អានតួអត្ថបទ
បង់ក្លាដែស-បាតុកម្ម

បង់ក្លាដែស៖ ហេតុអ្វីបានជាផ្ទុះមានបាតុកម្មប្រឆាំងនាយករដ្ឋមន្រី្ត​នៅពេលនេះ?

នៅបង់ក្លាដែស ប៉ូលិស និងក្រុមបាតុករ​បានប៉ះទង្គិចគ្នា កាលពីថ្ងៃ​សៅរ៍ម្សិលមិញ បន្ទាប់ពី​ប៉ូលិស​បាញ់គ្រាប់កាំភ្លើងជ័រ និងផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល។ នៅ​រដ្ឋធានី ដាកា និងនៅតាមទីក្រុងធំៗចំនួន​ផ្សេងទៀត​របស់​បង់ក្លាដែស អ្នកគាំទ្រ​គណបក្ស​ប្រឆាំង គណបក្ស ជាតិនិយម​បង់ក្លាដែស BNP បាន​លើកគ្នា​ធ្វើបាតុកម្ម អហិង្សា ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី ហាស៊ីណា​ចុះចេញពីតំណែង។

នកគាំទ្រ​គណបក្ស​ប្រឆាំង គណបក្ស ជាតិនិយម​បង់ក្លាដែស BNP បាន​លើកគ្នា​ធ្វើបាតុកម្ម អហិង្សា ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី ហាស៊ីណា​ចុះចេញពីតំណែង
នកគាំទ្រ​គណបក្ស​ប្រឆាំង គណបក្ស ជាតិនិយម​បង់ក្លាដែស BNP បាន​លើកគ្នា​ធ្វើបាតុកម្ម អហិង្សា ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី ហាស៊ីណា​ចុះចេញពីតំណែង AP - Mahmud Hossain Opu
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋធានី​ដាកា ប៉ូលិស​បាញ់​ផ្សែងបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ​សំដៅបំបែកក្រុមបាតុករ គាំទ្រ​គណបក្ស​ប្រឆាំង ដែលបាន​គប់ដុំថ្មទៅ​លើកម្លាំងមានសមត្ថកិច្ច និង​បិទផ្លូវសំខាន់ៗ​របស់ទីក្រុង។ អ្នកនាំពាក្យ​របស់ប៉ូលិស អះអាងថា ប៉ូលិសមួយចំនួនរងរបួស ចំណែគ បាតុករយ៉ាងតិច ៦នាក់ ត្រូវ​បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារ​មុខរបួស។

នៅ​បង់ក្លាដែស បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​ឆេក ហាស៊ីណា​ចុះចេញពីអំណាច បានកើនឡើងចំនួន នៅខណៈ​ពេលដែល​ការបោះឆ្នោត​សភា កាន់តែខិតចូលមកដល់ នៅខែមករាឆ្នាំក្រោយ។ ជាទូទៅ បាតុករ​ដែលជាអ្នកគាំទ្រ​បក្ស​ប្រឆាំង គណបក្ស​ជាតិនិយម​បង់ក្លាដែស បាន​ស្រែកតវ៉ា​ទាមទារឲ្យ លោកស្រី ឆេក ហាស៊ីណា​ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្រ្តី និង​ប្រគល់អំណាច​ទៅឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្នមួយ ដើម្បី​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​សភា។

គណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្ស​ប្រឆាំងធំជាងគេ​នៅបង់ក្លាដែស យល់ឃើញថា ការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌​មិនអាច​ប្រព្រឹត្តទៅបានទេ​ដរាបណា លោកស្រី ហាស៊ីណា​នៅ​កាន់តំណែង​ជានាយករដ្ឋមន្រ្តី។

ឆ្លើយតបនឹង​ការទាមទារ​របស់​បក្ស​ប្រឆាំង លោកស្រី​នាយករដ្ឋមន្រ្តីឆេក ហាស៊ីណាអះអាថា ដំណើរការបោះឆ្នោត​ត្រូវ​ស្ថិតនៅក្រោមការរៀបចំ​របស់​រដ្ឋាភិបាល​របស់លោកស្រី ទៅតាមការចែង​របស់​រដ្ឋធម្មនុញ្ញ​បង់ក្លាដែស។ លោកស្រី ឆេក ហាស៊ីណា​ដែល​ដឹកនាំ​បង់ក្លាដែស បីអាណត្តិជាប់គ្នា ត្រូវ​គេ​វាយតម្លៃ​ថា អាច​ឈ្នះឆ្នោតសាជាថ្មី​ដើម្បី​ដឹកនាំ​ប្រទេស​មួយអាណត្តិ​បន្ថែមទៀត អាណត្តិទី៤។

នៅមុន​បាតុកម្ម​កាលពីថ្ងៃ​សៅរ៍ គណបក្សប្រឆាំង​បាន​ប្រមូលផ្តុំ​សកម្មជនគាំទ្ររបស់ខ្លួន​ជាង​៥០០​នាក់ នៅមុខ​ទីស្នាក់ការ​របស់គណបក្ស នៅមុនមាន​អន្តរាគមន៍ ចុះ​បង្រ្កាប​របស់​ប៉ូលិស។ ចំណែក​ថ្នាក់ដឹកនាំ​របស​បក្ស​ប្រឆាំង ២រូប​ត្រូវប៉ូលិស​ឃាត់ខ្លួន។

រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​សំដែងការព្រួយបារម្ភ​ពីបរិយាកាសនយោបាយ​នៅ​បង់ក្លាដែស។ នៅ​សប្តាហ៍នេះ ក្រសួងការបរទេស​បង់ក្លាដែស​កោះហៅឯកអគ្គរដ្ឋទូត​របស់ប្រទេស​ចំនួន​១៣​ដែលបានចេញ​សេចក្តីប្រកាស​រួម ថ្កោលទោស​អំពើហិង្សា​របស់​អ្នកគាំទ្រ​​គណបក្ស​កាន់អំណាា​ទៅលើ​បេក្ខជនឯករាជ្យម្នាក់ កាលពីថ្ងៃទី ១៧​ខែកក្កដា។

ចូលកាន់អំណាច​តាំង​ពីឆ្នាំ ២០០៩ គណបក្ស​សម្ព័ន្ធអាវ៉ាមី របស់លោកស្រី ឆេក ហាស៊ីណា រងការចោទប្រកាន់​ថា បានរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និង​ពង្រឹងអំណាចផ្តាច់ការ​នៅបង់ក្លាដែស។ ទោះរងការបង្រ្កាបហិង្សា ដូចជា​ការវាយនឹងដំបង គ្រាប់បែកផ្សែង ការចាប់ខ្លួន និងការសម្លាប់បំបិទមាត់ក្តី គណបក្ស​ប្រឆាំង​នៅតែ​បន្ត​រៀបចំ​បាតុកម្ម​ដើម្បី​បរិហារ​ភាពគ្មានទំនួលខុសត្រូវ​របស់​រដ្ឋាភិបាល​នៅចំពោះមុខ​វិបត្តិអតិផរណា ទំនិញ ស្បៀង ប្រេងឡើងថ្លៃ និង​វិបត្តិគ្មានការងារធ្វើ។ ប៉ុន្តែ ​លោកស្រី​នាយករដ្ឋមន្រ្តី​ហាស៊ីណាវិញអះអាងថា រដ្ឋាភិបាល​របស់លោកស្រី​បាន​សម្រេចស្នាដៃច្រើនណាស់​តាំងពីការសាងសង់ស្ពាន កំពង់ផែ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ​ដែលដើរតួនាទីសំខាន់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច បង់ក្លាដែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ