អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំងឺ​រាតត្បាត​កូវីដ​១៩​ គឺ​ជា​អាវុធ​មុខ​ពីរ​សម្រាប់​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ដែល​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ ដើម្បី​ការពារ​ប្រជាជន​កុំ​ឲ្យ​ឈឺ​ និង​ការពារ​សេដ្ឋកិច្ច​កុំ​ឲ្យ​ដុនដាប​ ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ បាន​ក្លាយ​ទៅជា​រឿង​សំខាន់​បន្ទាប់​បន្សំ​។ ។ ក៏​ប៉ុន្តែ​ ទន្ទឹមគ្នា​នេះ​ ក្រុម​អ្នក​ជំនាញ​ ក៏​បាន​មើលឃើញ​ដែរ​ថា​ ទោះ​តិច​ឬ​ច្រើន​ កូវីដ​១៩​ អាច​ជួយ​ទប់ស្កាត់​ការ​ឡើង​កំដៅ​ផែនដី​ និង​ផ្តល់​នូវ​ឱកាស​មួយ​សម្រាប់​បង្កើត​ភពផែនដី​ ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​តិច​ជាង​មុន​។

បុរសម្នាក់ពាក់ម៉ាស់ និងកំពុងជិះកង់នៅឯសួនវិមាន Kensington ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២០។
បុរសម្នាក់ពាក់ម៉ាស់ និងកំពុងជិះកង់នៅឯសួនវិមាន Kensington ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២០។ REUTERS - Simon Dawson
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​បាន​ជា​ក្រុម​អ្នក​ជំនាញ​ថាកូវីដ១៩ គឺ​​ជា​អាវុធ​មុខ​ពីរ​សម្រាប់​អាសកាស​ធាតុ?

តាមពិត​ទៅ​នៅ​ក្នុង​គ្រប់​បញ្ហា​សុទ្ធ​តែ​មាន​ឱកាស​។ ដូច​នៅ​ក្នុង​ភាសាចិន​ចឹង​ ពាក្យ​ “វិបត្តិ​” ដែល​ភាសា​ចិន​ហៅថា​វៃ​ជី​ (weiji) ផ្សំឡើង​ដោយ​តួអក្សរ​ពីរ​ដែល​មួយ​មាន​ន័យថា​ "គ្រោះថ្នាក់​" និង​មួយ​ទៀត​គឺ​ "ឱកាស​"។

សម្រាប់​ជំងឺ​កូវីដ​១៩​ ក៏​មិន​ខុសគ្នា​ដែរ​។ ស្រប​ពេល​ដែល​កូវីដ​១៩​ បង្កឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​សុខាភិបាល​ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​ពិភពលោក​ កូវីដ១៩​ ក៏​ទំនង​ជា​អាច​ផ្តល់​ឱកាស​ ដល់​មនុស្ស​លោក​ក្នុង​ការ​ជួយ​ស្រោចស្រង់​អាកាសធាតុ​ដែរ​។

គ្រោះថ្នាក់​សម្រាប់​អាកាស​ធាតុ​កើត​ចេញ​មកពី​ជំងឺ​រាតត្បាត​កូវីដ១៩​

ជាការពិត​ បញ្ហា​បង្កើត​ចេញ​ជា​គ្រោះថ្នាក់​ និង​ឱកាស​។ ក៏ប៉ុន្តែ​ នាកាលៈទេសៈ​ដូចពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​ក្រុម​អ្នក​សេដ្ឋកិច្ច​ កូវីដ​១៩​ បង្កជា​គ្រោះថ្នាក់​ច្រើនជាង​ឱកាស​។

វិបត្តិ​កូវីដ​១៩​ ឥឡូវនេះ​គឺ​ជា​គ្រោះថ្នាក់​ដ៏ធំ​បំផុត​មួយ​នៅ​ចំពោះ​មុខ​ពិភពលោក​។ ដូច្នោះ​ហើយ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​ គឺជា​អាទិភាព​ដំបូង​គេ​បង្អស់​តែ​មួយគត់​ របស់​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភពលោក​យើងនេះ​ បើទោះ​បីជា​ពួកគេ​ ដោះស្រាយ​បញ្ហា​ប្រឈម​តាម​វិធីសាស្ត្រ​រៀងៗ​ខ្លួន​យ៉ាងណាក៏​ដោយ​។

នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​គេ​ទុកជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​បន្សំ​។ ជាក់ស្តែង​ សូម្បីតែ​ សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ (COP26) ដែល​គ្រោងធ្វើ​នៅ​ប្រទេស​ស្កុតឡែន​ នា​ខែ​វិច្ឆិកា​ ចុង​ឆ្នាំ​ ២០២០​នេះ​ ក៏​ត្រូវ​លើកពេល​ដែរ​ដោយសារ​តែ​វិបត្តិ​កូវីដ១៩​។

មួយវិញទៀត​ ថវិកា​ក៏ជា​បញ្ហា​ស្នូស​ធំ​មួយ​ដែរ​ ដែល​មេរោគ​កូរ៉ូណា​ថ្មី​ ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​កិច្ចការ​ការពារ​អាកាសធាតុ​ពិភពលោក​។ តាំងតែ​ពីមុន​មាន​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ម្ល៉េះ​ ប្រទេស​ជា​ច្រើន​មាន​ការ​ខ្វែង​គំនិត​គ្នា​រឿង​ចូល​រួម​វិភាគទាន​ថវិកា​ ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

កាន់តែ​គួរឲ្យ​ព្រួយ​បារម្ភ​ទៅទៀត​ នា​ខណៈនេះ​ ប្រទេស​ជា​ច្រើន​ជាពិសេស​បណ្តា​ប្រទេស​អភិវឌ្ឍ​ ដែល​ជា​អ្នក​ចូលរួម​វិភាគ​ទាន​ក្នុង​កញ្ចប់​ថវិកា​បៃតង​ដ៏​សំខាន់​ បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​រហូត​ដល់​រាប់​រយ​ពាន់​លាន​ដុល្លារ​ ដើម្បី​សង្គ្រោះ​ប្រជាជន​ក៏ដូចជា​សេដ្ឋកិច្ច​ ដែល​រង​គ្រោះពី​កូវីដ​១៩​។

ដោយឡែក​ សម្រាប់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អ្នក​មាន​ជាច្រើន​មាន​ជាអាទិ៍​ សហរដ្ឋ​អាមេរិក​ និង​ចិន​ជា​ដើម​ បញ្ហា​អាកាសធាតុ​ មិនមែន​ជា​ចំណុច​អាទិភាព​ក្នុង​របៀបវារៈ​របស់​ពួក​គេនោះ​ទេ​។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​វិនិយោគ​ នៅ​ក្នុង​ទី​ផ្សារ​។ ចំណែក​ នៅ​សហរដ្ឋ​អាមេរិក​វិញ​ លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្នុងការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន​រាប់រយ​លាន​ដុល្លារ​ ដល់​ឧស្សហកម្ម​ប្រេង​ និង​ឧស្ម័ន​។

កត្តា​ទាំងនេះ​ បាន​ធ្វើឲ្យ​គេ​មាន​ការ​បារម្ភ​ខ្លាច​ថា​ ថវិកា​ សម្រាប់​ប្រើ​ដើម្បី​ជួយ​ការពារ​អាកាសធាតុ​ពិភព​លោក​ នឹង​ត្រូវ​កាត់​បន្ថយ​ ឬក៏​ខ្វះខាត​កាន់​តែ​ច្រើន​ថែមទៀត​ជាក់ជាមិន​ខាន​។

ក្រុម​អ្នក​ជំនាញ​ថា​ និន្នាការ​ខាងលើ​នេះ​មាន​ឥទ្ធិពល​មិន​ល្អ​សោះ​ឡើយ​សម្រាប់​អាកាសធាតុ​។

ជាក់ស្តែង​ លោកស្រី​អេលី​ហ្សា​បែត​ វីលសុន​ នាយក​វិទ្យាស្ថាន​ថាមពល​និង​សង្គម​នៅ​មហាវិទ្យាល័យ​ Dartmouth បាន​និយាយ​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP ថា​ លុយ​ក្នុង​ចំនួន​ដ៏ច្រើន​សម្បើម​ ត្រូវ​បាន​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ យកទៅ​ទប់ស្កាត់​កូវីដ១៩​។

មិនតែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ប្រទេស​ខ្លះ​ទៀត​មិន​ទាំង​ឲ្យ​តម្លៃ​លើ​ការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បាន​បង្វែរ​លុយ​យ៉ាង​ច្រើន​ដើម្បី​តែ​វិនិយាគ​ក្នុង​វិស័យ​ឧស្សាកម្ម​នានា​។ ដូច្នោះ​ហើយលោកស្រី​អេលី​ហ្សា​បែត​ យល់​ថា​កញ្ចប់​ថវិកា​ សម្រាប់​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ប្រហែល​ជា​គ្មាន​គ្រប់គ្រាន់​នោះ​ទេ​។

ឱកាស​សម្រាប់​អាកាសធាតុ​ ដែល​កើត​ចេញ​ពី​មេរោគ​កូរ៉ូណា​ថ្មី​

ខណៈពេល​ដែល​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក ​កំពុង​ជាប់​ដៃ​រវល់​ក្នុង​ការ​ទប់​ស្កាត់​កូវី១៩ ដោយ​មិន​ខ្លាច​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ គេ​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យមាន​ការ​បន្ត​គិតគូរ​ចំពោះ​បញ្ហា​អាកាសធាតុ​។

ក្រុម​អ្នក​ជំនាញ​ ទទួល​ស្គាល់ថា​ការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩​ ពិតជា​សំខាន់​មែន​ហើយ​ តែ​មេ​ដឹកនាំ​នៃ​ប្រទេស​នីមួយៗ​ ក៏​គួរ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ​ ចំពោះ​បញ្ហា​អាកាសធាតុ​ ពីព្រោះ​ថា​ វា​គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយដែរ​ ​ និង​ជា​គ្រោះថ្នាក់​ដែល​មាន​រយៈពេល​វែង​។

ដោយឡែក​ ទោះជា​គេ​នៅ​មិនទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ឆាប់ៗ​របស់​មេ​ដឹកនាំ​ពិភពលោក​ទាក់ទង​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​យ៉ាងណា​ក្តី​ នាពេល​បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ គ្មាន​ការ​ឡើង​កំដៅ​ផែនដី​នោះ​ទេ​ ក្នុងពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ​១៩​។

គេ​បាន​កត់​សម្គាល់​ថា​ វិធានការ​បិទ​ប្រទេស​ បង្ខាំង​មនុស្ស​ឲ្យនៅតែ​ក្នុង​ផ្ទះ​ បាន​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ និង​ការ​បំភាយ​ឧស្ម័ន​កាបូនិក​។ នេះ​ គឺ​ជា​កត្តា​រួម​ចំណែក​មួយ​របស់​កូវីដ​១៩​ ក្នុងការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​ផែនដី​ ដែល​គេ​ចាត់​ទុក​ថា​ ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​មនុស្ស​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ