អានតួអត្ថបទ
បង់ក្លាដែស-បោះឆ្នោត

បង់ក្លាដែស៖ គណបក្សប្រឆាំង BNP ធ្វើពហិការមិនចូលរួមការបោះឆ្នោត នៅឆ្នាំ២០២៤ខាងមុខនេះ

កាលពីថ្ងៃព្រហស្បតិ៍ទី៣០ វិច្ឆិកា គណបក្សជាតិនិយមបង់ក្លាដេស BNP ដែលជាបក្សប្រឆាំងធំជាងគេ​នៅក្នុងប្រទេសនេះ បានប្រកាសថានឹងមិនចូលរួមការបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧មករាឆ្នាំ២០២៤ ទេ។ គួរបញ្ជាក់ថា បក្សប្រឆាំងនេះទំនងជាគូរប្រជែងតែមួយគត់នឹងបក្សកាន់អំណាចរបស់លោកស្រី​ Sheikh Hashina ដែល​ដឹកនាំ​បង់ក្លាដែសបីអាណត្តិជាប់គ្នា ហើយដែលត្រូវ​គេ​វាយតម្លៃ​ថា អាចនឹង​ឈ្នះឆ្នោតសាជាថ្មី​ដើម្បី​ដឹកនាំ​ប្រទេស​មួយអាណត្តិ​បន្ថែមទៀត ពោលគឺនៅអាណត្តិទី៤។

បង់ក្លាដែស៖ គណបក្សប្រឆាំង BNP  ធ្វើពហិការមិនចូលរួមការបោះឆ្នោត នៅឆ្នាំ២០២៤ខាងមុខនេះ
បង់ក្លាដែស៖ គណបក្សប្រឆាំង BNP ធ្វើពហិការមិនចូលរួមការបោះឆ្នោត នៅឆ្នាំ២០២៤ខាងមុខនេះ AP - Mahmud Hossain Opu
ផ្សាយពាណិជ្ជកម្ម

គណបក្ស BNP បានចោទអាជ្ញាធរបង់ក្លាដែស ថាបានចាប់ខ្លួនសមាជិកបក្សរបស់ខ្លួនរាប់ពាន់នាក់ នៅក្នុងក្របខណ្ឌបង្រ្កាបទ្រង់ទ្រាយធំ។ គណបក្សនេះ ក៏មិនដាក់ឯកសារស្នើបេក្ខភាព សម្រាប់ការបោះឆ្នោតខាងមុខនេះដែរ។  លោក Wahiduzzaman អ្នកនាំពាក្យគណបក្ស BNP បានប្រាប់សារព័ត៌មាន AFP ថានៅតែរក្សាជំហររបស់ខ្លួនមិនចូលរួមការបោះឆ្នោតជាមួយ នឹងលោកស្រី Sheikh Hashina​។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី២៧វិច្ឆិកា ថាសកម្មជនបក្សប្រឆាំងប្រមាណ ១ម៉ឺននាក់ ត្រូវបានគេចាប់ខ្លួន ហើយយ៉ាងហោចណាស់មនុស្ស១៦នាក់ ក្នុងនោះមានប៉ូលីសពីររូប បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីខែតុលាឆ្នាំនេះមក។ យោងតាមអង្គការដដែលនេះ ការចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំងជាច្រើនរូប គឺដើម្បីកម្ទេចគណបក្សប្រឆាំង ព្រមទាំងជម្រុះគូរប្រជែងរបស់គណបក្សកាន់អំណាច។ ប៉ុន្តេ បើតាមតួលេខរបស់គណបក្សប្រឆាំងវិញ ការចាប់ខ្លួនមេដឹកនាំនិងសកម្មជនគណបក្សរបស់ខ្លួន គឺមានចំនួនរហូតដល់ ១ ៨០៩០ នាក់។

លោក Shariful Alam អ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងថាបញ្ជីឈ្នោះគណបក្សដែលបានដាក់បេក្ខភាពរបស់ខ្លួន នឹងត្រូវបង្ហាញជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ទី០៧ ខែធ្នូ ខាងមុននេះ។

គណបក្ស BNP និងគណបក្សផ្សេងទៀត បានធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​ Sheikh Hashina​ ​ចុះចេញពីតំណែង និង​ប្រគល់អំណាច​ទៅឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្នមួយ ដើម្បី​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​សភា។

គួររំលឹកថា គណបក្សប្រឆាំងផ្សេងទៀត រួមមានគណបក្ស Jamaat-e-Islami ដែលជាគណបក្សអ៊ីស្លាមនិយមធំជាងគេនៅបង់ក្លាដែស និងគណបក្ស Islami Andolon Bangladesh ក៏ធ្វើពហិការមិនចូលរួមបោះឆ្នោតសភានៅខែមករាឆ្នាំក្រោយនេះដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ