​ បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “អ្នកដឹងទេ?​នៅពេល​ដែល​មិត្ត​ឬ​បច្ចាមិត្ត​របស់​អ្នក​ពុំ​អាច​ឆ្លើយតប​នឹង​សំណួរ​នេះបាន​ ​ នោះ​ពិភពលោក​អាច​ក្លាយជា​ទីកន្លែង​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់។​ នៅ​សម័យ​សង្គ្រាម​លោក​លើកទីពីរ​ ​ ស.រ.អា.​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ ​ ស.រ.អា.​បាន​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ ​ ស.រ.អា.​បាន​ការពារ​សេដ្ឋកិច្ច​ទីផ្សារ”។

លោកស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​បាន​ថ្លែង​បន្ថែម​​ទៀតថា​ ​ “ស.រ.អា.​គ្មាន​ជម្រើស​អ្វី​ឡើយ​ ​ ដោយហេតុថា​ បើ​ស.រ.អា.​មិនក្លាយជា​ប្រទេស​ដឹកនាំ​គេទេ​ ​ នោះ​ពិភពលោក​អាច​ក្លាយជា​ទីកន្លែង​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​ ​ ដោយហេតុថា​ ប្រទេស​ដទៃ​ផ្សេងទៀត​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ ​ ក៏ប៉ុន្តែ​ប្រទេស​នោះ​គ្មាន​ឧត្តមគតិ​ថ្លៃថ្លា​ ​ ចេះ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ ​ និង​ការពារ​សេដ្ឋកិច្ច​ទីផ្សារ​ឡើយ”។

លោកស្រី​ Condoleezza Rice​ បាន​ថ្លែង​បរិហារ​ទៀតថា​ ​ “ពិភពលោក​ទាំងមូល​កំពុង​ងាកមក​មើល​សហរដ្ឋ​អាមេរិក​ ​ តើគេ​ឃើញ​អ្វី?​ ​ គេឃើញ​ស.រ.អា.​កំពុង​រស់​សប្បាយ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​ ​ ស.រ.អា.​កំពុង​ដើរខ្ចី​ប្រាក់​គេ​ ​ ស.រ.អា.​កំពុង​បំផ្លាញ​អនាគត​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​ជំនាន់​ក្រោយ”។

គួរ​បញ្ជាក់ថា​ ​ សម្រែក​​បរិហារ​របស់​ អតីត​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​លោកស្រី​ Condoleezza Rice ​មាន​យ៉ាង​បែបនេះ​ ​ ក៏​ពីព្រោះតែ​ការបោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​អាមេរិក​នៅខែ​វិច្ឆិកា​ឆ្នាំ២០១២​ខិត​កាន់តែ​ជិត​មកដល់​ ​ដូច្នេះហើយ​បាន​ជា​ឆ្លៀត​ឱកាស​សមាជ​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​ នៅទីក្រុង​ Tampa ​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​ ​ លោកស្រី​ Condoleezza Rice​ ឆ្លៀត​ទម្លាក់​កំហុស​ទៅលើ​លោក​ បារ៉ាក់​អូបាម៉ា​ ដែលជា​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​ ហើយ​ក៏​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ​ Mitt Romney ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ