អានតួអត្ថបទ

បង់ក្លាដែស៖កៅអីនាយករដ្ឋមន្រ្តីរបស់លោកស្រីឆេក ហាស៊ីណាផ្តើមរង្គើ?

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស មាន​មនុស្ស​ជាង ១០០ ០០០នាក់​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោកស្រី​ឆេក ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង។ បាតុករ​ទាំង​ជាង ១០០ ០០០នាក់​ជា​សកម្មជន​របស់​គណបក្សប្រឆាំង​សំខាន់​ចំនួន​ពីរ​គឺ​គណបក្ស​ជាតិនិយម​បង់ក្លាដែស BNP និង​គណបក្ស​ហ្សាម៉ាត អ៊ី អ៊ីស្លាមី​ដែល​ជា​គណបក្ស​អ៊ីស្លាម​ធំ​ជាង​គេ​នៅ​បង់ក្លាដែស។ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​យ៉ាង​តិច ១០ ០០០នាក់។

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស មាន​មនុស្ស​ជាង ១០០ ០០០នាក់​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោកស្រី​ឆេក ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង ថ្ងៃទី២៨ តុលា។
នៅ​ក្នុង​ប្រទេស​បង់ក្លាដែស មាន​មនុស្ស​ជាង ១០០ ០០០នាក់​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោកស្រី​ឆេក ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង ថ្ងៃទី២៨ តុលា។ AP - Mahmud Hossain Opu
ផ្សាយពាណិជ្ជកម្ម

ការ​ជួបជុំ​រួម​គ្នា​រវាង​សកម្មជន​នៃ​គណបក្ស​ជាតិនិយម​បង់ក្លាដែស BNP និង​គណបក្ស​ហ្សាម៉ាត អ៊ី អ៊ីស្លាមី​ពេល​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំង​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២៣។ មួយ​វិញ​ទៀត ការ​បន្ត​ជួបជុំ​របស់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ៣ខែ​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែ​មករា ឆ្នាំ ២០២៤ ខាង​មុខ។ ក្រុម​បាតុករ​បាន​បន្ត​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោកស្រី​ឆេក ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង។ មាន​អាយុ ៧៦ឆ្នាំ និង​ជា​កូនស្រី​របស់​ប្រធានាធិបតី​ទី១ របស់​ប្រទេស លោកស្រី​ឆេក ហាស៊ីណា​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​តាំង​ពី ១៥ឆ្នាំ និង​បាន​ដឹកនាំ​ប្រទេស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​កត់សម្គាល់។

ស្នាដៃ​មួយ​នេះ​របស់​លោកស្រី​បាន​ទទួល​ស្គាល់​ដោយ​ពលរដ្ឋ​បង់ក្លាដែស​ទូទៅ។ តែ​រដ្ឋាភិបាល​របស់​លោកស្រី និង​រូប​លោកស្រី​ផ្ទាល់​បាន​ជាប់​ចោទ​ពី​បទ​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ គឺ​កំហុស​ឆ្គង​នេះ​ហើយ​ដែល​គណបក្ស​ជាតិនិយម​បង់ក្លាដែស BNP បាន​រៀបចំ​បាតុកម្ម​តាំង​ពី​ច្រើន​ខែ​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង និង​ទុក​ឲ្យ​រដ្ឋាភិបាល​អព្យាក្រឹត្យ​មួយ​ដើម្បី​រៀបចំ និង​ចាត់ចែង​ការ​បោះឆ្នោត​ខាង​មុខ។ កំណត់​សម្គាល់​មួយ​ទៀត ការ​បន្ត​រៀបចំ​បាតុកម្ម​របស់​គណបក្ស BNP បាន​ធ្វើ​ឡើង ខណៈ​ប្រធាន​បក្ស​លោកស្រី ខាលីដា ហ្សីយ៉ា​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​ពី​លោកស្រី​ត្រូវ​បាន​កាត់​ទោស​ក្នុង​បទ​ពុករលួយ។

មាន​អាយុ ៧៨ឆ្នាំ និង​កំពុង​មាន​ជំងឺ លោកស្រី ខាលីដា ហ្សីយ៉ា​ដែល​ធ្លាប់​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ចំនួន​ពីរ​អាណត្តិ​ជា​សត្រូវ​ចាស់​របស់​លោកស្រី​ឆេក ហាស៊ីណា។ សម្រាប់​ក្រុម​សកម្មជន​របស់​គណបក្ស BNP  លោកស្រី​ឆេក ហាស៊ីណា​ជា​ចោរ​លួច​សន្លឹក​ឆ្នោត និង​បាន​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ខាលីដា ហ្សីយ៉ា​ជា​បន្ទាន់។ ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​រវាង​បាតុករ និង​ប៉ូលិស​ដោយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​គ្រាប់កំាភ្លើងជ័រ​បំបែក​ហ្វូង​បាតុករ។ តាម​អ្នក​នាំ​ពាក្យ​គណបក្ស BNP មាន​មនុស្ស​ជាង​កន្លះ​លាននាក់​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម និង​មាន​សកម្មជន​យ៉ាង​តិច ២ ៩០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ