អានតួអត្ថបទ
បោះឆ្នោតបង់ក្លាដែស

បោះឆ្នោតបង់ក្លាដែស៖​លោកស្រីឆេកហាស៊ីណាពីវីរនារីប្រជាធិបតេយ្យទៅជាមេដឹកនាំផ្តាច់ការ

បង់ក្លាដែស​រៀបចំការបោះឆ្នោតសភា នៅ​ថ្ងៃ​អាទិត្យ​ទី ៧​មករា នេះ ជាមួយអត្រា​អ្នកទៅ​បោះឆ្នោត តិចជាងលើកមុនៗ ប្រមាណ​៤០%។ នៅក្នុង​ការបោះឆ្នោត ដែល​គណបក្ស​ប្រឆាំង​ដ៏ធំជាង​របស់​ប្រទេស ប្រកាសធ្វើ​ពហិការ មិនចូលរួម គណបក្ស​កាន់អំណាច​របស់​លោកស្រីនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា​ឈ្នះឆ្នោតសាជាថ្មី និង​ដឹកនាំបង់ក្លាដែស​៥ឆ្នាំតទៅទៀត។

បង់ក្លាដែសរៀបចំការបោះឆ្នោតសភា នៅថ្ងៃអាទិត្យទី ៧មករា នេះ ជាមួយអត្រាអ្នកទៅបោះឆ្នោត តិចជាងលើកមុនៗ។ នៅក្នុងការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏ធំជាងរបស់ប្រទេស ប្រកាសធ្វើពហិការ មិនចូលរួម
បង់ក្លាដែសរៀបចំការបោះឆ្នោតសភា នៅថ្ងៃអាទិត្យទី ៧មករា នេះ ជាមួយអត្រាអ្នកទៅបោះឆ្នោត តិចជាងលើកមុនៗ។ នៅក្នុងការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏ធំជាងរបស់ប្រទេស ប្រកាសធ្វើពហិការ មិនចូលរួម © Mohammad Ponir Hossain / REUTERS
ផ្សាយពាណិជ្ជកម្ម

បង់ក្លាដែស​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​លេខរៀង​ទី ៨​នៅក្នុង​ពិភពលោក​បាន​រៀបចំ​ការបោះឆ្នោត​សភា​នៅថ្ងៃ​អាទិត្យនេះ ប៉ុន្តែ មិនសូវ​មាន​អ្នកចូលរួម​ច្រើន ចំណែក​គណបក្ស​ប្រឆាំង គណបក្ស​ជាតិនិយម​បង់ក្លាដែស​ប្រកាស​ធ្វើ​ពហិការ មិនចូលរួម​ក្នុងការបោះឆ្នោត​លើកនេះ។

សម្រាប់​គណបក្ស​ជាតិនិយមបង់ក្លាដែស BNJ ដែលជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ នៅបង់ក្លាដែស ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​មិនអាច​កើតឡើងបានទេ ដរាបណា នៅមាន​លោកស្រី​ឆេក ហាស៊ីណា កាន់តំណែង​នាយករដ្ឋមន្រ្តី។

គណបក្សជាតិនិយម​បង់ក្លាដែស ដែល​ធ្លាប់​កាន់អំណាច នៅបង់ក្លាដែសកាលពី​២០០១ មុន​នឹង​ចាញ់​គណបក្ស​សម្ព័ន្ធ Awami របស់​លោកស្រី ឆេក ហាស៊ីណា នៅឆ្នាំ ២០០៨ បាន​ធ្វើ​បាតុកម្ម​តវ៉ាសឹងជារៀងរាល់ថ្ងៃ ដើម្បីទាមទារ​ឲ្យ​លោកស្រី​ឆេក ហាស៊ីណា​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​អព្យាក្រឹត្យ បណ្តោះអាសន្ន​ជាអ្នករៀបចំ​ការបោះឆ្នោត។ ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​បក្ស​ប្រឆាំង លោកស្រី ឆេក ហាស៊ីណាធ្លាប់អះអាងថា ការបោះឆ្នោត​ត្រូវ​ស្ថិតក្រោមការរៀបចំ​របស់​រដ្ឋាភិបាល​របស់លោកស្រី ទៅតាម​ការចែង​របស់​រដ្ឋធម្មនុញ្ញ។

ក្រៅតែពី​ពហិការ​ខ្លួនឯង គណបក្ស​ប្រឆាំង​នៅបានអំពាវនាវ​កុំ​ឲ្យប្រជាជន​បង់ក្លាដែស​ទៅចូលរួមនៅក្នុងការ​បោះឆ្នោតនៅថ្ងៃអាទិត្យ ព្រោះថា សម្រាប់បក្ស​ប្រឆាំងវា​ជា​ការបោះឆ្នោត​ដ៏អាម៉ាស់ ដែលរៀបចំ​ឡើង ជាមួយ​ការបំភិតបំភ័យ ការបង្ក្រាប ការបំបាត់សំឡេងអ្នកប្រឆាំង និងការចាប់ខ្លួន​អ្នកនយោបាយ​ដាក់ពន្ធនាគារ។

បើតាម​គណបក្ស​ប្រឆាំង គិតចាប់តាំង​បាតុកម្មនៅខែកក្កដា ឆ្នាំមុន​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី ឆេក ហាស៊ីណា​ចុះចេញពីតំណែង មន្រ្តី​ជាន់ខ្ពស់ និង​សមាជិក​របស់​បក្សប្រឆាំង ប្រមាណ ២ម៉ឺន៥ពាន់​នាក់ ត្រូវ​ចាប់ដាក់​ក្នុងពន្ធនាគារ នៅក្នុង​រលកបង្រ្កាបដ៏ហិង្សា​របស់​រដ្ឋាភិបាល​លោកស្រី ឆេក ហាស៊ីណា។ សូម្បី​នៅមួយថ្ងៃ​មុនការបោះឆ្នោត កាលពីថ្ងៃ​សៅរ៍ម្សិលមិញ សមាជិក​របស់​គណបក្ស​ប្រឆាំង ៧រូប​ត្រូវ​ប៉ូលិស​បង់ក្លាដែស​ចាប់ខ្លួន នៅក្នុងបទចោទប្រកាន់ រៀបចំផែនការ​ដុតបំផ្លាញទូររថភ្លើង កាលពីថ្ងៃ​សុក្រ នៅរដ្ឋធានី​ដាកា ដែលបាន​សម្លាប់​មនុស្ស​៤នាក់។ គណបក្ស​ប្រឆាំង​បាន​បដិសេធ​ការចោទប្រកាន់ និងថា នេះ​ជា​ល្បិច​នយោបាយ ស្វាយកបាយលាបមាត់ពពែ របស់​រដ្ឋាភិបាល​ដើម្បី​ទម្លាក់កំហុស​លើ​បក្ស​ប្រឆាំងថា ជាអ្នកអុកឡុក រំខាន​ការបោះឆ្នោត។

ប៉ុន្តែ នៅថ្ងៃ​អាទិត្យ គ្រាន់តែ​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ហិបឆ្នោត ភ្លាម លោកស្រីនាយករដ្ឋមន្រ្តី​ផុតអាណត្តិ​របស់​បង់ក្លាដែស បាន​និយាយ​សាជាថ្មី ចោទប្រកាន់ បក្ស​ប្រឆាំង គណបក្ស​ជាតិ​និយម​បង់ក្លាដែស ថា ជា​អង្គការភេរវនិយម។

លោកស្រី ឆេក ហាស៊ីណា​ធ្វើយ៉ាងម៉េចខ្លះ ដើម្បីអាច​កាន់តំណែង​នាយករដ្ឋមន្រ្តី​បង់ក្លាដែស ក្នុងរយៈពេល​ដ៏យូរ?

ដោយសារ​តែ​គ្មាន​ការចូលរួម​ពីបក្ស​ប្រឆាំងដ៏ធំជាងគេ​របស់​បង់ក្លាដែស លោកស្រី​ឆេក ហាស៊ីណា​នឹងទទួលជ័យជំនះ បន្ត​កាន់តំណែង​នាយករដ្ឋមន្រ្តី​មួយអាណត្តិបន្តទៀត។ នៅក្នុង​ប្រវត្តិផ្ទាល់ខ្លួន លោកស្រី​ឆេក ហាស៊ីណា កាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល​បង់ក្លាដែស ៥អាណត្តិ ដែលនៅក្នុងនោះ ៤អាណត្តិជាប់គ្នា​តែម្តង គិត​ចាប់តាំង​ពី​ឆ្នាំ ២០០៩មក។ គេ​អាច​និយាយ​បានថា នៅក្នុងវ័យ ៧៦ឆ្នាំ លោកស្រី ឆេក ហាស៊ីណា​ជា​ស្រ្តី​ដំបូងគេ ដែលអាច​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ដឹកនាំប្រទេស យូរជាងគេ នៅក្នុងលោក។

ជាកូនស្រី​របស់​លោក ឆេក មុជិបួ រ៉ាម៉ាន់ បិតា​ស្ថាបនិក​ប្រទេស​បង់ក្លាដែស ដែលផ្តាច់ខ្លួន​ទាមទារ​ឯករាជ្យ​ចេញពី​ប៉ាគីស្ថាន​នៅ​ឆ្នាំ ១៩៧១ លោកស្រី ឆេក ហាស៊ីណា​ធ្លាប់​ តស៊ូប្រឆាំង​នឹងអំណាច​ផ្តាច់ការយោធា​ដែលបានធ្វើឃាត​ឪពុករបស់លោកស្រី ដើម្បីដណ្តើមអំណាច​នៅ​ឆ្នាំ ១៩៧៥។ ធ្លាប់ត្រូវ​និរទេសខ្លួនទៅ​ឥណ្ឌា និង​ត្រូវ​ពួកយោធា​ចាប់ដាក់ពន្ធនាគារ នៅ​អំឡុង​ឆ្នាំ ២០០៧​ដោយសារ​រដ្ឋប្រហារ លោកស្រី ឆេក ហាស៊ីណា​បាន​វិលត្រលប់​មក​ដឹកនាំប្រទេស​តាមរយៈ​ការឈ្នះឆ្នោត​របស់​គណបក្ស​ឪពុក​របស់​លោកស្រី គណបក្ស​សម្ព័ន្ធ​Awami ដែលប្រជាជន​បង់ក្លាដែស​និយមគាំទ្រ។

ធ្លាប់​ជា​និមិត្តរូប​លទ្ធិប្រជាធិបតេយ្យ និង​ការជំរុញធ្វើទំនើបកម្ម លោកស្រី​ឆេក ហាស៊ីណា​បានក្លាយ​ពី​វីរនារី​ដើម្បី​ប្រជាធិបតេយ្យ ទៅ​ជាមេដឹកនាំស្រី​ដែលនិយមប្រើអំណាចផ្តាច់ការ។ នៅក្នុង​រយៈពេល​ដឹកនាំ​១៥ឆ្នាំ​មកនេះ លោកស្រី​បាន​ប្រើ​ប៉ូលិស កងទ័ព និង​ប្រព័ន្ធតុលាការ​ដែលលោកស្រី ប្រមូលមកកាន់ក្នុងដៃ ដើម្បីយាយីចាប់ខ្លួន អ្នកនយោបាយ​បក្ស​ប្រឆាំង។ ប្រធានបក្ស​ប្រឆាំង ដែល​ជា​គូប្រជែង​របស់​លោកស្រី ហាស៊ីណា គឺ​លោកស្រីខាលីដា ហ្ស៊ីយ៉ា​ដែលធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី បង់ក្លាដែស កាលពី​ឆ្នាំ ២០០១ ត្រូវ​លោកស្រី​ហាស៊ីណា ញាត់ចូលគុក ក្នុងបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ។ ចំណែក​សេរីភាព​បញ្ចេញមតិ​ដើម្បី​រិះគន់​រដ្ឋាភិបាល​របស់​លោកស្រី កាន់តែរួញតូចទៅៗ។

ធ្លាប់ជា​និមិត្តរូបនៃ​លទ្ធិប្រជាធិបតេយ្យ លោកស្រី​ហាស៊ីណា​បាន​ប្រែក្លាយខ្លួនជា​មេដឹកនាំផ្តាច់ការ ចាប់ដាក់គុកគ្មានប្រណី​អ្នកនយោបាយប្រឆាំង។ ប៉ុន្តែ ប្រជាជន​បោះឆ្នោត​ឲ្យគណបក្សកាន់អំណាច

លោកស្រី​ឆេក ហាស៊ីណា​អាច​កាន់តំណែង​នាយករដ្ឋមន្រ្តី​ជាច្រើនអាណត្តិជាប់គ្នា ម្យ៉ាង​ដោយសារ​ការបោះឆ្នោត​ដែលគ្មានការចូលរួម​របស់​បក្ស​ប្រឆាំង។ បើតាម​គណបក្ស​ប្រឆាំង លោកស្រី​អាច​ឈ្នះឆ្នោត ដោយសារ​តែ​មានការបន្លំសន្លឹកឆ្នោត ផង និង​ដោយសារ​​ការបង្រ្កាប​ចាប់​ដាក់​ពន្ធនាគារអ្នកនយោបាយប្រឆាំង និង​ឥស្សរជន​លេចធ្លោ ដូចជា​ជ័យលាភីណូបែល លោកយូនូស​ដែលទើបត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៦ខែ នៅ​តែប៉ុន្មានថ្ងៃ​មុន​ការបោះឆ្នោត។ ទោះ​បង្រ្កាប​អ្នកប្រឆាំង និងដឹកនាំប្រទេស​ដោយកណ្តាប់ដៃដែក ប៉ុន្តែ ស្នាដៃមួយ​របស់​លោកស្រី ឆេក ហាស៊ីណា​ដែលពលរដ្ឋ​បង់ក្លាដែស​ទទួលស្គាល់​ជាទូទៅ នៅត្រង់ថា នៅក្រោមការដឹកនាំ​១៥ឆ្នាំមកនេះ​របស់​លោកស្រី ហាស៊ីណា បង់ក្លាដែស​ស្គាល់កំណើនសេដ្ឋកិច្ច​យ៉ាងឆាប់រហ័សគួរ​ឲ្យកត់សំគាល់ តាមរយៈ​ការជំរុញ ការនាំចេញ​វិស័យឧស្សាហកម្ម​វាយនភណ្ឌ។ មានប្រជាជន ជាង​១៧០លាននាក់ បង់ក្លាដែស ដែល​ធ្លាប់​មាន​អត្រាប្រជាជន​ក្រីក្រ ៤១%​នៅ​ឆ្នាំ ២០០៦ បានធ្លាក់មកនៅ​ត្រឹម ជាង១៨%ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២។ ក្នុងរយៈពេល ១៦ឆ្នាំ ផលិតផលក្នុងស្រុក​សរុប​របស់​បង់ក្លាដែស​បានកើនឡើង​ពី​៦៥ពាន់លាន​អឺរ៉ូ ទៅ ដល់ ៤៦០​ពាន់លាន​ នៅ​ឆ្នាំ២០២២​ ដែលជា​ហេតុធ្វើ​ឲ្យ​ បង់ក្លាដែស ត្រូវចាត់​ចំណាត់ថ្នាក់ទី២​បន្ទាប់ពី​ឥណ្ឌា។

ប៉ុន្តែ វឌ្ឍនភាពសេដ្ឋកិច្ច​របស់​បង់ក្លាដែស កំពុង​រង្គោះរង្គើ​ដោយសារ​បញ្ហា​កូវីដ និង​សេដ្ឋកិច្ច​សកល ជាពិសេស​សង្រ្គាមអ៊ុយក្រែន​ដែលធ្វើ​ឲ្យ​តម្លៃប្រេងឡើងថ្លៃ ប៉ះពាល់​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ ដែល​ជា​ដង្ហើមសេដ្ឋកិច្ច​សំខាន់​របស់​បង់ក្លាដែស។ បញ្ហាសេដ្ឋកិច្ចដែលអាច​ឈាន​ទៅ​រង្គោះរង្គើ បង្កើ​ឲ្យ​មានបញ្ហា​អស្ថិរភាព​ក្នុងសង្គម ជាអ្វីដែលលោកស្រី​ហាស៊ីណា​ត្រូវ​ផ្តោតសំខាន់ ព្រោះវា​ជា​កត្តាកំណត់​ជោគវាសនា អនាគត​នយោបាយ​របស់​លោកស្រីនៅបង់ក្លាដែស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ